សារព័ត៌មាន The Edge Malaysia បានរាយការណ៍នៅថ្ងៃទី១៨ ខែតុលា ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៦ ខែតុលា បានចេញបទបញ្ជាប្រតិបត្តិមួយដោយប្រកាសលើកលែងការអនុវត្តទណ្ឌកម្ម ការរឹតត្បិត និងពន្ធគយលើការនាំចេញថាមពលរបស់រុស្ស៊ី។ លោក បានបញ្ជូនលិខិតផ្លូវការទៅកាន់សភាអាម៉េរិកដោយបញ្ជាក់ថា ការសម្រេចចិត្តលើកលែងនេះ គឺដើម្បីផលប្រយោជន៍ជាតិរបស់សហរដ្ឋអាម៉េរិក ស្របពេលលោកកំពុងខិតខំទម្លាក់ថ្លៃប្រេងម៉ាស៊ូត ដែលកំពុងហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន ខណៈថ្ងៃបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា កាន់តែខិតជិតចូលមកដល់។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺត្រឹមតែ១ថ្ងៃបន្ទាប់ពីការប្រកាសផ្អាកទណ្ឌកម្មនោះ លោក ដូណាល់ ត្រាំ បានប្រកាសជាថ្មីថា លោកនៅមិនទាន់មានការសម្រេចចិត្តជាចុងក្រោយលើរឿងនេះនៅឡើយទេ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានពន្យល់ថា មន្ត្រីជាន់ខ្ពស់អាម៉េរិកត្រូវការពេលវេលាបន្ថែមទៀត ដើម្បីវាយតម្លៃលើការសម្រេចនេះ។
លោក រូប៊ីអូ បានថ្លែងប្រាប់អ្នកសារព័ត៌មានមុនឡើងយន្តហោះទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ូសបេគីស្ថានថា លោក ត្រាំ ចង់ប្រើពេល៦០ថ្ងៃ ដើម្បីវិភាគឱ្យបានស៊ីជម្រៅថា តើការដាក់ និងការដកទណ្ឌកម្ម ក៏ដូចជាពន្ធគយទាំងនេះ នឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកយ៉ាងដូចម្ដេចខ្លះ? លោកបានគូសបញ្ជាក់ថា អ្វីដែលធ្វើឱ្យបញ្ហានេះកាន់តែមានភាពស្មុគស្មាញខ្លាំងនោះ គឺដោយសារតែច្បាប់អាម៉េរិកមិនត្រឹមតែតម្រូវឱ្យដាក់ទណ្ឌកម្មលើរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្រូវឱ្យដាក់ពន្ធគយលើទំនិញមកពីបណ្តាប្រទេសទាំងឡាយណា ដែលនាំចូលថាមពលពីរុស្ស៊ីទៀតផង៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស