លោក វ៉ាង យ៉ាគី (Wang Yaqi) អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅមជ្ឈមណ្ឌលអាកាសធាតុជាតិចិនបានព្រមានថា បាតុភូតអែលនីណូនៅឆ្នាំនេះនឹងមិនត្រឹមតែបង្កផលប៉ះពាល់ដល់អាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវានឹងជំរុញឱ្យតម្រូវការ និងតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក ដែលកំពុងរងឥទ្ធិពលពីសង្គ្រាមនៅមជ្ឈិបូព៌ាស្រាប់ហើយនោះ ហក់ឡើងកាន់តែខ្ពស់បន្ថែមទៀត។
បើតាមការព្យាករណ៍របស់អ្នកវិទ្យាសាស្ត្រចិនរូបនេះ បាតុភូតអែលនីណូដ៏ខ្លាំងក្លានៅឆ្នាំនេះនឹងបង្កជាគ្រោះរាំងស្ងួត ឬទឹកជំនន់ធំៗ ដែលកត្តាទាំងពីរនេះនឹងបង្ខំឱ្យស្ថានីយវារីអគ្គិសនីជាច្រើនត្រូវកាត់បន្ថយទិន្នផលថាមពល ឬឈានដល់ការបិទទ្វារទាំងស្រុង។ នៅពេលវារីអគ្គិសនីមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ ពិភពលោកនឹងត្រូវបង្ខំចិត្តងាកទៅប្រើប្រាស់ប្រភពថាមពលជំនួស រួមមានប្រេង និងឧស្ម័ន ដែលនាំឱ្យតម្រូវការហក់ឡើងខ្ពស់ភ្លាមៗ។
អ្នកជំនាញរូបនេះជឿជាក់ថា តំបន់ដែលពឹងផ្អែកខ្លាំងលើវារីអគ្គិសនីដូចជាអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងផ្នែកខ្លះនៃទ្វីបអាហ្វ្រិក នឹងក្លាយជាអ្នករងគ្រោះមុនគេ។ ដើម្បីបំពេញតម្រូវការអគ្គិសនី ប្រទេសទាំងនោះត្រូវបង្កើនការនាំចូលប្រេង ដែលមិនត្រឹមតែធ្វើឱ្យតម្លៃហក់ឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការបំភាយឧស្ម័នកាបូន និងថ្លៃដើមផលិតកម្ម បង្កើតបានជារង្វិលជុំដ៏គ្រោះថ្នាក់ដល់សេដ្ឋកិច្ច និងបរិស្ថាន។
រដ្ឋបាលឧតុនិយមចិនបានបញ្ជាក់កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថា បាតុភូតអែលនីណូកម្រិតមធ្យមទៅធ្ងន់ធ្ងរ នឹងលេចឡើងទូទាំងពិភពលោកចាប់ពីខែក្រោយនេះតទៅ ហើយអាចអូសបន្លាយរហូតដល់ដាច់ឆ្នាំ២០២៦។ នេះគឺជាដំណឹងដ៏អាក្រក់សម្រាប់សេដ្ឋកិច្ចសកល ដែលកំពុងតែដោះស្រាយបញ្ហាឡើងថ្លៃប្រេងឥន្ធនៈ ដោយសារជម្លោះនៅមជ្ឈិមបូព៌ា៕
ដោយៈ សរ សុជាតិ