លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេន បានគូសបញ្ជាក់ថា ដំណាំទុរេននៅតាមតំបន់មួយចំនួនបានប្រមូលផលជាបណ្តើរៗហើយ នៅដើមរដូវប្រមូលផលនេះជាមួយតម្លៃលក់ចេញខ្ពស់ក្នុងរង្វង់ប្រមាណជាង៣ម៉ឺនរៀលក្នុង១គីឡូក្រាម តែតម្លៃអាចនឹងធ្លាក់ចុះទាបជាងនេះនៅពេលដល់រដូវប្រមូលផលពេញលេញ។ ទោះជាយ៉ាងណា អ្នកដាំទុរេនរូបនេះហាក់បារម្ភពីការធ្លាក់ចុះបរិមាណទិញនៅឆ្នាំនេះ ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចអាចធ្វើឱ្យពលរដ្ឋមានការក្បិតក្បៀតការចំណាយ។ លើសពីនេះ លោកបារម្ភ ការហូរចូលទុរេនមានតម្លៃថោកៗពីប្រទេសជិតខាងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ទុរេនក្នុងស្រុក ដែលកំពុងជួបបញ្ហាការកើនឡើងថ្លៃដើមផលិត។ តែយ៉ាងណា លោក ហាក់ខ្ពស់លើទីផ្សារចិន ក្នុងការជួយស្រូបទាញផ្លែទុរេនរបស់កម្ពុជា។
ជាមួយគ្នានេះ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន សង្កេតឃើញថា តម្រូវការបញ្ជាទិញទុរេននៅក្នុងស្រុកនាដើមរដូវប្រមូលផលឆ្នាំនេះ ហាក់ពុំមានសកម្មភាពផុសផុលខ្លាំងដូចឆ្នាំមុនៗនោះទេ។ បើតាមអ្នកជំនាញរូបនេះ ទោះបីផ្ទៃដីដាំដុះទុរេននៅឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុនក៏ពិតមែន ប៉ុន្តែលោកពុំទាន់អាចវាយតម្លៃបាននោះទេថា ទិន្នផលទុរេននៅឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុននោះទេ ដោយបញ្ហាអាកាសធាតុក្តៅខ្លាំងកំពុងគំរាមកំហែងដល់ដំណាំទុរេន។ តាមរយៈបញ្ហានេះ វាក៏អាចរុញច្រានឱ្យកសិករប្រឈមមុខនឹងការខាតបង់ផងដែរ ស្របពេលដែលការចំណាយលើការថែទាំនៅឆ្នាំនេះខ្ពស់ជាឆ្នាំមុន។
បើតាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញ មកទល់ពេលនេះការប្រមូលផលទុរេននៅកម្ពុជា សម្រេចបានក្នុងរង្វង់ប្រមាណ៥% ទៅ១០%ប៉ុណ្ណោះនៅតាមតំបន់មួយចំនួនដូចជាខេត្ត កុះកុង កំពត និងព្រះវិហារជាដើម ខណៈរដូវប្រមូលផលពេញលេញនឹងចូលមកដល់នៅក្នុងអំឡុងខែឧសភា មិថុនា និងកក្កដា ខាងមុខនេះ៕