លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមកត់សម្គាល់ឃើញថា ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរនៅមួយរយៈពេលចុងក្រោយហាក់មានភាពថមថយ ដោយសារមនសិការស្នេហាជាតិរបស់ពលរដ្ឋមួយចំនួនបានធ្លាក់ចុះ គួបផ្សំអ្នកមានធនធានមួយចំនួននៅតែបន្តនាំចូលទំនិញពីថៃ និងក្លែងបន្លំម៉ាកដោយមានការគប់គិតគ្នាជាដើម។ អ្នកជំនាញរូបនេះយល់ឃើញថា ស្ថិតក្នុងស្ថានភាពនេះពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់ត្រូវសាមគ្គី និងរួបរួមគ្នាធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់យោធាថៃ ដែលកំពុងឈ្លានពានទឹកដីកម្ពុជា។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានសម្តែងខកចិត្ត និងចម្ងល់យ៉ាងខ្លាំងចំពោះការបន្តហូរចូលនៃទំនិញថៃមកកាន់ទីផ្សារកម្ពុជា។ អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា ការបន្តទិញ ឬប្រើប្រាស់ទំនិញថៃ គឺស្មើនឹងការប្រមាថមើលងាយដល់អាយុជីវិតកងទ័ព ដែលកំពុងពលីនៅសមរភូមិ ប្រមាថពលរដ្ឋរងគ្រោះ និងជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធដូនតាខ្មែរ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ទទូចឱ្យក្រុមឈ្មួញ អាជីវករ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យភ្ញាក់រលឹក និងបន្តធ្វើពហិការទំនិញថៃដោយស្មោះស្ម័គ្រ ហើយងាកមកជំរុញការផលិត ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកស្ទួយឧស្សាហកម្មធុនតូច និងមធ្យមឱ្យក្លាយជាសសរទ្រូងសេដ្ឋកិច្ចដ៏រឹងមាំ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយថៃ សម្រេចបានទំហំជាង១,៦១៤លានដុល្លារថយចុះជាង៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំជាង៤២០លានដុល្លារ ខណៈថៃនាំចូលមកម្ពុជាវិញមានទំហំជាង១,១៩៤លានដុល្លារ។ នេះបើយោងតាមទិន្ន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕