យោងតាមរបាយការណ៍ពីផ្សារមូលបត្រកម្ពុជា សន្ទស្សន៍ទីផ្សារនៅក្នុងខែសីហា កន្លងទៅនេះ បានស្ទុះហក់ឡើងដល់កម្រិតកំពូលមួយ ដែលមិនធ្លាប់មានទាល់តែសោះក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ ការបំបែកកំណត់ត្រានេះ ត្រូវបានស្តែងឡើងតាមរយៈទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ ដែលបានកើនឡើងរហូតដល់ជិត៨០ម៉ឺនដុល្លារអាម៉េរិក គឺហក់ឡើងជិត៣០០% បើធៀបនឹងមធ្យមភាគ៧ខែដំបូងក្នុងឆ្នាំ២០២៦ នេះ។
លោកស្រី ម៉ា អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានគូសបញ្ជាក់ថា សកម្មភាពជួញដូរភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា នៅក្នុងខែសីហា ក៏បានបំបែកកំណត់ត្រាយ៉ាងគំហុកផងដែរ។ ជាក់ស្តែងទំហំជួញដូរជាមធ្យមប្រចាំថ្ងៃរបស់ភាគហ៊ុន អេស៊ីលីដា បានហក់ឡើងដល់ប្រមាណជិត៦០ម៉ឺនដុល្លារអាម៉េរិក ដែលគ្របដណ្តប់រហូតដល់៧៥% នៃទំហំជួញដូរសរុបលើទីផ្សារទាំងមូល និងមានអត្រាកំណើនប្រមាណ៣៨១% បើធៀបនឹងទំហំជួយដូរជាមធ្យមប្រចាំថៃក្នុងរយៈពេល៧ខែឆ្នាំនេះ។ លោកស្រី បានបន្តថា កាតាលីករចម្បង ដែលជំរុញឱ្យមានកំណើនយ៉ាងរហ័សនេះ គឺកើតចេញពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំរបស់ធនាគារ អត្រាភាគលាភ និងតម្លៃភាគហ៊ុនមានភាពទាក់ទាញខ្ពស់ ក៏ដូចជាកំណើនទំនុកចិត្តយ៉ាងរឹងមាំពីសំណាក់វិនិយោគិន។
បន្ថែមលើនេះផ្សារមូលបត្រកម្ពុជាបានវាយតម្លៃថា សន្ទុះប្រកបដោយវិជ្ជមាននេះត្រូវបានជំរុញដោយកត្តាយុទ្ធសាស្ត្រសំខាន់ៗចំនួន៤រួមមានតម្លៃភាគហ៊ុនមានភាពទាក់ទាញ, អត្រាទិន្នផលភាគលាភខ្ពស់, ការចូលរួមយ៉ាងសកម្មពីវិនិយោគិនស្ថាប័ន និងការយល់ដឹងទូលំទូលាយរបស់សាធារណជន។
សញ្ញាណដ៏វិជ្ជមានមួយទៀតនោះ គឺចំនួនវិនិយោគិនសកម្មក្នុងខែសីហា បានបំបែកកំណត់ត្រាថ្មីរហូតដល់ប្រមាណ៧,៩០០នាក់ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រផ្សារមូលបត្រកម្ពុជា។ តួលេខនេះមិនត្រឹមតែស្តែងឱ្យឃើញពីការហូរចូលនៃវិនិយោគិនថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃការវិលត្រឡប់មកវិញយ៉ាងសកម្មរបស់វិនិយោគិនចាស់ៗ ដើម្បីទាញយកផលចំណេញពីទីផ្សារ។
កំណើនប្រកបដោយចីរភាពនេះបានក្លាយជាកត្តាជំរុញដ៏សំខាន់ឱ្យផ្សារមូលបត្រកម្ពុជា បន្តប្តេជ្ញាចិត្តពង្រីកវិសាលភាពសេវាកម្ម អភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗ និងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាវិនិយោគ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិនឱ្យកាន់តែសម្បូរបែប និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ