លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា បានគូសបញ្ជាក់ថា ការអនុញ្ញាតឱ្យក្រុមហ៊ុន បេសឡាយហ្វ៍ ប្រូដាក (Best Life Product) អាចនាំចេញសម្បុកទឹកមាត់ត្រចៀកកាំទៅកាន់ទីផ្សារចិនបាន គឺជាកាតាលីករយ៉ាងសំខាន់ក្នុងការបើកផ្លូវឱ្យផលិតផលខ្មែរមួយនេះវាយលុកទីផ្សារអន្តរជាតិ កាន់តែទូលំទូលាយ។ បើតាមអ្នកជំនាញរូបនេះ ក្រៅពីក្រុមហ៊ុនដំបូងគេមួយនេះ បច្ចុប្បន្ន ក៏មានក្រុមហ៊ុនក្នុងស្រុកជាច្រើនទៀត កំពុងស្ថិតក្នុងដំណាក់កាលចរចា និងឆ្លងកាត់នីតិវិធីត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីគយចិន ក្រោមក្ដីរំពឹងថា នឹងទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់នាពេលខាងមុខ។
ជាមួយគ្នានេះ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានចាត់ទុកការបើកផ្លូវឱ្យក្រុមហ៊ុនខាងលើអាចនាំចេញសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិនខាងលើ ជាជំហានដ៏វិជ្ជមានមួយសម្រាប់វិស័យត្រចៀកកាំនៅកម្ពុជា។ លោកជឿជាក់យ៉ាងមុតមាំថា គយចិននឹងបន្តផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនកម្ពុជា ជាច្រើនទៀត ប្រសិនបើបណ្តាក្រុមហ៊ុនទាំងនោះអនុវត្តបានត្រឹមត្រូវតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យដែលបានកំណត់។ លោករំពឹងថា សញ្ញាវិជ្ជមាននេះនឹងជួយលើកកម្ពស់តម្លៃសម្បុកទឹកមាត់ត្រចៀកកាំកម្ពុជា ឱ្យមានស្ថិរភាព និងទទួលបានតម្លៃខ្ពស់ជាងមុន ហើយអ្វីដែលសំខាន់ គឺកម្ពុជា អាចបង្កើតឯករាជ្យភាពលើការនាំចេញដោយមិនបាច់ពឹងដង្ហើមប្រទេសជិតខាងដូចមុន។ ទោះជាយ៉ាងណា លោក បានអំពាវនាវដល់ម្ចាស់ផ្ទះត្រចៀកកាំទាំងអស់ រួសរាន់ទៅចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរៀបចំរចនាសម្ព័ន្ធរោងចក្រ និងផ្ទះត្រចៀកកាំឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីទាញយកផលប្រយោជន៍ពីទីផ្សារដ៏ធំមួយនេះឱ្យបានជាអតិបរមា។
សូមបញ្ជាក់ថា អគ្គរដ្ឋបាលគយចិន នាពេលថ្មីៗនេះ បានអនុម័តជាផ្លូវការឱ្យក្រុមហ៊ុន បេសឡាយហ្វ៍ ប្រូដាក អាចនាំចេញសម្បុកត្រចៀកកាំកម្ពុជា ទៅកាន់ទីផ្សារចិន។ គួររំឭកថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥ ភាគីចិន បានយល់ព្រមជាគោលការណ៍ចំពោះការនាំចូលនេះរួចរាល់ហើយ ប៉ុន្តែត្រូវទាមទារឱ្យមានការរឹតបន្តឹង និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុតលើប្រភពផ្ទះត្រចៀកកាំ ខ្សែច្រវាក់ផលិតកម្ម នៃរោងចក្រកែច្នៃ និងបទដ្ឋានសុវត្ថិភាពចំណីអាហារ ទើបអាចឈានដល់ការបើកផ្លូវឱ្យនាំចេញជាផ្លូវការនៅពេលនេះ៕
អត្ថបទ៖ បូ ដូឡា