ជុំវិញវិបត្តិដ៏រ៉ាំរ៉ៃនេះ អ្នកឧកញ៉ា សួរ វីរៈ អ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅកម្ពុជាបានចេញមុខរិះគន់ចំៗ និងស្នើឱ្យរាជរដ្ឋាភិបាលវះកាត់កែទម្រង់ប្រព័ន្ធការិយាធិបតេយ្យនេះជាបន្ទាន់ តាមរយៈយន្តការច្រកចេញចូលតែមួយពិតប្រាកដ និងជួយបន្ធូរបន្ថយផ្នែកពន្ធដារ ដើម្បីស្រោចស្រង់ផលិតកម្មក្នុងស្រុក និងកាត់ផ្តាច់ការពឹងផ្អែកលើការនាំចូលពីបរទេស។ យ៉ាងណាមិញអ្នកនាំពាក្យក្រសួងឧស្សាហកម្មបានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងពន្លឿនការកែទម្រង់នីតិវិធីចុះបញ្ជី និងស្នើសុំអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងថ្លៃចំណាយសម្រាប់សហគ្រាសធុនតូច និងមធ្យម។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅកម្ពុជាបានលើកឡើងថា ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនបច្ចុប្បន្នហាក់មាននីតិវិធីស្មុគស្មាញ ដែលកំពុងរាំងស្ទះដល់សន្ទុះ នៃការផលិតក្នុងស្រុករបស់វិស័យ SME។ ជាក់ស្ដែងសូម្បីតែក្រុមហ៊ុនរបស់អ្នកឧកញ៉ា ផ្ទាល់ ក៏ត្រូវបង្ខំចិត្តរត់ច្បាប់ចំណាយពេលស្នើសុំអាជ្ញាប័ណ្ណអស់រយៈពេលរហូតដល់ទៅ២ឆ្នាំ ហើយមកទល់ពេលនេះនៅមិនទាន់ទទួលបានជោគជ័យនៅឡើយទេ ដោយសារមានការរាំងស្ទះនៅតាមក្រសួង-ស្ថាប័នមួយចំនួនតូច។
ក្រោយឆ្លងកាត់ភាពស្មុគស្មាញនេះ អ្នកជំនួញរូបនេះ បានស្នើឱ្យរាជរដ្ឋាភិបាលបង្កើតយន្តការច្រកចេញចូលតែមួយ ដែលមានសិទ្ធិស្វ័យសម្រេចពិតប្រាកដ ដើម្បីកាត់បន្ថយពេលវេលា និងថ្លៃចំណាយនានាដល់ម្ចាស់អាជីវកម្ម។ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន អ្នកឧកញ៉ា យល់ឃើញថា រាជរដ្ឋាភិបាលគួរតែផ្តល់ការលើកទឹកចិត្តដល់អ្នកផលិតថ្មីថ្មោង ដោយគួរពិចារណាលើយកលែងពន្ធរយៈពេល១ទៅ២ឆ្នាំ ដើម្បីឱ្យពួកគេមានលំនឹងឈរជើងក្នុងដំណាក់កាលដំបូង។
ឆ្លើយតបនឹងការរិះគន់ពីវិស័យឯកជន ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំងលើវិបត្តិលិខិតស្នាម ដែលបង្កភាពស្មុគស្មាញទាំងនេះ ដោយព្យាយាមសម្រួលកាត់បន្ថយការត្រួតពិនិត្យជាន់គ្នារវាងក្រសួង និងក្រសួង បង្រួញរយៈពេល និងកាត់បន្ថយថ្លៃសេវាឱ្យទាបជាងមុន។ ជាចំណាត់ការចំពោះមុខ ក្រសួងបានសាកល្បងដាក់ឱ្យដំណើរការប្រព័ន្ធសុំអាជ្ញាប័ណ្ណល្បឿនលឿន សម្រាប់អាជីវកម្មផលិតសាប៊ូ ដោយកាត់បន្ថយមកត្រឹមរយៈពេលតែ៦ថ្ងៃប៉ុណ្ណោះ ហើយប្រសិនបើទទួលបានជោគជ័យយន្តការល្បឿនលឿននេះ នឹងត្រូវពង្រីកទៅអនុវត្តលើវិស័យអាជីវកម្មផ្សេងៗទៀតផងដែរ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចេញមកអះអាងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ដោយសង្កត់ធ្ងន់ថា សហគ្រាសធុនតូច និងមធ្យម គឺជាចលករសេដ្ឋកិច្ចជាតិដ៏សំខាន់មិនអាចខ្វះបាន។ ដើម្បីជំរុញការផលិតជំនួសឱ្យការនាំចូល ប្រមុខរដ្ឋាភិបាល បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ចត្រូវដឹកនាំ និងរៀបចំវិធានការបន្ទាន់បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និងផ្តល់ការលើកទឹកចិត្តដល់វិស័យ SME ជាបន្ទាន់។ សម្តេចធិបតី ក៏បានបើកផ្លូវឱ្យម្ចាស់អាជីវកម្មទាំងអស់ផ្ដល់មតិយោបល់ និងទម្លាយពីបញ្ហាប្រឈមដោយត្រង់ៗ ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយជូន។
យ៉ាងណាមិញអ្នកជំនាញសេដ្ឋកិច្ច និងម្ចាស់អាជីវកម្មបានសង្កត់ធ្ងន់ថា ស្ថាប័នរដ្ឋ ឬអាជ្ញាធរពាក់ព័ន្ធទាំងឡាយគួរតែផ្លាស់ប្តូរផ្នត់គំនិត គឺជាជាងចាំតែចាប់កំហុស ចាំផាកពិន័យ និងចាំបិទអាជីវកម្មលើអ្នកផលិតក្នុងស្រុក ត្រូវដើរតួជាអ្នកចង្អុលបង្ហាញផ្លូវ និងជួយសម្រួលការងារឱ្យពួកគេធ្វើត្រូវវិញទើបជាសកម្មភាពគំរូដ៏ល្អក្នុងការជួយជំរុញខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ឈានទៅកាត់បន្ថយការហូរចូលទំនិញពីក្រៅប្រទេសបានពិតប្រាកដ៕
អត្ថបទ៖ ជា ម៉ារ៉ា