មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ប្រទេសដែលជំពាក់បំណុលច្រើនមានលទ្ធភាពតិចតួចក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ ខណៈចក្រភពអង់គ្លេស ជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា បន្ធូរបន្ថយបន្ទុកបំណុល និងផ្តល់កម្ចីឥណទានក្នុងលក្ខខណ្ឌអនុគ្រោះជាងមុន។
ថ្លែងនៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកនៅ
ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៣ ខែតុលា អនុប្រធានផ្នែកស្រាវជ្រាវរបស់មូលនិធិ IMF លោកស្រី ភេតយ៉ា កៅវ៉ា ប្រូក (Petya Koeva Brooks) បានលើកឡើងថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានចំណូលទាប និងពឹងផ្អែកលើការនាំចូលប្រេង គឺស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការកើនឡើងតម្លៃថាមពល និងអតិផរណា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន France24។
ស្របពេលប្រទេសជាច្រើនកំពុងជាប់បន្ទុកបំណុលយ៉ាងធ្ងន់ធ្ងររួចទៅហើយនោះ មូលនិធិ IMF ណែនាំឱ្យរដ្ឋាភិបាលនានាផ្តល់ជំនួយឧបត្ថម្ភដោយកំណត់គោលដៅច្បាស់លាស់ ដើម្បីជួយគ្រួសារ ដែលងាយរងគ្រោះ ជាជាងចំណាយថវិកាច្រើនហួសប្រមាណ។ ប៉ុន្តែបណ្ដាប្រទេសដែលមិនអាចគ្រប់គ្រងបំណុលបានត្រូវចរចារៀបចំបំណុលឡើងវិញ។
សារព័ត៌មាន The Guardian បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក អេដ មីលីបេន (Ed Miliband) អំពាវនាវឱ្យមានកិច្ចព្រមព្រៀងថ្មីសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ លោក ចង់ឱ្យធនាគារពិភពលោក និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀតជួយឱ្យប្រទេសទាំងនេះអាចខ្ចីប្រាក់ក្នុងអត្រាការប្រាក់ទាបជាងមុន និងមានរយៈពេលសងត្រឡប់យូរជាងមុន ដើម្បីបន្ធូរបន្ថយសម្ពាធលើថវិកាជាតិ និងទុកប្រាក់សម្រាប់ចំណាយលើសេវាសាធារណៈសំខាន់ៗ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស ក៏ជំរុញឱ្យកែទម្រង់ប្រព័ន្ធរៀបចំបំណុលឡើងវិញផងដែរដើម្បីពន្លឿនការចរចា និងកុំឱ្យម្ចាស់បំណុលឯកជនអាចពន្យារពេលដំណើរការនេះ។ ក្រុមអ្នកតស៊ូមតិលើបញ្ហាបំណុល ក៏ទាមទារឱ្យម្ចាស់បំណុលឯកជនចូលរួមទទួលបន្ទុកក្នុងការបន្ធូរបន្ថយបំណុល ជាជាងពឹងផ្អែកលើប្រាក់សាធារណៈ ដើម្បីជួយសង្គ្រោះពួកគេ។
បច្ចុប្បន្នបន្ទុកទូទាត់សងបំណុលកំពុងកាត់បន្ថយលទ្ធភាពចំណាយលើសេវាសាធារណៈរបស់បណ្តាប្រទេសនានា ដោយទិន្នន័យបានបង្ហាញថា នៅអនុតំបន់អាហ្រ្វិកសាហារ៉ា ប្រទេសនានាចំណាយលើការទូទាត់សងបំណុលច្រើនជាងការចំណាយលើវិស័យអប់រំដល់ទៅ៣ដង៕
ដោយ: តែម សុខុម