វិបត្តិថាមពលសកល ជាពិសេសកង្វះខាតប្រេងម៉ាស៊ូត កំពុងក្លាយជាឱកាសមាសសម្រាប់ក្រុមហ៊ុនចម្រាញ់ប្រេងធំៗក្នុងការប្រមូលផលចំណេញយ៉ាងមហាសាល ទាំងពីការលក់ផលិតផល និងការហក់ឡើងនៃតម្លៃភាគហ៊ុន។ នៅប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងនាំចូលប្រេងម៉ាស៊ូតពីប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបនឹងការហក់ឡើង នៃតម្លៃប្រេងឥន្ធនៈ ទីភ្នាក់ងារឃ្លាំមើលថាមពលសកលបានចេញសារព្រមានថា ស្ថានភាពខ្វះខាតប្រេងឥន្ធនៈនៅលើពិភពលោកអាចនឹងអូសបន្លាយរហូតដល់ឆ្នាំ២០២៧។
ខណៈដែលការកើនឡើងថ្លៃប្រេង និងកង្វះខាតថាមពលកំពុងបង្កើតជាសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោក ស្ថានភាពនេះបែរជាប្រែក្លាយជារលកទាញយកផលចំណេញយ៉ាងធំធេងសម្រាប់ក្រុមហ៊ុនចម្រាញ់ប្រេងទៅវិញ។ ជាក់ស្តែងក្រុមហ៊ុនចម្រាញ់ប្រេងខ្នាតយក្សរបស់បារាំង Total Energies រកប្រាក់ចំណូលបានរហូតដល់១,៨ពាន់លានដុល្លារពីអាជីវកម្មចម្រាញ់ប្រេង និងផលិតផលគីមីនៅក្នុងត្រីមាសទី២ ឆ្នាំនេះ។ ដោយឡែកនៅសហរដ្ឋអាម៉េរិក តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនចម្រាញ់ប្រេងធំៗក៏កំពុងហក់ឡើងយ៉ាងគំហុកផងដែរ។
បច្ចុប្បន្នតម្លៃមូលធនសរុបនៅលើទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនយក្សអាម៉េរិក ចំនួនបី រួមមាន Marathon Petroleum, Valero Energy និង Phillips 66 បញ្ចូលគ្នាបានកើនឡើងដល់ប្រមាណ២១៥ពាន់លានដុល្លារ។ អ្នកវិភាគព្យាករថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះនឹងបន្តកើនឡើងបន្ថែមទៀត ប្រសិនបើវិបត្តិថាមពលសកលនៅតែបន្តអូសបន្លាយបែបនេះ៕
ដោយៈ សរ សុជាតិ