វិស័យថាមពល

តើមានកត្តាអ្វីខ្លះជំរុញឱ្យការនាំចេញបន្ទះសូឡារបស់កម្ពុជា ដែលបានដាំក្បាលចុះស្ទើរហៅលែងលឺ បែរជាហក់ឡើងជាង៦៦០% នៅ៩ខែឆ្នាំនេះ?


វិស័យឧស្សាហកម្មកម្ពុជា កំពុងបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ តាមរយៈការស្ទុះងើបឡើងវិញយ៉ាងគំហុកនៃការនាំចេញផលិតផលសក្តានុពល ជាពិសេសបន្ទះសូឡា ដែលធ្លាប់តែធ្លាក់ចុះយ៉ាងគំហុកនាពេលកន្លងមក។ ជាក់ស្តែងនៅ៩ខែឆ្នាំ២០២៦ ការនាំចេញបន្ទះសូឡារបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងរហូតដល់ជាង៦៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលផលិតផលឧស្សាហកម្មយុទ្ធសាស្ត្រសំខាន់ៗដទៃទៀតដូចជាកង់ គ្រឿងអេឡិចត្រូនិក ខ្សែភ្លើង និងគ្រឿងបន្លាស់រថយន្ត ក៏រក្សាបានកំណើនខ្ពស់ក្នុងទំហំពីរខ្ទង់ផងដែរ។
វិស័យថាមពល
ដោយ

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា កំណើននាំចេញដ៏គំហុកនៃបន្ទះសូឡា កង់ គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តនៅក្នុងរយៈពេល៩ខែមកនេះ គឺជាសក្ខីភាពបញ្ជាក់ពីការពង្រីកសមត្ថភាពផលិតកម្ម និងភាពជោគជ័យ នៃការធ្វើពិពិធកម្មទំនិញនាំចេញរបស់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ កត្តាចម្បងៗដែលអូសទាញកំណើននេះរួមមានការកើនឡើង នៃតម្រូវការទីផ្សារសកល រំហូរនៃការវិនិយោគថ្មីៗ និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញរបស់រោងចក្រក្នុងតំបន់។ ទោះជាយ៉ាងណា ដើម្បីធានានិរន្តរភាព នៃការរីកចម្រើននេះ លោកបណ្ឌិត លើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធបន្តទាក់ទាញទុនវិនិយោគ ពង្រឹងការបណ្តុះបណ្តាលបច្ចេកទេសឱ្យស្របតាមតម្រូវការទីផ្សារ និងជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានកាន់តែទូលំទូលាយ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ថា ការវិវត្ត នៃវិស័យឧស្សាហកម្មកម្ពុជា បានបោះជំហានឆ្ពោះទៅរកឧស្សាហកម្មបច្ចេកវិទ្យាកម្រិតមធ្យម។ យ៉ាងណាមិញចំពោះការហក់ឡើង នៃការនាំចេញបន្ទះសូឡារហូតដល់ជាង៦៦០% លោកបណ្ឌិតយល់ថា គឺដោយសារតែកម្ពុជា បានផ្លាស់ប្តូរពីការត្រឹមតែវេចខ្ចប់ទំនិញនាំចេញពីប្រទេសចិន មកជាការបង្កើតរោងចក្រដំឡើងបន្ទះសូឡាដោយផ្ទាល់ក្នុងស្រុក ដែលធ្វើឱ្យទីផ្សារនាំចេញមានវិសាលភាពទូលំទូលាយឡើងវិញ។ ការកើនឡើងតម្រូវការថាមពលស្អាត និងថាមពលកកើតឡើងវិញនៅលើទីផ្សារអន្តរជាតិ ជាពិសេសក្នុងតំបន់អឺរ៉ុប ក៏កត្តារួមចំណែកជួយជំរុញកំណើនការនាំចេញបន្ទះសូឡារបស់កម្ពុជា ផងដែរ។

ជុំវិញបញ្ហានេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់កាលពីពេលថ្មីៗថា ការស្ទុះងើបឡើងវិញនៃកំណើននាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា គឺដោយសារការបញ្ជាទិញពីអ្នកប្រើប្រាស់នៅអាម៉េរិក មានការកើនឡើងខ្ពស់មកវិញ បន្ទាប់ពីរបាំងពន្ធនាំចូលដែលអាម៉េរិក បានដាក់ទណ្ឌកម្មមកលើកម្ពុជា ត្រូវបានដកចេញ គួបផ្សំផលិតផលបន្ទះសូឡា គឺជាផ្នែកមួយ នៃការបង្កើតប្រភពថាមពលអគ្គិសនីជំនួសឱ្យការប្រើប្រាស់ប្រេងឥន្ធនៈ។

គួរជម្រាបថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៦ កម្ពុជា បាននាំចេញបន្ទះសូឡាទៅកាន់ទីផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់ជាង៤៦លានដុល្លារកើនឡើងជាង៦៦០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងរយៈពេលដូចគ្នានេះ កម្ពុជា នាំចេញកង់សម្រេចបានទឹកប្រាក់ជាង៥៥២លានដុល្លារកើនឡើងជាង២៣%, គ្រឿងអេឡិចត្រូនិក និងភាគបំណែកសម្រេចបានទឹកប្រាក់ជាង៩១១លានដុល្លារកើនឡើងជាង៣៨%, ខ្សែភ្លើង និងបង្គុំខ្សែភ្លើងសម្រេចបានទឹកប្រាក់ជាង៥៨៣កើនឡើងជាង៣៧%, គ្រឿងបន្លាស់រថយន្តមានទឹកប្រាក់ជាង២៩៣លានដុល្លារកើនឡើងជាង ៣៩% និងសំបកកង់រថយន្តមានទឹកប្រាក់ជាង១,៧២៣លានដុល្លារកើនឡើងជាង៧៧%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕




អត្ថបទបន្ទាប់


បាតុកម្មប្រឆាំងកិច្ចប្រជុំ IMF និងធនាគារពិភពលោកនៅទីក្រុងបាងកក ធ្វើឱ្យថៃ បាក់មុខយ៉ាងខ្លាំងលើឆាកអន្តរជាតិ

ខណៈមន្ត្រីហិរញ្ញវត្ថុមកពីជុំវិញពិភពលោកកំពុងជួបប្រជុំគ្នានៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចពិភពលោក ស្រាប់តែក្រុមសកម្មជ…

IMF ព្រមានថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍អាចប្រឈបនឹងបំណុលកាន់តែធ្ងន់ធ្ងរ បើមិនកាត់បន្ថយការចំណាយ

វិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ កំពុងជំរុញតម្លៃថាមពល និងស្បៀងអាហារឱ្យកើនឡើងខ្ពស់ ដែលកំពុងបង្កើនសម្ពាធលើប្រទេសក្រីក្របំផុតមួយចំនួនក្នុងពិភពលោក។ ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ