អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា បង់ក្លាដែស ជាទីផ្សារប្រកួតប្រជែងដ៏ធំមួយរបស់កម្ពុជា នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ខណៈកន្លងមក ក៏មានអ្នកវិនិយោគនៅក្នុងប្រទេសនេះបានងាកមកបោះទុននៅកម្ពុជា ផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ស្ថិតក្នុងស្ថានភាពនេះ កម្ពុជា ត្រូវតែបន្តថែរក្សាអ្នកវិនិយោគ និងការលើកទឹកចិត្តនានា ដែលចលករមួយអាចជួយជំរុញឱ្យវិនិយោគិនបរទេសបន្តបោះទុនក្នុងវិស័យឧស្សាហកម្មកាត់ដេរកាន់តែច្រើនថែមទៀត។
ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ យល់ឃើញថា វិបត្តិទាមទារដំឡើងប្រាក់ឈ្នួលខ្ពស់កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យកាត់ដេរនៅក្នុងប្រទេសបង់ក្លាដែស ខណៈរោងចក្រជាច្រើននៅក្នុងប្រទេសនេះបានបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន។ អ្នកជំនាញរូបនេះ ចាត់ទុកវិបត្តិនេះ គឺជាឱកាសសម្រាប់វិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា ខណៈកម្ពុជា បានក្លាយជាប្រទេសមួយឈានមុខគេនៅក្នុងតំបន់ ដែលអាចស្រូបទាញការវិនិយោគពីប្រទេសនានាដែលកំពុងមានវិបត្តិ។
ដោយឡែក ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជា នៅតែបន្តប្រឹងប្រែងដើម្បីធ្វើឱ្យបរិយាកាសការងារ និងការវិនិយោគកាន់តែមានភាពល្អប្រសើរថែមទៀត។ បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងការងារ កំពុងពង្រឹងផលិតភាពការងាររបស់កម្មករ កម្មការិនី ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឱ្យរោងចក្រ សហគ្រាសទទួលបានផលចំណេញខ្ពស់ និងកម្មករ កម្មការិនីទទួលបានផលប្រយោជន៍ច្រើនផងដែរ។ អ្នកនាំពាក្យរូបនេះបានអះអាងថា មកទល់ពេលនេះសុខភាពក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា នៅតែមានភាពប្រសើរ ទោះបីជាពិភពលោកមានភាពរំជើបរំជួលខ្លះក៏ដោយ។
គួរបញ្ជាក់ថា វិស័យឧស្សាហកម្មកាត់ដេរនៅប្រទេសបង់ក្លាដែស កំពុងរងការញាំញីដ៏ធ្ងន់ធ្ងរ ក្រោយការតវ៉ាទាមទារដំឡើងប្រាក់ខែរបស់កម្មករបានបង្ខំឱ្យរោងចក្រជាង៥០០កន្លែងត្រូវប្រកាសបិទទ្វារជាបន្ទាន់ ដែលកំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ខ្សែច្រវាក់ផ្គត់ផ្គង់សម្លៀកបំពាក់ពិភពលោក។ វិស័យនេះ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់បង់ក្លាដែស ដែលបានផ្តល់ការងារដល់កម្មកររហូតដល់ប្រមាណ៤លាននាក់ និងរកចំណូលបានជាង៨០% នៃការនាំចេញសរុបរបស់ប្រទេសនេះ៕
អត្ថបទ៖ បូ ដូឡា