យោងតាមទិន្នន័យពីអង្គការស្រាវជ្រាវឯករាជ្យ OpenSecrets ដែលតាមដានចរន្តហិរញ្ញវត្ថុក្នុងយុទ្ធនាការនយោបាយបានឱ្យដឹងថា ការចំណាយសរុបសម្រាប់ការរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំនេះ ត្រូវគេប៉ាន់ប្រមាណថា នឹងកើនឡើងដល់ជិត១២ពាន់លានដុល្លារ គឺកើនឡើងរហូតដល់ទៅប្រមាណ៣០% បើធៀបនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីឆ្នាំ២០២២។ ប្រភពដដែលបានគូសបញ្ជាក់ថា ប្រភពដើមទុនដ៏មហិមានេះ ភាគច្រើនបានមកពីក្រុមនយោបាយខាងក្រៅ ដែលគេស្គាល់ថា គណៈកម្មាធិការសកម្មភាពនយោបាយពិសេស ដែលបានចាក់បញ្ចូលលុយរាប់ពាន់លានដុល្លារចូលទៅក្នុងសមរភូមិនយោបាយនៅតាមរដ្ឋសំខាន់ៗ មុនពេលថ្ងៃបោះឆ្នោតមកដល់។
អ្វីដែលគួរឱ្យកត់សម្គាល់ និងបង្កើតឱ្យមានការភ្ញាក់ផ្អើលខ្លាំងនោះ គឺវត្តមានរបស់មហាសេដ្ឋីលំដាប់ពិភពលោកលោក អេឡិន ម៉ាស់ ដែលបានក្លាយជាម្ចាស់ឧបត្ថម្ភធំបំផុត ដោយបានចាក់លុយផ្ទាល់ខ្លួនជិតកន្លះពាន់លានដុល្លារ ឬប្រមាណ៤៤៦លានដុល្លារអាម៉េរិក ដើម្បីគាំទ្របេក្ខជនមកពីគណបក្សសាធារណរដ្ឋ ជាពិសេសនៅក្នុងរដ្ឋតិចសាស់ ដែលជាមូលដ្ឋានរបស់ក្រុមហ៊ុនលោក។
ដោយឡែកម្ចាស់ជំនួយធំៗបន្ទាប់រួមមានមហាសេដ្ឋី រីឆាត ស្ថាបនិកក្រុមហ៊ុនចែកចាយសម្ភារៈ Uline ដ៏ធំនៅអាម៉េរិកខាងជើង ដោយបានចាក់បញ្ជូលថវិកាជាង១៤៧លានដុល្លារ និងលោក ជេហ្វ យ៉េស (Jeff Yass) អ្នកជំនួញជួញដូរហិរញ្ញវត្ថុដ៏ល្បីឈ្មោះម្នាក់បានបរិច្ចាគជាង១០៩លានដុល្លារអាម៉េរិក។
តួលេខចំណយដ៏សម្បើមក្នុងការរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ទោះបីជាសេដ្ឋកិច្ចថយចុះ ហើយរាស្ត្រជួបការលំបាកយ៉ាងណាក៏ដោយ ក៏ល្បែងនយោបាយនៅសហរដ្ឋអាម៉េរិក នៅតែជាសមរភូមិ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកនយោបាយ និងជំនួញ៕
ដោយៈសរ សុជាតិ