វិស័យ​កាត់ដេរ

​រោងចក្រកាត់ដេរនៅបង់ក្លាដែស ជាង៥០០ត្រូវបានបិទទ្វារ ក្រោយកម្មករផ្ទុះការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល


វិបត្តិឧស្សាហកម្មកាត់ដេរដ៏ធ្ងន់ធ្ងរមួយកំពុងញាំញីប្រទេសបង់ក្លាដែស ក្រោយពេលដែលការតវ៉ារបស់កម្មករបានបង្ខំឱ្យរោងចក្រជាង៥០០កន្លែងត្រូវប្រកាសបិទទ្វារជាបន្ទាន់។ យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ភាពចលាចលនេះកំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ខ្សែច្រវាក់ផ្គត់ផ្គង់សម្លៀកបំពាក់ពិភពលោក ដោយសារវិស័យនេះ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដែលផ្តល់ការងារដល់កម្មកររហូតដល់ប្រមាណ៤លាននាក់ និងរកចំណូលបានជាង៨០% នៃការនាំចេញសរុបរបស់ប្រទេសនេះ។តើវិបត្តិនេះនឹងវិវត្តទៅយ៉ាងណាបន្តទៀត?
វិស័យ​កាត់ដេរ
ដោយ

ប្រទេសបង់ក្លាដែស ដែលជាមជ្ឈមណ្ឌលផលិត និងនាំចេញផលិតផលសម្លៀកបំពាក់លំដាប់ថ្នាក់ពិភពលោកកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ក្រោយរោងចក្រជាង៥០០កន្លែងត្រូវបានបិទទ្វារជាបន្តបន្ទាប់ ក្រោយផ្ទុះបាតុកម្មដ៏ក្ដៅគគុកកាលពីចុងសប្តាហ៍មុន។ ទោះបីជាអាជ្ញាធរបង់ក្លាដែស បានប្រញាប់ប្រញាល់បង្កើតគណៈកម្មការកំណត់ប្រាក់ឈ្នួលថ្មី ដើម្បីពិនិត្យឡើងវិញ និងអំពាវនាវឱ្យកម្មករវិលត្រឡប់ចូលធ្វើការវិញក៏ដោយ ក៏ភាពតានតឹងហាក់មិនទាន់ស្រាកស្រាន្តនៅឡើយទេ។ វិស័យកាត់ដេរមិនត្រឹមតែជាកន្លែងផ្តល់ការងារដល់ពលរដ្ឋប្រមាណ៤លាននាក់ និងរកចំណូលបានជាង៨០% នៃការនាំចេញសរុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូផ្គត់ផ្គង់សម្លៀកបំពាក់ដ៏សំខាន់ឱ្យម៉ាកយីហោល្បីៗជាច្រើននៅទូទាំងពិភពលោកទៀតផង។
បច្ចុប្បន្នកម្មករកាត់ដេរនៅប្រទេសអាស៊ីខាងត្បូងមួយនេះទទួលបានប្រាក់បៀវត្សរ៍អប្បរមាត្រឹមតែ១០៣ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដែលធ្វើពួកគេជួបការលំបាកក្នុងការរស់នៅ ស្របពេលដែលតម្លៃទំនិញ ម្ហូបអាហារ លំនៅឋាន ការដឹកជញ្ជូន និងសេវាថែទាំសុខភាពហក់ឡើងខ្ពស់កប់ពពក។ ហេតុផលនេះហើយ ទើបពួកគេនាំគ្នាទាមទារដំឡើងប្រាក់ឈ្នួលដល់ប្រមាណ២៤៥ដុល្លារក្នុងមួយខែ។ ទោះជាយ៉ាងណា ភាពចលាចល និងការអូសបន្លាយពេល នៃការតវ៉ានេះ បានបង្កជាមហន្តរាយដល់សេដ្ឋកិច្ច ដោយបង្ខំឱ្យរោងចក្រជាង៥០០កន្លែងត្រូវបានផ្អាកដំណើរការ និងធ្វើឱ្យកម្មកររហូតដល់ជិត១លាននាក់បាត់បង់ការងារធ្វើជាបណ្តោះអាសន្ន។
លោក អារីហ្វុល ហាក ជូនឌូរី (Ariful Haque Choudhury) រដ្ឋមន្ត្រីក្រសួងការងាររបស់បង់ក្លាដែស បានព្រមានថា ប្រសិនបើវិបត្តិ និងភាពរអាក់រអួលនេះនៅតែបន្តអូសបន្លាយតទៅទៀត វានឹងធ្វើឱ្យការដឹកជញ្ជូនទំនិញនាំចេញ និងការទូទាត់ប្រាក់ពីសំណាក់អ្នកទិញអន្តរជាតិ ជួបការពន្យារពេល ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទាំងម្ចាស់រោងចក្រ និងជីវភាពរបស់កម្មករខ្លួនឯង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រាក់ចំណេញ និងទិន្នផលស្រូវរបស់កសិកររងការគំរាមកំហែងពីទឹកជំនន់ និងថ្លៃដើមផលិតកើនឡើង ទោះតម្លៃស្រូវហក់ឡើង

នៅពីក្រោយការកើនឡើង នៃតម្លៃស្រូវនៅរដូវប្រមូលផលឆ្នាំនេះ កសិករនៅតែបន្តប្រឈមនឹង​បញ្ហាជាច្រើន ដែលធ្វើឱ្យការរំពឹងទុកទទួលបានប្រាក់ចំណេញពីការធ្វើ…

ចិន ប្រកាសរកឃើញទុនបម្រុងមាស នីកែល រ៉េនញ៉ូម និងរ៉ែកម្រយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត

ចិន ដែលជាឃ្លាំងស្តុករ៉ែកម្រដ៏ធំបំផុតនៅលើពិភពលោកស្រាប់ហើយនោះ បានប្រកាសពីការរកឃើញទុនបម្រុងធនធានរ៉ែកម្រយុទ្ធសាស្ត្រជាច្រើនប្រភេទបន្ថែមទៀត។ យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ