បើយោងតាមទីភ្នាក់ងារបរិស្ថានជាតិ សិង្ហបុរី ភាគល្អិតក្នុងខ្យល់នៅប្រទេសសិង្ហបុរី បានកើនឡើងដល់កម្រិតខ្ពស់ និងគ្រោះថ្នាក់បំផុតមិនធ្លាប់មាននៅក្នុងឆ្នាំនេះ។ ជាមួយគ្នានេះរដ្ឋាភិបាលទីម័រខាងកើត បានចេញបញ្ជាបន្ទាន់ឱ្យផ្អាកការសិក្សានៅតាមសាលារៀនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែតុលា តទៅ ដោយសារការបំពុលពីកម្ទេចជាតិពុលល្អិតៗ ដែលកើតចេញពីផ្សែងភ្លើងឆេះនៅឥណ្ឌូនេស៊ី បើទោះកូនពៅអាស៊ានមួយនេះមិននិយាយចំឈ្មោះប្រទេសនេះក៏ដោយ។ រូបភាពពីកញ្ចក់ទូរទស្សន៍ក្នុងស្រុកបានបង្ហាញឱ្យឃើញពីផ្សែងអ័ព្ទពុលពណ៌លឿងក្រាស់ឃ្មឹកគ្របដណ្តប់លើទីក្រុងប៉ាឡាំងកា រ៉ាយ៉ា របស់ឥណ្ឌូនេស៊ី ដែលធ្វើឱ្យអ្នកបើកបរយានយន្តមើលផ្លូវស្ទើរមិនឃើញ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រ៉ាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) បានបញ្ជាឱ្យដាក់ពង្រាយឧបករណ៍ប្រឆាំងអគ្គិភ័យ និងចល័តធនធានសង្គ្រោះដែលមានទាំងអស់ ដើម្បីទប់ទល់នឹងវិបត្តិភ្លើងឆេះព្រៃនេះ។ នេះជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានសម្រាប់ឥណ្ឌូនេស៊ីក្នុងរយៈពេល១១ឆ្នាំចុងក្រោយនេះ ដែលបង្កឡើងដោយអាកាសធាតុស្ងួតហួតហែងខ្លាំងពាក់ព័ន្ធនឹងបាតុភូត អែលនីញ៉ូ។ វិបត្តិផ្សែងអ័ព្ទពុលនេះមិនត្រឹមតែបង្កើនអត្រាអ្នកជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសឥណ្ឌូនេស៊ី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៅទូទាំងតំបន់ ដែលតម្រូវឱ្យរដ្ឋមួយចំនួនក្នុងប្រទេសម៉ាឡេស៊ី ត្រូវសម្រេចចិត្តបិទសាលារៀនជាបណ្តោះអាសន្នផងដែរ។
កាលពីថ្ងៃទី១៣ ខែតុលា សមាជិកសភាម៉ាឡេស៊ី បានចេញមុខអំពាវនាវឱ្យបណ្តាប្រទេសអាស៊ាន ដាក់លិខិតតវ៉ាផ្នែកការទូត ឬដាក់ញត្តិប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងហ្សាការតា ចំពោះការខ្វះខាតវិធានការគ្រប់គ្រងអគ្គិភ័យដ៏មានប្រសិទ្ធភាព។ បញ្ហានេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទក្តៅសម្រាប់ការជជែកពិភាក្សាគ្នារវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងកិច្ចប្រជុំនាខែក្រោយ ខណៈរលកនៃការរិះគន់លើប្រទេសឥណ្ឌូនេស៊ី កំពុងបន្តកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងតំបន់៕
អត្ថបទៈ សួន ឡង់ទី