លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា រដ្ឋចាំចាច់ត្រូវតែវិនិយោគលើការស្តុកទុកប្រេងឥន្ធនៈយុទ្ធសាស្ត្រដោយខ្លួនឯង ពោលគឺកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនឯកជន ហើយងាកមកកសាងហេដ្ឋារចនាសម្ព័នស្តុកទុកយុទ្ធសាស្រ្តប្រេង ដែលអាចមានរយៈពេលប្រើប្រាស់បច្ចុប្បន្នពី២៥ថ្ងៃ ទៅ១៨០ថ្ងៃ។ តែយ៉ាងណាអ្នកជំនាញរូបនេះថា រដ្ឋាភិបាលក៏គួរដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគណា ដែលចង់វិនិយោគលើវិស័យប្រេងឥន្ធនៈតាមរយៈការជួយគាំទ្រពន្ធ ដើម្បីឱ្យរដ្ឋាភិបាលកាន់តែមានភាពម្ចាស់ការកាន់តែខ្លាំង និងការពារដល់សហគ្រាសធន់តូច និងមធ្យម SME ក្នុងស្រុក។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងការស្តុកទុកប្រេង គឺអាចដំណើរការទៅមានប្រសិទ្ធភាពខ្ពស់ តែរដ្ឋមិនគួរពឹងផ្អែកទៅលើក្រុមហ៊ុនឯកជនខ្លាំងពេកនោះឡើយ។
បើតាមអ្នកជំនាញរូបនេះ នៅពេលដែលមានតុល្យភាពរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន នោះរដ្ឋនឹងនៅតែមានអំណាចពេញលេញក្នុងការគ្រប់គ្រង និងកំណត់ថ្លៃប្រេងឥន្ធនៈ ពោលគឺមិនបណ្តោយឱ្យអាជីវករកំណត់តម្លៃស្រេចតែចិត្តនោះទេ។ យ៉ាងណាមិញ លោកបណ្ឌិត យល់ឃើញថា រដ្ឋគួរតែពន្លឿនការស្តុកទុកប្រេងដោយខ្លួនឯងឱ្យបានក្នុងរយៈពេលពី៦ខែទៅ១ឆ្នាំ ដើម្បីធានាសន្តិសុខថាមពលយូរអង្វែងចៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិទាំងមូល។
ទន្ទឹមនឹងនេះ លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានបង្ហើបឱ្យដឹងថា ចាប់តាំងពីតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ជាសកល ដោយសារតែឥទ្ធិពលនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាមក បានធ្វើឱ្យថ្លៃដើមផលិតកម្មក្នុងស្រុកកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ស្របពេលជាមួយគ្នានេះ ការនាំចូលទំនិញគេចពន្ធមួយចំនួន ក៏កំពុងវាយបំបាក់សហគ្រាសផលិតក្នុងស្រុកផងដែរ។ លោកជំទាវ បានសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋនៅតែបន្តពឹងផ្អែកលើកិច្ចសហការស្តុកទុកប្រេងជាមួយក្រុមហ៊ុនឯកជន វាក៏ជារឿងល្អមួយផ្នែក ប៉ុន្តែវានឹងមានហានិភ័យខ្ពស់ ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយពេលយូរជាងនេះ។
បើតាមការយល់ឃើញពីក្រុមអ្នកជំនាញ ការបង្កើតស្តុកប្រេងយុទ្ធសាស្ត្រជាតិ មានសារប្រយោជន៍ជាសារវន្តក្នុងការទប់ទល់នឹងវិបត្តិថាមពលជាសកល ព្រមទាំងរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណា គម្រោងដ៏ធំធេងមួយនេះ តម្រូវឱ្យមានការគ្រប់គ្រង និងការរៀបចំផែនការវិនិយោគរួមគ្នារវាងរដ្ឋ និងឯកជន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីធានាថា ផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបាន មានទំហំធំជាងការចំណាយក្នុងការថែទាំស្តុកប្រេងទាំងនោះ៕
អត្ថបទ៖ ជា ម៉ារ៉ា