វិស័យបច្ចេកវិទ្យា

ចិន ប្រកាសរឹតបន្តឹងការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាទៅបរទេស ដើម្បីការពារសន្តិសុខជាតិ


ដើម្បីទប់ស្កាត់ការលេចធ្លាយបច្ចេកវិទ្យាទំនើៗទៅបរទេស រដ្ឋាភិបាលទីក្រុងប៉េកាំង ដាក់ចេញច្បាប់វិនិយោគថ្មីមួយ ដើម្បីរឹតបន្តឹងការគ្រប់គ្រងលើការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាទៅក្រៅប្រទេស​។ បច្ចេកវិទ្យាដែលចិន កំពុងមានការប្រុងប្រយ័ត្ន និងយាមកាមខ្លាំងក្លាបំផុតនោះ គឺបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយចិន ចាត់ទុកថា វាជាបញ្ហាដ៏រសើប ដែលអាចគំរាមកំហែងដល់សន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Straits Times។
វិស័យបច្ចេកវិទ្យា
ដោយ

ទីក្រុងប៉េកាំង នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានប្រកាសដាក់ចេញនូវច្បាប់ថ្មីមួយ ដែលនឹងត្រូវអនុវត្តយ៉ាងទូលំទូលាយក្នុងការរឹតបន្តឹងការគ្រប់គ្រងលើរាល់កិច្ចព្រមព្រៀងវិនិយោគនៅបរទេសទាំងឡាយណា ដែលពាក់ព័ន្ធនឹងគម្រោងបច្ចេកវិទ្យា, ទិន្នន័យ, បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខជាតិ។ ច្បាប់ថ្មីដែលប្រកាសដោយក្រុមប្រឹក្សារដ្ឋចិននេះ ត្រូវបានគេរំពឹងថា នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ។ មាត្រាសំខាន់បំផុតមួយក្នុងច្បាប់នេះបានចែងថា រាល់ការនាំចេញទំនិញ ឧបករណ៍បច្ចេកវិទ្យា សេវាកម្ម ឬទិន្នន័យទាំងឡាយណាដែលពាក់ព័ន្ធនឹងក្រុមហ៊ុនចិន គឺដាច់ខាតត្រូវតែមានការអនុញ្ញាត និងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីអាជ្ញាធរជាមុនសិន។
ក្រុមអ្នកវិភាគបានលើកឡើងថា ច្បាប់នេះ គឺជាឯកសារគតិយុត្តិមូលដ្ឋាន និងជាផ្លូវការរបស់ចិន ក្នុងការបង្ខំឱ្យមានការរឹតបន្តឹងការត្រួតពិនិត្យលើប្រតិបត្តិការរបស់ក្រុមហ៊ុនចិន នៅបរទេស។ ចំណាត់ការនេះ នឹងអាចបង្កើនហានិភ័យផ្នែកអនុលោមភាពសម្រាប់វិនិយោគិនសកល ដែលកំពុងធ្វើការនៅក្នុងវិស័យរសើប ដូចជាបច្ចេកវិទ្យា និង AI ជាដើម។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏បានគូសបញ្ជាក់ដែរថា ច្បាប់ថ្មីនេះក៏មានការចែងយ៉ាងច្បាស់ក្នុងការមិនគាំទ្រ ឬមិនលើកទឹកចិត្តដល់ការផ្ទេរភាគហ៊ុនដោយក្រុមហ៊ុនក្នុងស្រុកទៅឱ្យវិនិយោគិនបរទេសឡើយ ប្រសិនបើគ្មានការយល់ព្រម និងអនុម័តជាផ្លូវការពីទីក្រុងប៉េកាំង។
រហូតមកទល់ពេលនេះ រដ្ឋាភិបាលចិន តែងតែចាត់ទុកបច្ចេកវិទ្យា AI គឺជាវិស័យយុទ្ធសាស្ត្រដ៏រសើប និងមានសារៈសំខាន់បំផុតចំពោះសន្តិសុខជាតិ។ ហេតុនេះហើយបានជាទីក្រុងប៉េកាំង បង្កើនកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីគ្រប់គ្រង និងទប់ស្កាត់រាល់លំហូរចេញនៃបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា ក៏ដូចជាធនធានមនុស្សដែលមានទេពកោសល្យខ្ពស់យ៉ាងម៉ឺងម៉ាត់ និងហ្មត់ចត់បំផុតនាពេលនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញយល់ថា រដ្ឋគួរតែបង្កើតកន្លែងស្តុកប្រេងឥន្ធនៈ​ដោយខ្លួនឯង និងស្នើបង្កើនបរិមាណស្តុកប្រេង ដើម្បីធានាការប្រើប្រាស់ឱ្យបានយូរជាងបច្ចុប្បន្ន

វិបត្តិប្រេងឥន្ធនៈជាសកល ដែលបង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងជះឥទ្ធិពលដោយផ្ទាល់មកលើខ្សែច្រវាក់ផលិតកម្មក្នុងស្រុកនិងជំរុញឱ្យថ្លៃដើមផលិ…

ការបោកប្រាស់ដោយប្រើសំឡេង AI ដូចម្ចាស់ដើម កំពុងកក្រើកខ្លាំងនៅអាម៉េរិក ខណៈអ្នកជំនាញណែនាំពីវិធីទប់ទល់

យោងតាមទិន្នន័យពីការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានឱ្យដឹងថា កាលពីឆ្នាំមុន ប្រជាជនអាម៉េរិក បានខាតបង់ប្រាក់អស់ជាង៨៩៣លានដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ