មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា សេដ្ឋកិច្ចពិភពលោកអាចនឹងសម្រេចបានកំណើនក្នុងរង្វង់៣,១% ក្នុងឆ្នាំ២០២៦ ដែលខ្ពស់ជាងការព្យាករលើកមុនដែលមានត្រឹម៣%។ កំណើននេះត្រូវបានព្យាករថា នឹងកើនដល់៣,៤% នៅឆ្នាំ២០២៧ ប៉ុន្តែនៅតែទាបជាងកំណើន៣,៥% ដែលសម្រេចបានក្នុងឆ្នាំ២០២៥។ របាយការណ៍នេះត្រូវបានចេញផ្សាយ ខណៈមេដឹកនាំហិរញ្ញវត្ថុមកពីជុំវិញពិភពលោកជួបជុំគ្នានៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំរបស់មូលនិធិ IMF និងធនាគារពិភពលោក។
មូលនិធិ IMF បានបញ្ជាក់ថា ការរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យា AI កំពុងជួយទ្រទ្រង់សេដ្ឋកិច្ច ទោះបីជាតម្លៃប្រេង និងឧស្ម័នកើនឡើងក៏ដោយ។ ប៉ុន្តែអត្ថប្រយោជន៍នេះមិនត្រូវបានចែកចាយស្មើៗគ្នានោះទេ ដោយសហរដ្ឋអាម៉េរិក និងចិនរួមគ្នាមានចំណែកគ្របដណ្ដប់រហូតដល់ទៅជាង៣ភាគ៤ នៃតម្រូវការសុទ្ធសម្រាប់បន្ទះឈីប និងឧបករណ៍ពាក់ព័ន្ធបច្ចេកវិទ្យា AI។
មូលនិធិ IMF ក៏ព្រមានពីហានិភ័យ នៃការធ្លាក់ចុះខ្លាំង នៃទីផ្សារភាគហ៊ុនដែលពាក់ព័ន្ធនឹង AI ការកើនឡើងថ្លៃប្រាក់កម្ចី និងការវាយប្រហារតាមអ៊ីនធឺណិត ដែលអាចប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុ។ ជាមួយគ្នានេះ បច្ចេកវិទ្យា AI អាចជះផលប៉ះពាល់ដល់ការងារប្រមាណ៤០% នៅទូទាំងពិភពលោកតាមរយៈការផ្លាស់ប្តូរមុខងារ ការបន្ថយតួនាទី ឬការលុបបំបាត់ការងារមួយចំនួនរបស់មនុស្ស។
ចំពោះសេដ្ឋកិច្ចនៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ មូលនិធិ IMF ព្យាករថា កំណើននឹងថយចុះមកនៅត្រឹម៣,៧% ក្នុងឆ្នាំ២០២៦ ដោយធ្លាក់ចុះពី៤,៥% ក្នុងឆ្នាំ២០២៥ ដោយសារកត្តាមួយចំនួន រួមទាំងថ្លៃថាមពលខ្ពស់ផងដែរ។ ចំណែកឯប្រទេសចិន ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៥% ខណៈឥណ្ឌាត្រូវបានរំពឹងថា នឹងបន្តនាំមុខសេដ្ឋកិច្ចធំៗជាមួយកំណើន៧%។
ទន្ទឹមនឹងនេះ IMF ជំរុញឱ្យរដ្ឋាភិបាលនានាគ្រប់គ្រងបំណុលដែលកំពុងកើនឡើង និងពង្រឹងហិរញ្ញវត្ថុ សាធារណៈ ដើម្បីត្រៀមទប់ទល់នឹងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចនាពេលខាងមុខ៕
ដោយ: តែម សុខុម