កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាយុទ្ធសាស្ត្រនេះ មានការអញ្ជើញចូលរួមដោយ ឧកញ៉ា អ៊ុច សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន AI Nexus Cambodia រួមជាមួយក្រុមអ្នកវិនិយោគជាន់ខ្ពស់ ឧកញ៉ា គីម ងួន សមាជិកក្រុមប្រឹក្សាភិបាល, ឧកញ៉ា ឡុង នីរ៉ុន និង លោក តាន់ ពុទ្ធារ័ត្ន តំណាង ARTIBINE Trust, លោក Kam Chin Seng ស្ថាបនិក និងជាប្រធានផ្នែកបច្ចេកវិទ្យា នៃក្រុមហ៊ុន NEXJARVIS Global រួមទាំងថ្នាក់ដឹកនាំសមាគមធុរកិច្ច និងអគ្គនាយកក្រុមហ៊ុនសរុបប្រមាណ ៥០ រូប។
ឧកញ៉ា អ៊ុច សោភ័ណ បានលើកឡើងថា ដំណាក់កាលនៃការប្រើប្រាស់ AI សម្រាប់តែការសាកល្បង ឬការកម្សាន្តត្រូវបានបញ្ចប់ ហើយពេលនេះគឺជាយុគសម័យនៃការយក AI មកបម្រើការងារអាជីវកម្មជាក់ស្តែង ជួយម្ចាស់អាជីវកម្មក្នុងស្រុកកាត់បន្ថយការខាតបង់ពេលវេលា និងពង្រីកសក្តានុពលប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗក្នុងតំបន់។
ជាមួយគ្នានេះ លោក ឌឿក តារាវុធ នាយកគ្រប់គ្រង AI Nexus Cambodia បានបង្ហាញថា ការប្រើប្រាស់ប្រព័ន្ធ OCR កម្រិតខ្ពស់ និងភ្នាក់ងារសំឡេង AI របស់ AI Nexus នឹងជួយរំដោះសហគ្រាស SME ពីការជាប់គាំងលើការងាររដ្ឋបាល និងគណនេយ្យ ដោយកាត់បន្ថយរយៈពេលបិទបញ្ជីហិរញ្ញវត្ថុប្រចាំខែពី ២០ ថ្ងៃ មកនៅត្រឹម ៥ ថ្ងៃ ព្រមទាំងលើកកម្ពស់បុគ្គលិកការិយាល័យឱ្យក្លាយជាអ្នកបញ្ជាបច្ចេកវិទ្យាដ៏មានសមត្ថភាពខ្ពស់។