អ៊ីរ៉ង់គំរាមកម្ទេចតំបន់មជ្ឈិមបូព៌ា បើសិនអាម៉េរិកនៅតែវាយប្រហារលើខ្លួន

អ៊ីរ៉ង់ព្រមានអាម៉េរិកកុំឱ្យរំលងបន្ទាត់ក្រហមនៅច្រក ហ័រម៉ូស និងគំរាមកម្ទេចតំបន់មជ្ឈិមបូព៌ា


ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាបានឡើងកម្តៅយ៉ាងក្តៅគគុក និងគួរឱ្យព្រួយបារម្ភបំផុត។ កាលពីថ្ងៃទី១៦ ខែកក្កដា អ៊ីរ៉ង់ បានព្រមានតបតអាម៉េរិកយ៉ាងខ្លាំងក្លា និងដាច់ខាតថា ខ្លួននឹងវាយកម្ទេចរាល់គោលដៅយុទ្ធសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ាឱ្យក្លាយជាផេះផង់ ប្រសិនបើប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ហ៊ានបញ្ជាឱ្យវាយប្រហារលើទឹកដីអ៊ីរ៉ង់ដូចការគំរាមកំហែងមែននោះ។ ការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងនេះកំពុងរុញច្រានតម្លៃប្រេងឆៅពិភពលោកឱ្យហក់ឡើងភ្លាមៗតែម្តង។
អ៊ីរ៉ង់គំរាមកម្ទេចតំបន់មជ្ឈិមបូព៌ា បើសិនអាម៉េរិកនៅតែវាយប្រហារលើខ្លួន
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និង CNBC បានឱ្យដឹងថា ជម្លោះពាក្យសម្តី និងការគំរាមកំហែងផ្នែកយោធារវាងអាម៉េរិក និងអ៊ីរ៉ង់បានផ្ទុះឡើងជាថ្មី ក្រោយលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ទូរទស្សន៍ Fox News ថា កងទ័ពអាម៉េរិកនឹងវាយកម្ទេចរោងចក្រអគ្គិសនី និងស្ពានសំខាន់ៗរបស់អ៊ីរ៉ង់នៅសប្តាហ៍ខាងមុខ ប្រសិនបើការចរចាការទូតណាមួយមិនទទួលបានលទ្ធផលល្អ ហើយអ៊ីរ៉ង់មិនព្រមចូលតុចរចាឡើងវិញទេនោះ។ ជាការឆ្លើយតបអ្នកនាំពាក្យបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ បានបង្ហោះសារព្រមាននៅលើបណ្ដាញតេឡេក្រាមថា បើសិនអាម៉េរិកហ៊ានតែរំលោភបំពានសូម្បីតែបន្តិច រាល់ហេដ្ឋារចនាសម្ព័ន្ធរបស់អាម៉េរិក និងសម្ព័ន្ធមិត្តដែលនៅសេសសល់ក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល នឹងត្រូវកម្ទេចឱ្យខ្ទេចខ្ទីក្លាយជាផេះផង់ ក្រោមការវាយប្រហារដ៏សាហាវរបស់កងទ័ពអ៊ីរ៉ង់។
បញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យអាម៉េរិក ដែលជារដ្ឋបរទេសក្រៅតំបន់ចូលមកលូកដៃជ្រៀតជ្រែកក្នុងច្រកសមុទ្រ Hormuz ឡើយ ព្រោះនេះជាខ្សែបន្ទាត់ក្រហមរបស់អ៊ីរ៉ង់ ដែលមិនអាចរំលោភបំពានបានជាដាច់ខាត។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃសុក្រ នេះថា អ៊ីរ៉ង់កំពុងពង្រីកឥទ្ធិពលគ្រប់គ្រងរបស់ខ្លួនលើផ្លូវនាវាចរណ៍ពិភពលោក។ ប្រភពព័ត៌មានសម្ងាត់បានទម្លាយថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានបញ្ជាឱ្យក្រុមសកម្មប្រយុទ្ធហ៊ូធី នៅក្នុងប្រទេសយេម៉ែន ត្រៀមលក្ខណៈបិទផ្លូវដឹកជញ្ជូនប្រេងនៅច្រកសមុទ្រក្រហម ប្រសិនបើកងកម្លាំងអាម៉េរិកចាប់ផ្តើមការវាយប្រហារពិតមែន។
ជាមួយគ្នានេះទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានចុះផ្សាយថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានបើកការវាយប្រហារសងសឹកទៅលើទីបញ្ជាការប្រតិបត្តិការពិសេសរបស់អាម៉េរិកនៅមូលដ្ឋានទ័ព អាល់ តាន (al-Tanf) ក្នុងប្រទេសស៊ីរី រួចទៅហើយដើម្បីសងសឹកចំពោះការបាត់បង់ទាហានអ៊ីរ៉ង់កាលពីពេលថ្មីៗនេះ។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ក៏បានប្រកាសក្តែងៗដែរថា ខ្លួនកំពុងគ្រប់គ្រងច្រកសមុទ្រ Hormuz ទាំងស្រុង ហើយនឹងមិនអនុញ្ញាតឱ្យមានការនាំចេញប្រេង ឬឧស្ម័នណាមួយឆ្លងកាត់តាមផ្លូវទឹកដ៏សំខាន់នេះឡើយដរាបណាការវាយប្រហាររបស់អាម៉េរិកនៅតែបន្ត។
វិបត្តិសឹកមាត់ច្រកសមុទ្រដ៏ក្តៅគគុកនេះបានធ្វើឱ្យទីផ្សារថាមពលពិភពលោករងការរង្គោះរង្គើយ៉ាងខ្លាំង ដោយតម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង៧០សេនឡើងដល់ជិត៨៥ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាម៉េរិកបានកើនឡើង៨១សេនឈានដល់ជិត៨០ដុល្លារក្នុងមួយបារ៉ែលនៅក្នុងការជួញដូរនៅថ្ងៃសុក្រ នេះ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ផលិតផលឥណទានមាសកើនទ្រព្យ អិលអូអិលស៊ី ដាក់ដំណើរការនៅគ្រប់សាខាក្នុងរាជធានីភ្នំពេញហើយ!

ដើម្បីនាំយកសេវាហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងឆ្លើយតបតម្រូវការរបស់អតិថិជនកាន់តែទូលំទូលាយ អិលអូអិលស៊ី បានដាក់ឱ្យដំណើរការផលិតផល «ឥណទ…

តើតម្លៃសំបុត្រយន្តហោះចេញចូលកម្ពុជា ប្រែប្រួលយ៉ាងណា ក្រោយតម្លៃប្រេងមានការធ្លាក់ចុះ?

អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍បានអះអាងថា តម្លៃសំបុត្រយន្តហោះដែលបានហក់ឡើងខ្ពស់កាលពីពេលកន្លងទៅ ហាក់មានភាពធូរស្បើយវិញហើយ ក្រោយសកម្មភាពហោះហើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ