អំពើពុករលួយ

ក្រោយផ្ទុះរឿងអាស្រូវសូឡា១ដើមតម្លៃ៨លានរៀល អ្នកជំនាញស្នើរដ្ឋាភិបាល គួរបើកការស៊ើបអង្កេតទូទាំងប្រទេស ដើម្បីលាងជម្រះអំពើពុករលួយ


រឿងអាស្រូវពុករលួយពាក់ព័ន្ធបង្គោលភ្លើងសូឡាតម្លៃ៨លានរៀល ឬប្រមាណ២,០០០ដុល្លារក្នុងមួយដើមនៅខេត្តកំពង់ឆ្នាំង កំពុងបង្កការភ្ញាក់ផ្អើល និងចោទជាសញ្ញាសួរជុំវិញតម្លាភាព ប្រសិទ្ធភាព និងគណនីភាពក្នុងការប្រើប្រាស់ថវិកាជាតិ ដែលបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ។
អំពើពុករលួយ
ដោយ

ជុំវិញរឿងអាស្រូវនេះ ក្រុមអ្នកជំនាញបានជំរុញយ៉ាងទទូចឱ្យរាជរដ្ឋាភិបាល បើកការស៊ើបអង្កេតទ្រង់ទ្រាយធំលើគម្រោងអភិវឌ្ឍន៍ស្រដៀងគ្នានៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ដើម្បីកាប់ឆ្ការអំពើពុករលួយជាប្រព័ន្ធនៅថ្នាក់មូលដ្ឋាន និងការពារកុំឱ្យលុយពន្ធរបស់ប្រជាពលរដ្ឋត្រូវធ្លាក់ចូលក្នុងហោប៉ៅបុគ្គលខូចមួយចំនួន។

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់យ៉ាងចាក់ដោតថា ករណីបង្គោលភ្លើងសូឡាតម្លៃថ្លៃកប់ពពកនៅខេត្តកំពង់ឆ្នាំងនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពទន់ខ្សោយ នៃគណនីភាពក្នុងការអនុវត្តគម្រោងថវិការដ្ឋ។ លោកបណ្ឌិត បានស្នើឱ្យមានការស៊ើបអង្កេតឱ្យដល់ឫសគល់ និងស៊ីជម្រៅបំផុត ព្រោះរូបភាពនៃការគប់គិតគ្នាកេងចំណេញថវិកាជាតិបែបនេះ អាចនឹងកំពុងកើតមានឡើងយ៉ាងស្ងាត់ស្ងៀមនៅតាមមន្ទីរ-ស្ថាប័នក្រោមឱវាទជាច្រើនទៀតនៅតំបន់ផ្សេងៗ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា រដ្ឋគួរបើកចិត្តឱ្យទូលាយទទួលយកប្រជាពលរដ្ឋធ្វើជាកញ្ចក់ឆ្លុះតថភាព និងជាអ្នកតាមដាន ដើម្បីធានាថា លុយពន្ធរបស់ពលរដ្ឋត្រូវបានប្រើប្រាស់ចំគោលដៅ និងមិនលេចធ្លាយចូលហោប៉ៅមន្ត្រីខិលខូចមួយចំនួន។

ជាមួយគ្នានេះលោក ឱក សេរីសោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អសង្កេតឃើញថា ភាពមិនប្រក្រតី នៃគម្រោងដេញថ្លៃបង្គោលភ្លើងសូឡានៅខេត្តកំពង់ឆ្នាំង ដែលមានតម្លៃរហូតដល់៨លានរៀលក្នុង១ដើមនេះ មិនមែនជាបញ្ហាថ្មីដែលទើបតែកើតមានឡើងនោះទេ ប៉ុន្តែជាវប្បធម៌គប់គិតគ្នាជាប្រព័ន្ធរវាងក្រុមហ៊ុនដេញថ្លៃ និងអាជ្ញាធរមូលដ្ឋានមួយចំនួនជាយូរមកហើយ។ អ្នកជំនាញរូបនេះថា គម្លាតនៃការអនុវត្តរបស់មន្រ្តីថ្នាក់មូលដ្ឋានដែលតែងកេងចំណេញលើថវិកាជាតិ និងលុយបង់ពន្ធរបស់ប្រជាពលរដ្ឋ ដែលខុសពីឆន្ទៈនយោបាយយ៉ាងម៉ឺងម៉ាត់ក្នុងការកែទម្រង់របស់រដ្ឋាភិបាលនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធគួរបើកស៊ើបអង្កេតឱ្យដល់ឬសគុលហើយដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរ ដើម្បីឱ្យរាងចាល។

ជុំវិញបង្គោលភ្លើងសូឡាតម្លៃ៨លានរៀលនេះដែរ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ចប់តំណែងអ្នកគប់គិតចំនួនពីររូបរួមមានលោក ហង្ស ពិសី នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងលោក វ៉ាន់ ថេន នាយកទីចាត់ការអន្តរវិស័យសាលាខេត្តមកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។ ការញ្ចប់មុខតំណែងនេះធ្វើឡើងបន្ទាប់ពី អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានស៊ើបអង្កេតស្រាវជ្រាវរកឃើញមានភាពមិនប្រក្រតី នៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំចំនួន៥ នៃខេត្តកំពង់ឆ្នាំងរួមទាំងរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធនានាមកអនុវត្តតាមច្បាប់៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


លោកស្រី ខារ៉ូលីន អ្នកនាំពាក្យសេតវិមានដ៏ស្មោះស្ម័គ្ររបស់លោក ត្រាំ នឹងលាលែងពីតំណែង

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី១២ ខែសីហា ថា លោកស្រី ខារ៉ូលីន ឡេវីត (Karoline Leavitt) អ្នក…

ក្រសួងសេដ្ឋកិច្ច រំពឹងប្រមូលចំណូលពន្ធបានលើសផែនការនៅឆ្នាំនេះ ទោះប្រឈមនឹងហានិភ័យ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា ការប្រមូលចំណូលពន្ធសរុបសម្រាប់ពេញមួយឆ្នាំ២០២៦នេះ នឹងសម្រេចបានលើសផែនការច្បាប់ហិរញ្ញវត្ថុប្រមាណ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ