លោកស្រី Sheikh Hasina

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស គ្រោងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំនេះ ប៉ុន្តែអាចត្រូវចាប់ខ្លួនភ្លាមៗ


តើអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស ដែលត្រូវបានទម្លាក់ពីអំណាច អាចធ្វើមាតុភូមិនិវត្តន៍ដោយ​ សុវត្ថិភាពដែរទេ? លោកស្រី Sheikh Hasina បានប្រកាសកំណត់ថ្ងៃវិលចូលស្រុកពីការនិរទេសខ្លួននៅប្រទេសឥណ្ឌា នៅថ្ងៃទី១៦ ខែធ្នូ ខាងមុខ។
លោកស្រី Sheikh Hasina
ដោយ

ប៉ុន្តែការវិលត្រឡប់នេះអាចបង្កឱ្យមានការប្រឈមមុខគ្នាដ៏ក្តៅគគុកទាំងផ្នែកនយោបាយ និងផ្លូវច្បាប់ ខណៈរដ្ឋាភិបាលបង់ក្លាដែស ព្រមានថា លោកស្រីអាច
ត្រឡប់មកវិញបាន លុះត្រាតែមានការធ្វើបត្យាប័ន ហើយនឹងត្រូវប្រឈមការចាប់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ វិច្ឆិកា នេះ។

Story: អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina វ័យ ៧៩ ឆ្នាំ ចង់វិលត្រឡប់មកប្រទេសបង់ក្លាដែស វិញនៅថ្ងៃទី១៦ ខែធ្នូ ដែលជាថ្ងៃជ័យជម្នះ និងជាថ្ងៃរំឭកខួបនៃការទទួលបានឯករាជ្យរបស់ប្រទេសនេះពីប៉ាគីស្ថាន ក្នុងឆ្នាំ១៩៧១។ លោកស្រីថែមទាំងបានស្នើឱ្យរដ្ឋាភិបាលរៀបចំយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Biman Bangladesh Airlines ដើម្បីដឹកលោកស្រីពីទីក្រុងញូវដេលី មកកាន់រដ្ឋធានីដាកា ទៀតផង។

នេះជាលើកដំបូងហើយដែលលោកស្រី Sheikh Hasina បានកំណត់កាលបរិច្ឆេទវិលត្រឡប់យ៉ាងច្បាស់ចាប់តាំងពីភៀសខ្លួនទៅប្រទេសឥណ្ឌា កាលពីខែសីហា ឆ្នាំ២០២៤ ក្រោយការបះបោរដឹកនាំដោយនិស្សិត ដែលបានបញ្ចប់ការកាន់អំណាចរយៈពេល ១៥ ឆ្នាំរបស់លោកស្រី។

ទោះជាយ៉ាងណា រដ្ឋាភិបាលបង់ក្លាដែស បានច្រានចោលសំណើសុំរៀបចំយន្តហោះនេះ។ លោកស្រី Sheikh Hasina ត្រូវបានតុលាការកាត់ទោសប្រហារជីវិតកាលពីឆ្នាំមុនដោយកាត់កំបាំងមុខ ពីបទបញ្ជាឱ្យបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករ។ ប៉ុន្តែលោកស្រីបានបដិសេធការចោទប្រកាន់ទាំងនេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបង់ក្លាដែស បានបញ្ជាក់ថា លោកស្រីអាចវិលត្រឡប់មកវិញបានតែតាមរយៈកិច្ចព្រមព្រៀងធ្វើបត្យាប័នប៉ុណ្ណោះ ហើយនឹងត្រូវចាប់ខ្លួន និងស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹង។

ចំណែកឯឥណ្ឌា បាននិយាយកាលពីខែមេសាថា ខ្លួនកំពុងពិនិត្យសំណើធ្វើបត្យាប័នរបស់បង់ក្លាដែស ប៉ុន្តែមិនទាន់ប្រកាសលទ្ធផលសម្រេចនៅឡើយទេ។

អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សរហូតដល់ ១.៤០០ នាក់បានស្លាប់ក្នុងអំឡុងភាពចលាចល ដែលឈានដល់ការបណ្តេញលោកស្រី Sheikh Hasina ចេញពីអំណាច៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទឹកជំនន់បំផ្លាញសេដ្ឋកិច្ចថៃអស់ជាង ៤៥ពាន់លានបាត ខណៈបាតុភូតអែលនីញ៉ូកំពុងគំរាមកសិករថៃបន្ត

គ្រោះទឹកជំនន់ដ៏ធំក្នុងប្រទេសថៃនៅឆ្នាំ២០២៦នេះ បានបំផ្លាញសេដ្ឋកិច្ចថៃអស់ប្រមាណ ៤៥,០៧ពាន់លានបាត ឬប្រមាណជិត ១,៣៣ពាន់លានដុល្លារអាម៉េរិក ដោយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ