ទិន្នន័យសម្រាប់ត្រីមាសទី២ឆ្នាំ២០២៦ ពីការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប Eurostat បានបង្ហាញថា បំណុលរដ្ឋាភិបាលរបស់ប្រទេសទាំង២៧នៅសហភាពអឺរ៉ុបមានចំនួនសរុបស្មើនឹងជិត៨៣% នៃផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងពីជាង៨១%ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមប្រទេសទាំងនេះ ក្រិកជាប់ចំណាត់ថ្នាក់លេខ១ ដោយមានបំណុលស្មើនឹងជិត១៤១% នៃ GDP តាមពីក្រោយដោយអ៊ីតាលី ដែលមានបំណុលជិត១១៤០% នៃ GDP។ ចំណែកឯបារាំងឈរនៅលេខ៣មានបំណុលជាង១១៩% នៃ GDP បន្ទាប់មកគឺបែលហ្ស៊ិក មានបំណុលជាង១១០% នៃ GDP។
រីឯអង់គ្លេស និងអេស្ប៉ាញ ក៏មានបំណុលលើសពី១០០% នៃ GDP ផងដែរ។
ផ្ទុយទៅវិញ ស្វីស ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាបំណុលទាបបំផុតនៅអឺរ៉ុប ដោយមានត្រឹមតែជាង២៣% នៃ GDP ប៉ុណ្ណោះ។ ចំណែកឯដាណឺម៉ាក អេស្តូនី និងស៊ុយអែត ក៏រក្សាបំណុលរបស់ខ្លួននៅក្រោម ៤០% នៃ GDP ផងដែរ។ គួរឱ្យកត់សម្គាល់ ទោះបីជាក្រិកនៅតែមានអត្រាបំណុលខ្ពស់បំផុតក៏ដោយ ក៏ប្រទេសនេះបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយបន្ទុកបំណុល ដោយអត្រាបំណុលធ្លាក់ចុះជាង១១% ក្នុងរយៈពេលមួយឆ្នាំ។ វឌ្ឍនភាពនេះបានមកពីអតិរេកថវិកាកំណើនសេដ្ឋកិច្ច និងការសងបំណុល។
ចំណែកបារាំង កំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង ដោយឱនភាពថវិការបស់ប្រទេសនេះត្រូវបានរំពឹងថា នឹងលើសពី៥% នៃGDP ខណៈការចំណាយលើការប្រាក់កំពុងកើនឡើង និងបន្ថែមបន្ទុកដល់ហិរញ្ញវត្ថុសាធារណៈ។ ប្រសិនបើនិន្នាការនេះនៅតែបន្តអត្រាបំណុលរបស់បារាំង អាចកើនលើស ១២៣% នៃ GDP នៅឆ្នាំ២០២៨។
តួលេខទាំងនេះបង្ហាញថា បញ្ហាបំណុលកំពុងក្លាយជាបន្ទុកកាន់តែធ្ងន់សម្រាប់ប្រទេសមួយចំនួននៅអឺរ៉ុប ដែលអាចរឹតត្បិតសមត្ថភាពរដ្ឋាភិបាលក្នុងការចំណាយលើសេវាសាធារណៈ និងការវិនិយោគនាពេលអនាគត៕
ដោយ: តែម សុខុម