ទីផ្សារថាមពល

តើកិច្ចព្រមព្រៀងប្រេងប្រវត្តិសាស្ត្ររវាងលោក ត្រាំ និងវេណេស៊ុយអេឡា អាចផ្លាស់ប្តូរតុល្យភាពទីផ្សារថាមពលពិភពលោកបានកម្រិតណា?


ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ហៅ​កិច្ចព្រមព្រៀងប្រេងថ្មីជាមួយប្រទេសវេណេស៊ុយអេឡា ថា ជាកិច្ចព្រមព្រៀងប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលអាចផ្តល់សិទ្ធិឱ្យ​អាម៉េរិក ប្រើប្រាស់ធនធារ៉ែប្រេងដ៏ធំសម្បើមរបស់វេណេស៊ុយអេឡា។ ប៉ុន្តែនៅពីក្រោយការប្រកាសរបស់​លោក ត្រាំ មានសំណួរសំខាន់ៗបានចោទសួរ​ថា តើអ្នកណាជាអ្នកគ្រប់គ្រងប្រេង? អ្នកណាជាអ្នកចេញថ្លៃអភិវឌ្ឍ? តើកិច្ចព្រមព្រៀងនេះអាចផ្លាស់ប្តូរតុល្យភាពទីផ្សារថាមពលពិភពលោកបានកម្រិតណា?
ទីផ្សារថាមពល
ដោយ

កិច្ចព្រមព្រៀងប្រេង ដែលបានប្រកាសកាលពីថ្ងៃសុក្រ សប្តាហ៍មុន នឹងផ្តល់សិទ្ធិដល់ក្រុមហ៊ុនថ្មីមួយដែលបង្កើតឡើងដោយមានការចូលរួមពីអាម៉េរិក និងវេណេស៊ុយអេឡា ដើម្បីអភិវឌ្ឍអណ្តូងប្រេងចំនួន១៧ទីតាំងដែលអាចមានប្រេងរហូតដល់ទៅប្រមាណ៦៥ពាន់លានបារ៉ែល។ នេះបើយោងតាមសារព័ត៌មាន Euro News ចុះផ្សាយនៅថ្ងៃទី៣១ សីហា។ មេដឹកនាំបណ្តោះអាសន្នរបស់វេណេស៊ុយអេឡា លោកស្រី ដេលស៊ី រ៉ូទ្រីហ្គេស (Delcy Rodríguez) បាននិយាយថា កិច្ចព្រមព្រៀងនេះអាចទាក់ទាញការវិនិយោគរហូតដល់១០០ពាន់លានដុល្លារ និងបង្កើតចំណូលពន្ធជាង២០៩ពាន់លានដុល្លារសម្រាប់រដ្ឋាភិបាលវេណេស៊ុយអេឡា។
អាម៉េរិកនឹងទទួលបានចំណែកប្រមាណ៥៥% នៃទិន្នផលរបស់ក្រុមហ៊ុនរួមទាំងសិទ្ធិកាន់កាប់ និងសិទ្ធិទិញប្រេងក្នុងតម្លៃដើម។ ប្រេងមួយចំនួន ក៏នឹងត្រូវបានផ្គត់ផ្គង់ដល់យោធាអាម៉េរិក និងស្តុកប្រេងបម្រុងជាយុទ្ធសាស្ត្របស់អាម៉េរិក ផងដែរ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះកំពុងប្រឈមការរិះគន់ផ្នែកនយោបាយ ដោយអ្នករិះគន់នៅវេណេស៊ុយអេឡា ចាត់ទុកថា ជាការបោះបង់ចោលគោលការណ៍ដែលប្រទេសនេះបានប្រកាន់យកជាច្រើនទសវត្សរ៍មកហើយថា ធនធានធម្មជាតិ គួរតែស្ថិតក្រោមការគ្រប់គ្រងរបស់វេណេស៊ុយអេឡា។

លោក រីកាដូ ហូស្មេន (Ricardo Hausmann) អតីតរដ្ឋមន្ត្រីផែនការវេណេស៊ុយអេឡា បានហៅកិច្ចព្រមព្រៀងនេះថា គួរឱ្យអាម៉ាស់ និងចោទសួរអំពីសិទ្ធិអំណាចរបស់លោកស្រី ដេលស៊ី រ៉ូទ្រីហ្គេស ក្នុងការចុះកិច្ចព្រមព្រៀងបែបនេះ។ ប៉ុន្តែលោកស្រី ដេលស៊ី បានបដិសេធការចោទប្រកាន់ដោយអះអាងថា វេណេស៊ុយអេឡា នៅតែជាម្ចាស់ និងជាអ្នកគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួន។ លោកស្រីថា គោលដៅ គឺប្រែក្លាយប្រទេសឱ្យក្លាយជាមហាអំណាចប្រេង និងឧស្ម័ន។
នៅអាម៉េរិក អ្នកគាំទ្រលោក ត្រាំ សរសើរកិច្ចព្រមព្រៀងនេះ ខណៈអ្នកប្រជាធិបតេយ្យរិះគន់ថា លោក ត្រាំ កំពុងប្រើអំណាច និងធនធានអាម៉េរិក ដើម្បីទទួលបានប្រេងវេណេស៊ុយអេឡា។ ទោះជាយ៉ាងណាព័ត៌មានសំខាន់ៗជាច្រើននៅមិនទាន់ច្បាស់នៅឡើយទេ ដោយក្រុមហ៊ុនឯកជនដែលពាក់ព័ន្ធមិនទាន់ត្រូវបានបង្ហាញឈ្មោះ ហើយក៏មិនទាន់ដឹងថា អ្នកណានឹងចេញថ្លៃវិនិយោគដ៏មហាសាល ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធប្រេងដែលខូចខាតរបស់វេណេស៊ុយអេឡានោះដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកវិភាគព្រមានថា ការគំរាមកំហែងរបស់លោក ត្រាំ លើកាណាដា គឺជាការបំផ្លាញប្រយោជន៍យុទ្ធសាស្ត្ររបស់អាម៉េរិក

មកទល់ពេលនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងបន្តប្រើប្រាស់នយោបាយ គំរាមផង អនុវត្តផង ប្រឆាំងនឹងប្រទេសជាច្រើនលើពិភពលោក។ …

កសិករវៀតណាម កំពុងប្ដូរពីដំណាំកាហ្វេទៅដាំទុរេន ក្រោយមានតម្រូវការខ្ពស់ពីទីផ្សារចិន

តំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម ត្រូវបានគេស្គាល់ថា ជាជង្រុកកាហ្វេដ៏ធំមួយ ដែលផលិតគ្រាប់កាហ្វេបានរហូតដល់ទៅ១ភាគ៦ នៃទិន្នផលសរុបនៅលើពិភពល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ