អត្ថបទវិភាគដ៏មានឥទ្ធិពលមួយរបស់សារព័ត៌មាន Financial Times បានគូសបញ្ជាក់ថា អ្វីដែលលោក ត្រាំ កំពុងធ្វើដាក់កាណាដា នាពេលនេះ គឺជាការបរាជ័យជាយុទ្ធសាស្ត្រដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិក ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
អស់រយៈពេលជាង៦០ឆ្នាំមកហើយ ដែលសហរដ្ឋអាម៉េរិក និងកាណាដា បានរួមគ្នាកសាងសេដ្ឋកិច្ច និងជញ្ជាំងយុទ្ធសាស្ត្រនយោបាយយ៉ាងរឹងមាំ និងគ្មានប្រៀប។ ប៉ុន្តែនៅក្នុងអាណត្តិថ្មី នៃការវិលត្រឡប់មកកាន់សេតវិមានរបស់លោក ដូណាល់ ត្រាំ សម្ពន្ធភាពប្រវត្តិសាស្ត្រមួយនេះកំពុងរង្គោះរង្គើយ៉ាងខ្លាំង។ ក្រៅតែពីការប្រើប្រាស់អាវុធពន្ធដារមកគៀបសង្កត់ លោក ត្រាំ បានឈានដល់ការប្រើប្រាស់វោហាសព្ទការទូតដ៏គ្រោតគ្រាត និងប្រមាថមើលងាយ ដោយបានចាត់ទុកកាណាដា ត្រឹមតែជារដ្ឋទី៥១របស់សហរដ្ឋអាម៉េរិក ប៉ុណ្ណោះ។ គោលនយោបាយដ៏តឹងរ៉ឹង និងមើលស្រាលនេះ ត្រូវកាណាដា ចាត់ទុកថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់ខ្លួន។
ជាតួលេខជាក់ស្តែងអាម៉េរិក និងកាណាដា គឺជាដៃគូពាណិជ្ជកម្មដ៏ធំ ដែលមានទំហំរហូតដល់៩០០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈការវិនិយោគឆ្លងដែនរវាងប្រទេសទាំងពីរមានទំហំរហូតដល់១,២៥ទ្រីលានដុល្លារ។ ប៉ុន្តែគំនាបនយោបាយដែលលោក ត្រាំ កំពុងបង្កើតឡើងកំពុងដុតបញ្ឆេះកំហឹងជាតិនិយមរបស់ប្រជាជនកាណាដា។ យុទ្ធសាស្ត្រដាក់សម្ពាធតាមរយៈពន្ធដារ និងការគំរាមកំហែងផ្នែកនយោបាយ ដើម្បីបង្ខំឱ្យកាណាដា បត់បែនតាមចិត្តនោះ មិនត្រឹមតែគ្មានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរុញច្រានឱ្យកាណាដា បង្កើតចលនាជាតិនិយមប្រឆាំងអាម៉េរិក យ៉ាងខ្លាំងក្លាមិនធ្លាប់មាន។
ដើម្បីដោះស្រាយ និងកាត់បន្ថយហានិភ័យសេដ្ឋកិច្ច កាណាដា នាពេលនេះ កំពុងចាប់ផ្តើមងាកចេញពីអាម៉េរិក ដោយខិតខំពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសនៅតំបន់អាស៊ី។ អ្វីដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន កាន់តែស្រឡាំងកាំងនោះ គឺកាណាដា កំពុងបើកចំហផ្លូវសម្លឹងរកការចាប់ដៃពាណិជ្ជកម្មជាមួយចិន ថែមទៀតផង។
អ្នកវិភាគបានសន្និដ្ឋានថា សកម្មភាពទាំងអស់ដែលលោក ត្រាំ កំពុងបន្តធ្វើប្រឆាំងនឹងកាណាដា គឺមិនខុសពីការបំផ្លាញចោលនូវគ្រឹះទំនុកចិត្តប្រវត្តិសាស្ត្រ ដែលប្រទេសទាំងពីរបានខិតខំសាងសង់រួមគ្នាក្នុងរយៈពេលជាង៦ទសវត្សរ៍មកនេះឡើយ ហើយអ្នកដែលត្រូវទទួលរងខាតបង់យុទ្ធសាស្ត្រពិតប្រាកដ គឺសហរដ្ឋអាម៉េរិកខ្លួនឯងផ្ទាល់៕
ដោយៈ សរ សុជាតិ