យោងតាមក្រសួងកសិកម្មវៀតណាម ដោយសារមានអំណោយផលពីអាកាសធាតុ និងដីក្រហមដ៏មានជីជាតិ តំបន់ខ្ពង់រាបកណ្តាលរបស់វៀតណាម បានក្លាយជាប្រភពផលិតគ្រាប់កាហ្វេ រ៉ូប៊ូស្តា យ៉ាងសន្ធឹកសន្ធាប់ ដែលជួយឱ្យវៀតណាម ឈរលើលេខរៀងទី២ លើលោក បន្ទាប់ពីប្រទេសប្រេស៊ីល ក្នុងការនាំចេញកាហ្វេ។ ប៉ុន្តែនៅប៉ុន្មានទសវត្សរ៍ចុងក្រោយ ផ្ទៃដីដាំដុះដើមទុរេននៅទូទាំងប្រទេសវៀតណាម បានកើនឡើងរហូតដល់ទៅជាង៥ដង គឺរហូតដល់២០០,០០០ហិកតា ជាពិសេសនៅក្នុងខេត្ត ដាកឡាក់។
សារព័ត៌មាន CNA បានរាយការណ៍ថា ថ្វីបើវៀតណាម ទើបតែឈានជើងចូលទីផ្សារទុរេនចិនជាផ្លូវការតាមរយៈពិធីសារពាណិជ្ជកម្មឆ្នាំ២០២២ ក៏ដោយ ប៉ុន្តែត្រឹមតែរយៈពេលខ្លី វៀតណាមបានក្លាយជាអ្នកផ្គត់ផ្គង់ទុរេនធំបំផុត បើគិតតាមបរិមាណ ហើយថែមទាំងបានវាយបំបែកការក្តោបក្តាប់ទីផ្សារផ្តាច់មុខជិត២ទសវត្សរ៍របស់ប្រទេសថៃ បានយ៉ាងជោគជ័យ។
កាលពីមុនទុរេនជាផ្លែឈើប្រណីត ដែលមានតម្លៃថ្លៃហួសប្រមាណ ប៉ុន្តែការប្រកួតប្រជែងយ៉ាងស្រួចស្រាល់រវាងថៃ និងវៀតណាម រួមជាមួយប្រព័ន្ធដឹកជញ្ជូនកាន់តែរហ័សបានទាញទម្លាក់តម្លៃផ្លែទុរេនឱ្យទាបជាងមុន ដែលធ្វើឱ្យប្រជាជនចិនទូទៅអាចទិញទទួលទានបានយ៉ាងងាយស្រួល។ ជាក់ស្តែងកាលពីឆ្នាំមុន ប្រទេសចិនបាននាំចូលទុរេនស្រស់ក្នុងទំហំទឹកប្រាក់រហូតដល់ ជិត៧,៥ពាន់លានដុល្លារកើនឡើងជិត១២ដង បើធៀបនឹងឆ្នាំ២០១៥។
កត្តានេះ បានធ្វើឱ្យទីក្រុងប៉េកាំង សម្លឹងឃើញឱកាសដោយកំពុងជំរុញការដាំដុះទុរេនក្នុងស្រុកលើផ្ទៃដីជាង៣,០០០ហិកតា នៅលើកោះហៃណាន ភាគខាងត្បូង ដែលមានអាកាសធាតុស្រដៀងនឹងភាគខាងជើងប្រទេសវៀតណាម។
អ្នកវិភាគបានព្យាករថា នៅក្នុងឆ្នាំ២០២៦ នេះ ទំហំនៃការនាំចេញទុរេនរបស់វៀតណាម នឹងហក់ឡើងដល់៤ពាន់លានដុល្លារអាម៉េរិក ដែលជាការស្ទុះលោតផ្លោះយ៉ាងសម្បើមពី១៨០លានដុល្លារកាលពីឆ្នាំ២០២១ ហើយក្នុងនោះ៩០% នៃទិន្នផលសរុប គឺត្រូវបាននាំចេញទៅកាន់ទីផ្សារយក្សចិន៕
អត្ថបទៈ សួន ឡង់ទី