នាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានអះអាងថា ឡាវ ពុំទាន់ទទួលបាន របាយការណ៍រងគ្រោះណាមួយ ពីអ្នកនាំចេញទំនិញឡាវ ទៅកាន់ប្រទេសចិននោះទេ តាំងពីមានការផ្ទុះឡើងនៃមេរោគកូរ៉ូណា មកទល់ពេលនេះ បើទោះបីជាមកទល់ពេលនេះ ប្រទេសជិតខាងរបស់ខ្លួនដូចជាកម្ពុជា វៀតណាម និងថៃជាដើម បានឆ្លងវីរុសកូរ៉ូណានេះរួចហើយ។
កាលពីខែធ្នូ ឆ្នាំ ២០១៩កន្លងទៅ ឡាវ បាននាំចេញទំនិញជាង ១៧៥លានដុល្លារអាមេរិក ទៅកាន់ប្រទេសចិន ហើយរំពឹងថា ទំហំនៃការនាំចេញក្នុងខែមករា ឆ្នាំ ២០២០នេះ នឹងមិនមានការថមថយចុះ ដោយសារតែមេរោគកូរ៉ូណានោះទេ។
ទំហំពាណិជ្ជកម្មដែលប្រទេសទាំងពីរ សម្រេចបានក្នុងឆ្នាំ ២០១៩ គឺប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ឡាវ ភាគច្រើននាំចេញ ខ្សាច់ កៅស៊ូ ស្ពាន់ និងពោត ទៅកាន់ប្រទេសចិន ហើយអំឡុងពេលនេះ ឡាវ នាំចូលទំនិញប្រមាណជិត ១ពាន់លានដុល្លារអាមេរិក ពី ចិន មកវិញ រួមមានគ្រឿងបង្គុំរថយន្ត យានយន្ត ដែក និងឧបករណ៍អេឡិចត្រូនិក។
ម្យ៉ាងវិញទៀត ក្រសួងសុខាភិបាលឡាវ ក៏បានប្រកាសដែរថា គិតមកទល់ពេលនេះ ពុំទាន់មានករណីឆ្លងមេរោគកូរ៉ូណា ក្នុងប្រទេសឡាវនោះឡើយ បន្ទាប់ពីបានធ្វើតេស្តលើ អ្នកដំណើរចំនួន ១៣នាក់ ដែលសង្ស័យថា មានរោគសញ្ញាផ្ទុកមេរោគនេះ ហើយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់។
ដោយឡែក មានសិស្សនិស្សិតឡាវ ចំនួន ២៤២នាក់ កំពុងសិក្សានៅក្នុងប្រទេសចិន ក្នុងនោះមាន ៣៧នាក់ កំពុងរស់នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ដែលជាកន្លែងបង្កកំណើតនៃវីរុសថ្មីនេះ ហើយពួកគេ បានរាយការណ៍មកថា ពួកគេមានសុខភាព និងស្ថិតក្រោមការយកចិត្តទុកដាក់ពី អាជ្ញាធរចិន ប៉ុន្តែមិនអាចចាកចេញមកបាននោះទេ។
បើតាមរបាយការណ៍ពី គណៈកម្មាធិការសុខាភិបាលចិន គិតត្រឹមព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ករណីមនុស្សឆ្លងមេរោគ Corona បានកើនដល់ជាង ២ម៉ឺននាក់ និងសម្លាប់មនុស្សអស់ជាង ៤២០នាក់ នៅក្នុងប្រទេសចិន ក្រៅពីនោះក៏មាន ការព្យាបាលបានជាសះស្បើយ ប្រមាណ ៦៥០នាក់៕