បណ្ដាក្រុមហ៊ុនដឹកជញ្ជូនតាមកប៉ាល់នឹងនៅតែព្រួយបារម្ភថា សង្គ្រាមអាចនឹងផ្ទុះឡើងម្តងទៀតនៅតំបន់ឈូងសមុទ្រពែក្ស ហើយកប៉ាល់របស់ពួកគេអាចប្រឈមហានិភ័យ ឬជាប់គាំងក្នុងករណីមានផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់ជាថ្មី។ យ៉ាងណាមិញ លោក អេម៉ស ហចស្តាញ (Amos Hochstein) អតីតទីប្រឹក្សាជាន់ខ្ពស់ផ្នែកថាមពល និងសន្តិសុខរបស់អាម៉េរិក បានអះអាងថា មេដឹកនាំជាច្រើននៅតំបន់មជ្ឈិមបូព៌ាជឿថា អ៊ីរ៉ង់ បានបង្កើនឥទ្ធិពល និងការគ្រប់គ្រងជាក់ស្តែងលើច្រកសមុទ្រ Hormuz រួចទៅហើយ។
កត្តានេះបានធ្វើឱ្យអ្នកវិភាគប៉ាន់ប្រមាណថា ទោះបីមានការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ក៏បរិមាណកប៉ាល់ឆ្លងកាត់តាមច្រកសមុទ្រ Hormuz អាចស្ដារឡើងវិញបានត្រឹមចន្លោះពី៦០% ទៅ ៧០% នៃកម្រិតមុនសង្គ្រាមប៉ុណ្ណោះ ដោយសារកប៉ាល់ដែលមានទំនាក់ទំនងជាមួយប្រទេសចិន អាចធ្វើដំណើរបានរលូន ខណៈដែលកប៉ាល់លោកខាងលិច អាចប្រឈមនឹងការរឹតបន្តឹង ឬត្រូវការកិច្ចព្រមព្រៀងពិសេស ដើម្បីឆ្លងកាត់។
សូមបញ្ជាក់ថា ច្រកសមុទ្រ Hormuz មានសារៈសំខាន់ខ្លាំងណាស់ចំពោះទីផ្សារថាមពលពិភពលោក ដោយនៅមុនផ្ទុះសង្គ្រាមអ៊ីរ៉ង់ មានរហូតដល់ទៅប្រមាណ២០% នៃការផ្គត់ផ្គង់ប្រេង និងប្រមាណ ៣០% នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវរបស់ពិភពលោកបានឆ្លងកាត់ច្រកសមុទ្រនេះ។
ទោះបីប្រទេសដូចជា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមជាដើម កំពុងប្រើប្រាស់បំពង់បង្ហូរប្រេងជាជម្រើសក៏ដោយ ក៏ក្រុមអ្នកជំនាញបានបញ្ជាក់ថា មិនអាចជំនួសតួនាទីរបស់ Hormuz បានទាំងស្រុងនោះឡើយ។ ជាមួយគ្នានេះបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស កំពុងស្វែងរកផ្លូវជំនួសបន្ថែម ដើម្បីកាត់បន្ថយការពឹងផ្អែកលើច្រកសមុទ្រ Hormuz ខណៈដែលអ្នកជំនាញជាច្រើនជឿថា សារៈសំខាន់នៃច្រកសមុទ្រ Hormuz អាចនឹងថយចុះបន្តិចនាពេលអនាគត ប៉ុន្តែនៅតែជាចំណុចស្នូលសម្រាប់ការផ្គត់ផ្គង់ថាមពលពិភពលោក៕
ដោយ: តែម សុខុម