អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយថា ប្រទេសបារ៉ែន ដាណឺម៉ាក អាល្លឺម៉ង់ អ៊ីតាលី កាហ្សាក់ស្ថាន គុយវ៉ែត កាតា តាជីគីស្ថាន តួកគី អារ៉ាប់រួម អង់គ្លេសនិងអ៊ូសបេគីស្ថាន ក្នុងចំណោមនោះមានខ្លះបានចាប់ផ្តើមរួចហើយ និងខ្លះទៀតមិនយូរប៉ុន្មាននឹងចាប់ផ្តើមអនុញ្ញាតឱ្យជនជាតិអាមេរិកឆ្លងកាត់ទឹកដីរបស់ពួកគេក្នុងការជម្លៀសពលរដ្ឋអាហ្វហ្កានីស្ថាន ។
កាលពីថ្ងៃសុក្រនេះ ត្រូវបានគេរាយការណ៍ថា ជើងហោះហើរត្រូវបានផ្អាកជិត ៦ម៉ោង ដោយយសារការកកស្ទះនៅព្រលានយន្តហោះ Al Udeid ព្រោះថា ជើងហោះហើរភាគច្រើននឹងធ្វើដំណើរទៅប្រទេសកាតា ទន្ទឹមនេះ មានពលរដ្ឋអាហ្វហ្កានីស្ថានប្រមាណជាង ៨ពាន់នាក់បានជ្រកកោននៅទីនោះ។ យ៉ាងណាមិញ ប្រទេសចំនួន ១២ ផ្សេងទៀតក៏បានផ្តល់ជូនពលរដ្ឋអាហ្វហ្កានីស្ថានដែលប្រឈមហានិភ័យទាក់ទងនឹងការផ្លាស់ប្តូរទីលំនៅផងដែរ។
ជាមួយគ្នានេះ អេមីរ៉ាតអារ៉ាប់រួមក៏បានយល់ព្រមទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ៥ពាន់នាក់ផងដែរក្នុងរយៈពេល ១០ថ្ងៃដើម្បីឱ្យធ្វើដំណើរទៅប្រទេសទីបី តាមសំណើរបស់សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា មនុស្សជាង ១ម៉ឺន ៨ពាន់នាក់ត្រូវបានគេជម្លៀសចេញចាប់តាំងពីក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានរដ្ឋធានីកាប៊ុល នេះបើយោងតាមអង្គការសម្ព័ន្ធមិត្តណាតូ។
យ៉ាងណាមិញ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀតកំពុងព្យាយាមពន្លឿនកិច្ចប្រឹងប្រែងជម្លៀសមនុស្សចេញពីអាហ្វហ្កានីស្ថានឱ្យបានមុនកាលកំណត់នៅថ្ងៃទី ៣១ ខែសីហា ខណៈមានសេចក្តីរាយការណ៍អំពីការសងសឹករបស់ពួកតាលីបង់ប្រឆាំងនឹងជនជាតិអាហ្វហ្កានីស្ថាន ដែលបានធ្វើការឱ្យសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា ក្រុមយុទ្ធជនតាលីបង់បានបាញ់កាំភ្លើងគំរាមអ្នកដែលគ្មានឯកសារគ្រប់គ្រាន់ធ្វើដំណើរឱ្យត្រឡប់ទៅផ្ទះវិញ។
ខណៈដែលនៅជុំវិញព្រលានយន្តហោះក្រុងកាប៊ុលចាប់តាំងពីថ្ងៃអាទិត្យមក មានមនុស្ស ១២នាក់ហើយត្រូវបានសម្លាប់។ នៅប៉ុន្មានថ្ងៃមកនេះ ប្រជាជនអាហ្វហ្កានីស្ថានរាប់ពាន់ រាប់ម៉ឺននាក់បានសម្រុកនាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានក្រុងកាបុល ដើម្បីស្វែងរកការភៀសខ្លួន ដោយមានការកកស្ទះណែនតាន់តាប់នៅលើដងផ្លូវឆ្ពោះទៅអាកាសយានដ្ឋាននេះផងដែរ៕
អត្ថបទ៖ ស៊ើង និមល់