ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើងនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី១៩ ខែតុលា ដោយលោកបានគូសបញ្ជាក់ថា នៅឆ្នាំក្រោយលោកនឹងផ្តល់ភាគហ៊ុន SpaceX ជូនក្មេងៗអាម៉េរិកគ្រប់រូបម្នាក់១ភាគហ៊ុន ហើយនេះគ្រាន់តែជាជំហានដំបូង នៃកញ្ចប់ជំនួយជាច្រើនទៀតប៉ុណ្ណោះ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី១៩ ខែតុលា ក្រុមហ៊ុន SpaceX ទើបតែបានបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកាលពីខែមិថុនា កន្លងទៅនេះ។ គិតត្រឹមថ្ងៃសុក្រ សប្តាហ៍មុន ភាគហ៊ុនរបស់ក្រុមហ៊ុនអវកាសយក្សមួយនេះ ត្រូវបានជួញដូរក្នុងតម្លៃប្រមាណ១៤៦ដុល្លារក្នុង១ភាគហ៊ុន។
ទោះជាយ៉ាងណាការប្រកាសរបស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ នៅមិនទាន់ទម្លាយព័ត៌មានលម្អិតនៅឡើយទេថា តើនីតិវិធីនៃការបែងចែកភាគហ៊ុនទៅឱ្យកុមារអាម៉េរិករាប់សិបលាននាក់ នឹងត្រូវធ្វើឡើងដោយរបៀបណា? ហើយកុមារទាំងអស់ពិតជាមានសិទ្ធិទទួលបានគ្រប់ៗគ្នា ឬយ៉ាងណានោះ?
ផ្អែកលើទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាម៉េរិក បច្ចុប្បន្នអាម៉េរិកមានកុមារអាយុក្រោម១៨ឆ្នាំ ប្រមាណ៧៣លាននាក់។ ប្រសិនបើលោក អេឡិន ម៉ាស់ ផ្តល់ជូនម្នាក់១ភាគហ៊ុនពិតប្រាកដមែន នោះទំហំទឹកប្រាក់ នៃការបរិច្ចាគនេះនឹងមានតម្លៃសរុបរហូតដល់ទៅប្រមាណជិត១១ពាន់លានដុល្លារអាម៉េរិក បើផ្អែកលើតម្លៃភាគហ៊ុនបច្ចុប្បន្ន៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស