មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មដ៏ធំសម្បើមរបស់ចិន គឺទីក្រុងសៀងហៃ កំពុងប្រឈមមុខនឹងរលកនៃការចាកចេញពីសំណាក់ក្រុមហ៊ុនបរទេសយ៉ាងគំហុករហូតរុញច្រានអត្រាការិយាល័យទំនេរចោលឱ្យហក់ឡើងដល់២៤% ពោលគឺស្ទើរតែខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia ស្ថានភាពទំនេររបស់អគារការិយាល័យនេះ គឺជាសូចនាករឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសម្ពាធសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ និងការបាត់បង់ទំនុកចិត្តពីសំណាក់វិនិយោគិនអន្តរជាតិលើទីផ្សារហិរញ្ញវត្ថុដ៏ធំមួយនេះ។
បច្ចុប្បន្នទីក្រុងសៀងហៃ បានក្លាយជាទីក្រុងដែលមានអត្រាការិយាល័យទំនេរចោលខ្ពស់បំផុតក្នុងពិភពលោករហូតដល់២៤% ខណៈដែលក្រុមហ៊ុនអន្តរជាតិធំៗបានកាត់បន្ថយទុនវិនិយោគ និងដកខ្លួនចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយនេះជាបន្តបន្ទាប់។ បើយោងតាមទិន្នន័យឧស្សាហកម្មចុងក្រោយបំផុត អត្រាការិយាល័យទំនេរនៅទីក្រុងសៀងហៃ បានស្ទុះឡើងដល់កម្រិតអាសន្នរហូតដល់២៤% ដែលជាតួលេខខ្ពស់ជាងគេ បើធៀបនឹងមជ្ឈមណ្ឌលធុរកិច្ចធំៗផ្សេងទៀតនៅលើសកលលោក។ ការកើនឡើង នៃអគារការិយាល័យទំនេរនេះ បានឆ្លុះបញ្ចាំងពីការកាត់បន្ថយទំហំការិយាល័យ ឬការសម្រេចចិត្តបិទទ្វារចាកចេញរបស់អ្នកជួលអន្តរជាតិ ក្នុងពេលដែលរលកនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់ប្រទេសចិន បានធ្លាក់ចុះយ៉ាងគំហុក។
ទីក្រុងសៀងហៃ ធ្លាប់តែជាច្រកទ្វារមាស និងជាគោលដៅដណ្តើមគ្នាតាំងទីស្នាក់ការរបស់ក្រុមហ៊ុនពហុជាតិសាសន៍ជុំវិញពិភពលោក។ ទោះជាយ៉ាងណាការស្ទុះឡើង នៃអត្រាការិយាល័យទំនេរដល់កម្រិតកំណត់ត្រានេះបានបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់វិនិយោគិន ខណៈដែលក្រុមហ៊ុនធំៗនៅលើសកលលោកកំពុងវាយតម្លៃឡើងវិញលើហានិភ័យ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងទីផ្សារចិន។
ការចាកចេញរបស់អ្នកជួលបរទេសបានបន្សល់ទុកផ្ទៃក្រឡាអគារពាណិជ្ជកម្មទំនេរចោលរាប់លានម៉ែត្រការ៉េនៅទូទាំងទីក្រុងសៀងហៃ។ កត្តានេះកំពុងបន្ថែមបន្ទុកយ៉ាងធ្ងន់ធ្ងរលើម្ចាស់អចលនទ្រព្យ និងវិស័យអចលនទ្រព្យពាណិជ្ជកម្មចិនទាំងមូល ដែលកំពុងតែដុនដាប និងជួបវិបត្តិហិរញ្ញវត្ថុស្រាប់ទៅហើយនោះ៕