វិស័យសេដ្ឋកិច្ច

អាម៉េរិកកំពុងប្រឈមនឹងឱនភាពថវិកាជិត២ទ្រីលានដុល្លារ និងបំណុលកើនដល់ជាង៤០ទ្រីលានដុល្លារ


សហរដ្ឋអាម៉េរិកប្រឈមនឹងឱនភាពថវិកាជិត២ទ្រីលានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៦ ខណៈចំណាយរបស់រដ្ឋាភិបាលលើសចំណូលយ៉ាងច្រើន។ ទន្ទឹមនឹងនេះ បំណុលជាតិសរុបបានកើនដល់ជាង៤០ទ្រីលានដុល្លារ ហើយអ្នកជំនាញព្រមានថា ឱនភាពអាចបន្តកើនឡើងក្នុងរយៈពេលវែង។
អាម៉េរិក_កំពុងប្រឈមនឹងឱនភាពថវិកាជិត២ទ្រីលានដុល្លារ_និងបំណុលកើនដ
ដោយ

វិបត្តិឱនភាពថវិកាជាតិរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០២៦ នេះ បានរុញច្រានសេដ្ឋកិច្ចមហាអំណាចលេខ១ឱ្យធ្លាក់ចូលក្នុងស្ថានភាពវឹកវរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo Finance នៅក្នុងឆ្នាំសារពើពន្ធ២០២៦ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកប្រមូលចំណូលបានត្រឹមតែជាង៥,៤ទ្រីលានដុល្លារប៉ុណ្ណោះ ប៉ុន្តែទំហំចំណាយវិញបានស្ទុះឡើងរហូតដល់ជាង៧,៣ទ្រីលានដុល្លារ ដែលធ្វើឱ្យឱនភាពថវិកាហក់ឡើងដល់ជិត២ទ្រីលានដុល្លារ ខណៈបំណុលជាតិសរុបបានហក់ឡើងដល់ជាង៤០ទ្រីលានដុល្លារ។

ឱនភាពថវិការបស់សហរដ្ឋអាម៉េរិកសម្រាប់ឆ្នាំ២០២៦ ដែលត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៦ ខែតុលា មានទំហំរហូតដល់ជិត២ទ្រីលានដុល្លារ ស្មើនឹងប្រមាណ៦% នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយរដ្ឋាភិបាលអាម៉េរិកប្រមូលចំណូលបាន៥,៤ទ្រីលានដុល្លារ ខណៈចំណាយមានទំហំរហូតដល់៧,៣ទ្រីលានដុល្លារនៅក្នុងឆ្នាំសារពើពន្ធ២០២៦ នេះ។ ទំហំឱនភាពថវិកានេះបានកើនឡើង១២% បើធៀបនឹងឱនភាព១,៧ទ្រីលានដុល្លារកាលពីឆ្នាំ២០២៥។

ស្ថិតក្នុងស្ថានភាពការចំណាយលើសចំណូលនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានថា សហរដ្ឋអាម៉េរិកកំពុងធ្លាក់ចូលក្នុងវិបត្តិឱនភាពថវិកាប្រចាំឆ្នាំ ដែលស្ថានភាពដ៏គ្រោះថ្នាក់នេះកាលពីមុនកើតឡើងតែក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ឬក្នុងគ្រាសង្គ្រាមលោកតែប៉ុណ្ណោះ។

ទន្ទឹមនឹងធ្លាក់ចូលក្នុងវិបត្តិឱនភាពថវិកា បំណុលរបស់មហាអំណាចសេដ្ឋកិច្ចលេខ១លើពិភពលោកមួយនេះ ក៏បានហក់ឡើងដល់កម្រិតប្រកាសអាសន្នផងដែរ។ ទិន្នន័យចុងក្រោយពីរតនាគារជាតិកាលពីថ្ងៃពុធសប្តាហ៍មុន បានបង្ហាញថា បំណុលជាតិសរុបរបស់អាម៉េរិកបានកើនដល់ជាង៤០ទ្រីលានដុល្លារ។

ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងថវិកាបានព្រមានថា ទស្សនវិស័យហិរញ្ញវត្ថុនាពេលអនាគតរបស់មហាអំណាចពិភពលោកមួយនេះ កំពុងធ្លាក់ចូលក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ។ ពួកគេបានប៉ាន់ប្រមាណថា ឱនភាពថវិកាប្រចាំឆ្នាំរបស់អាម៉េរិកអាចនឹងកើនឡើងរហូតដល់ជាង៣ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៣៦ ប្រសិនបើរដ្ឋាភិបាលមិនមានវិធានការកែទម្រង់ទិសដៅហិរញ្ញវត្ថុបច្ចុប្បន្នឱ្យបានម៉ឺងម៉ាត់ទេនោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាស៊ីអាគ្នេយ៍កំពុងរងសម្ពាធពីការប្រកួតប្រជែងបច្ចេកវិទ្យា AI រវាងអាម៉េរិក និងចិន

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងរងសម្ពាធពីការប្រកួតប្រជែងបច្ចេកវិទ្យា AI រវាងសហរដ្ឋអាម៉េរិក និងចិន ខណៈប្រទេសមួយចំនួនព្យាយាមរក្សាគោលជំហរអព្…

អ្នកជំនាញបារម្ភបាតុភូតអែលនីញ៉ូ ទាញទម្លាក់ទិន្នផល​ និងគុណភាពដំឡូងមី​ និងស្វាយចន្ទី

បាតុភូតអែលនីញ៉ូ ត្រូវបានព្យាករថា នឹងគ្របដណ្ដប់ក្នុងកម្រិត១០០% ពីចុងខែតុលា រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ស្របពេលដែលរដូវវស្សាប្រចាំឆ្នាំ២០២៦ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ