សេដ្ឋកិច្ចរបស់ប្រទេសថៃនៅពេលនេះ កំពុងឈរនៅលើផ្លូវមួយដ៏គ្រោះថ្នាក់បំផុត ដោយសារការកើនឡើងនៃអត្រាប្រជាជនវ័យចំណាស់ ការធ្លាក់ចុះអត្រាកំណើត និងបំណុលគ្រួសារ ដែលរីកប៉ោងដូចប៉េងប៉ោងគ្មានដំណោះស្រាយ។ នេះបើយោងតាមការវិភាគរបស់សារព័ត៌មាន Financial Times ដែលត្រូវបានសារព័ត៌មាន The Nation យកមកផ្សាយបន្ត ដោយគូសបញ្ជាក់ថា បំណុលគ្រួសារនៅថៃបានស្ទុះឡើងដល់៨៦% នៃ GDP ដែលជាកម្រិតខ្ពស់បំផុតមួយនៅលើពិភពលោក។
សេដ្ឋកិច្ចថៃបានជាប់គាំងក្នុងកំណើនទាបជាង២%ជារៀងរាល់ឆ្នាំជាច្រើនឆ្នាំមកហើយ ខណៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗដូចជាធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិសុទ្ធតែបានព្យាករណ៍ក្នុងទិសដៅស្រដៀងគ្នាថា កំណើនសេដ្ឋកិច្ចថៃនឹងរឹតតែដាំក្បាលចុះបន្ថែមទៀតនៅឆ្នាំ២០២៦ នេះ។
អ្វីដែលជាការចាក់ដោតបំផុតចំពោះរដ្ឋាភិបាលថៃនោះ គឺសូម្បីតែធនាគារកណ្តាលថៃ ក៏បានទទួលស្គាល់ដែរថា គោលនយោបាយរូបិយវត្ថុបច្ចុប្បន្នបានដើរដល់ដែនកំណត់ហើយ មិនអាចជួយសង្គ្រោះសេដ្ឋកិច្ចបានទៀតឡើយ ប្រសិនបើគ្មានការជួយជ្រោមជ្រែងផ្នែកពន្ធ និងការកែទម្រង់ពិតប្រាកដពីរដ្ឋាភិបាលនោះទេ។ ប៉ុន្តែការកែទម្រង់នោះហាក់ដូចជាយឺតពេលទៅហើយ ខណៈអត្រាកំណើតនៅថៃបានធ្លាក់ចុះមកត្រឹម១,២នាក់ប៉ុណ្ណោះក្នុងស្ត្រីម្នាក់។ អ្នកជំនាញព្រមានថា ប្រសិនបើស្ថានភាពនេះនៅតែបន្តចំនួនប្រជាជនថៃអាចនឹងថយចុះពី៦៧លាននាក់មកត្រឹមតែ៣០លាននាក់ប៉ុណ្ណោះក្នុងរយៈពេល៥០ឆ្នាំខាងមុខ។
កាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ លោកស្រី ល្វៀស លូ (Louise Loo) ប្រធានផ្នែកសេដ្ឋកិច្ចអាស៊ីនៅ Oxford Economics បានអះអាងថា ប្រសិនបើថៃត្រូវជួបវិបត្តិដូចជប៉ុនកាលពីទសវត្សរ៍ឆ្នាំ១៩៩០ មែននោះ វាជាសេណារីយ៉ូដ៏អាក្រក់ និងជូរចត់ជាងជប៉ុនឆ្ងាយណាស់ ព្រោះថៃត្រូវរែកពុនបន្ទុកបំណុលដ៏ធ្ងន់ធ្ងរទាំងបំណុលគ្រួសារ និងបំណុលសាធារណៈ។
ជាមួយគ្នានេះលោក បូរិន អាឌុលវឌ្ឍនា (Burin Adulwattana) អ្នកសេដ្ឋកិច្ចឯករាជ្យ បានគូសបញ្ជាក់ថា ជប៉ុនធ្លាប់ជួបវិបត្តិនេះនៅពេលដែលគេជាប្រទេសអភិវឌ្ឍន៍ និងមានទ្រព្យសម្បត្តិស្តុកស្តម្ភរួចទៅហើយ ប៉ុន្តែសម្រាប់ថៃ គឺកំពុងប្រឈមមុខនឹងវិបត្តិនេះទាំងដែលខ្លួននៅឆ្ងាយដាច់ពីពាក្យថា ប្រទេសអភិវឌ្ឍន៍នៅឡើយ ពោលគឺថៃកំពុងធ្លាក់ចូលក្នុងអន្ទាក់ក្រ មុនពេលមាន៕
ដោយៈ សរ សុជាតិ