វិស័យការបរទេស

ជនបរទេសល្មើសច្បាប់៦ប្រភេទ អាចប្រឈមនឹងការបណ្តេញចេញពីប្រទេសថៃ


រដ្ឋាភិបាលថៃ បានសម្រេចប្រកាសឱ្យប្រើប្រាស់បទបញ្ញត្តិ ស្ដីពី ការបណ្ដេញជនបរទេសល្មើសច្បាប់ចេញពីទឹកដីរបស់ខ្លួន។ ច្បាប់ថ្មីនេះ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ហើយត្រូវចាប់ផ្តើមអនុវត្តភ្លាមៗចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ តទៅ ដើម្បីពង្រឹងសន្តិសុខជាតិ និងបង្ក្រាបរាល់សកម្មភាពដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
វិស័យការបរទេស
ដោយ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា បទប្បញ្ញត្តិ ស្ដីពី ការបណ្ដេញជនបរទេសល្មើសច្បាប់ថ្មីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយនីតិវិធីស្មុគស្មាញ និងបង្កើនប្រសិទ្ធភាពសម្របសម្រួលរវាងស្ថាប័នច្បាប់ឱ្យអនុវត្តការបណ្ដេញចេញបានកាន់តែឆាប់រហ័ស និងមានឥទ្ធិពលជាងមុន។ ច្បាប់នេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើជនបរទេសរូបណាធ្វើសកម្មភាពផ្ទុយនឹងសណ្តាប់ធ្នាប់ សីលធម៌ ឬសុខុមាលភាពសាធារណៈ រាប់ទាំងការធ្វើជាអ្នកញុះញង់ ឬអ្នកក្បាលម៉ាស៊ីនគាំទ្រអំពើខុសច្បាប់ នោះអាជ្ញាធរក្រសួងមហាផ្ទៃ ត្រូវតែរាយការណ៍ជាបន្ទាន់ទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចេញដីកាបណ្តេញចេញភ្លាមៗ។
មុខសញ្ញាបទល្មើសអាទិភាពទាំង៦ ដែលត្រូវអនុវត្តទោសជាប់ពន្ធនាគាររួច ហើយបណ្ដេញចេញភ្លាមៗនោះ រួមមាន លួចចូល ឬស្នាក់នៅដោយខុសច្បាប់ ឬបំពានច្បាប់អន្តោប្រវេសន៍ថៃ, ល្មើសបទប្បញ្ញត្តិគ្រប់គ្រងកម្លាំងពលកម្មបរទេស, ប្រកបអាជីវកម្មខុសច្បាប់ ឬប្រព្រឹត្តជំនួញដែលហាមឃាត់សម្រាប់ជនបរទេស, ប្រើប្រាស់ ឬធ្វើឯកសារសាធារណៈក្លែងក្លាយ, ប្រព្រឹត្តបទល្មើសដែលមានទោសជាប់ពន្ធនាគារចាប់ពី៥ឆ្នាំឡើងទៅ និងធ្វើជាមេខ្លោង និងអ្នកសមគំនិតជួយជ្រោមជ្រែងក្នុងបទល្មើសទាំង៥ ខាងលើ។ បន្ថែមលើនេះដីកាបណ្តេញចេញនឹងត្រូវអមដោយបម្រាមហាមឃាត់ការជាន់ទឹកដីថៃ ទៅតាមថេរវេលាកំណត់ជាក់លាក់មួយ។
ជាទូទៅជនល្មើសនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ប៉ុន្តែក្នុងករណីមិនអាចកំណត់សញ្ជាតិបាន ពួកគេនឹងត្រូវបណ្ដេញទៅកាន់ប្រទេស ដែលពួកគេធ្លាប់រស់នៅចុងក្រោយមុនចូលមកថៃ។ ដោយឡែកប្រទេសទី៣ ឬអង្គការអន្តរជាតិ នានា អាចដាក់សំណើតាមផ្លូវទូតក្នុងរយៈពេល៧ថ្ងៃ ដើម្បីសុំទទួលយកបុគ្គលនោះដោយនីតិវិធីផ្ទេរចេញត្រូវតែបញ្ចប់ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


មេក្រុមហ៊ុន Vingroup ពីរនាក់ប្តីប្រពន្ធស្ថិតក្នុងចំណោមមហាសេដ្ឋីវៀតណាម ទាំង៨ ដែលជាប់បញ្ជីមហាសេដ្ឋីពិភពលោក

នៅក្នុងចំណោមមហាសេដ្ឋីពិភពលោកសរុប៣,៤១៨នាក់ វៀតណាម មានមហាសេដ្ឋីចំនួន៨នាក់ បានបង្ហាញវត្តមានក្នុងបញ្ជីផ្លូវការរបស់ទស្សនាវដ្តី Forbes ក្នុងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ