វិស័យសេដ្ឋកិច្ច

រោងចក្រផលិតស្ករសតម្លៃជាង៣០០លានដុល្លារនៅខេត្តព្រះវិហារគ្រោងបើកដំណើរការឡើងវិញ ក្រោយបិទទ្វារជិត១០ឆ្នាំ


រោងចក្រផលិតស្ករសនៅស្រុកឆែប ខេត្តព្រះវិហារ ដែលមានទុនវិនិយោគជាង៣០០លានដុល្លារ កំពុងសិក្សាលទ្ធភាពបើកដំណើរការឡើងវិញនៅដើមឆ្នាំ២០២៧ បន្ទាប់ពីបិទទ្វារជិត១០ឆ្នាំដោយសារខ្វះវត្ថុធាតុដើមអំពៅ។ អាជ្ញាធរមូលដ្ឋានរំពឹងថា ការបើកដំណើរការឡើងវិញអាចបង្កើតការងារ និងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។
5រោងចក្រស្ករសតម្លៃជាង៣០០លានដុល្លារគ្រោងដំណើរការឡើងវិញក្រោយបិទទ្វារជិត១០ឆ្នាំ

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានឱ្យដឹងថា មកទល់ពេលនេះ ក្រុមហ៊ុនវិនិយោគកំពុងសិក្សាវាយតម្លៃលទ្ធភាពក្នុងការស្តារខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រផលិតស្ករសនៅស្រុកឆែប ខេត្តព្រះវិហារ ឡើងវិញ ខណៈលទ្ធផលផ្លូវការនឹងត្រូវសម្រេចនៅដើមឆ្នាំ២០២៧។ មន្ត្រីជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើរោងចក្រផលិតស្ករសខ្នាតធំមួយនេះអាចបើកដំណើរការឡើងវិញបានមែននោះ វាមិនត្រឹមតែបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលស្ករសពីបរទេសបានមួយកម្រិតធំទៀតផង។

ជាមួយគ្នានេះ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែបបានគូសបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគមកពីទីក្រុងហុងកុង កំពុងរៀបចំផែនការ ដើម្បីបើកដំណើរការរោងចក្រផលិតស្ករសខាងលើឡើងវិញឱ្យទាន់ពេលវេលាក្នុងឆ្នាំ២០២៧។ លោកបានសម្តែងក្តីរំពឹងយ៉ាងមុតមាំថា ការបើកផលិតកម្មឡើងវិញនេះនឹងជួយសម្រួលដល់ជីវភាពពលរដ្ឋក្នុងមូលដ្ឋានរាប់ពាន់គ្រួសារ តាមរយៈការបង្កើតការងារផ្ទាល់ និងកាត់បន្ថយអត្រានៃការចាកចេញពីស្រុកកំណើតទៅធ្វើការនៅក្រៅប្រទេស។

សូមរំលឹកថា រោងចក្រផលិតស្ករសតម្លៃ៣៦០លានដុល្លារ ដែលស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចទំហំជិត៩,០០០ហិកតារបស់ក្រុមហ៊ុន រុយ ហ្វេង (Rui Feng) ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។ ប៉ុន្តែក្រោយដំណើរការបានប្រមាណ១ខែ ក្រុមហ៊ុននេះបានបង្ខំចិត្តបិទដំណើរការរោងចក្រនេះវិញ ដោយសារជួបវិបត្តិខ្វះខាតអំពៅ ដែលជាវត្ថុធាតុដើមស្នូលសម្រាប់បម្រើឱ្យផលិតកម្មរបស់រោងចក្រនេះ។ បើតាមការអះអាងរបស់ក្រុមហ៊ុន Rui Feng រោងចក្រនេះមានសមត្ថភាពអាចកិនអំពៅបាន២០,០០០តោនក្នុងមួយថ្ងៃ ដែលអាចផលិតស្ករសបាន២០០០តោនសម្រាប់នាំចេញទៅអឺរ៉ុប ចិន និងប្រទេសឥណ្ឌា៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលនានាលើពិភពលោកកំពុងបង្កើនការបោះផ្សាយមូលបត្របំណុលមិនមែនដុល្លារ ដើម្បីកៀរគរទុន

រដ្ឋាភិបាល និងស្ថាប័នសាធារណៈជាច្រើនកំពុងបង្កើនការបោះផ្សាយមូលបត្របំណុលជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាម៉េរិក ដើម្បីធ្វើពិពិធកម្មប្រភព…

តើកម្ពុជាគួរងាកទៅរកថាមពលនុយក្លេអ៊ែរទេ ក្រោយប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួនកំពុងសម្លឹងទៅរកការវិនិយោគលើថាមពលនេះ?

អ្នកជំនាញមួយចំនួនយល់ថា កម្ពុជាគួរបន្តផ្តោតលើថាមពលកកើតឡើងវិញ និងថាមពលស្អាត ព្រមទាំងពង្រីកសមត្ថភាពស្តុកប្រេងបម្រុងឱ្យបានរហូតដល់៦ខែ។ ទន្ទឹមន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ