លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានលើកឡើងថា កន្លងមកកម្ពុជាធ្លាប់បានបញ្ជូនសិស្សនិស្សិតទៅសិក្សាជំនាញថាមពលនុយក្លេអ៊ែនៅប្រទេសរុស្ស៊ី ក្រោមការគាំទ្រផ្នែកបច្ចេកទេសពីរដ្ឋាភិបាលរុស្ស៊ីផ្ទាល់ ព្រមទាំងមានជំនួយពីប្រទេសផ្សេងៗទៀតផងដែរ។ ទោះជាយ៉ាងណា លោកយល់ថា កម្ពុជាមិនចាំបាច់ផ្តោតលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែជាអាទិភាពនោះទេ ប៉ុន្តែគួរផ្តោតលើការពង្រីកការផលិតថាមពលកកើតឡើងវិញ និងថាមពលស្អាត ដែលជាជម្រើសសមស្របសម្រាប់ប្រទេស។ អ្នកជំនាញរូបនេះបានបន្ថែមថា កម្ពុជាគួរពង្រឹងការអភិវឌ្ឍថាមពលបៃតង ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងបន្ធូរបន្ថយផលប៉ះពាល់ពីវិបត្តិថាមពលសកល។ ជាមួយគ្នានេះ កម្ពុជា ក៏គួរធ្វើពិពិធកម្មប្រភពនាំចូលប្រេងឥន្ធនៈ និងពង្រីកសមត្ថភាពស្តុកប្រេង ដើម្បីអាចរក្សាទុកការផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យបានរហូតដល់៦ខែក្នុងគោលបំណងពង្រឹងសន្តិសុខថាមពលជាតិ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានកត់សម្គាល់ថា ខណៈប្រទេសមួយចំនួនក្នុងតំបន់អាស៊ានកំពុងស្ទុះស្ទែរវិនិយោគលើថាមពលនុយក្លេអ៊ែ កម្ពុជានៅមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចាប់យកថាមពលប្រភេទនេះនៅឡើយទេ ដោយសារកត្តាហិរញ្ញវត្ថុ ការទាក់ទាញវិនិយោគិន និងកង្វះខាតធនធានបច្ចេកទេស។ យ៉ាងណាមិញ លោកយល់ថា រាជរដ្ឋាភិបាលគួរបញ្ចូលការសិក្សាថាមពលនុយក្លេអ៊ែទៅក្នុងចក្ខុវិស័យវែងឆ្ងាយ ដោយកំណត់យកឆ្នាំ២០៥០ ជាគោលដៅ។ ប៉ុន្តែសម្រាប់រយៈពេលខ្លី កម្ពុជាត្រូវទាញយកផលប្រយោជន៍ឱ្យអស់ពីសក្តានុពលធម្មជាតិ និងភូមិសាស្ត្រអំណោយផលលើថាមពលស្អាត ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងបង្កើនភាពប្រកួតប្រជែង។
ពាក់ព័ន្ធនឹងបញ្ហាថាមពលនេះដែរ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ធ្លាប់បានគូសបញ្ជាក់នៅក្នុងកម្មវិធី «សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥» ថា បច្ចុប្បន្ន ក្រុមហ៊ុនវិនិយោគអន្តរជាតិបានផ្លាស់ប្តូរតម្រូវការដោយតម្រូវឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលត្រូវតែប្រើប្រាស់ថាមពលស្អាត។ ដូច្នេះដើម្បីរក្សាប្រៀបប្រកួតប្រជែងកម្ពុជាត្រូវតែបញ្ចូលថាមពលស្អាតទៅក្នុងគ្រប់រោងចក្រ និងគោលនយោបាយឧស្សាហកម្ម។ ឯកឧត្តមបានបន្ថែមថា ស្ថិរភាពនៃថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី និងថាមពលខ្យល់ នឹងជួយកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងធ្វើឱ្យទំនិញ Made in Cambodia កាន់តែមានទាក់ទាញខ្លាំងនៅលើទីផ្សារអន្តរជាតិ។
សារព័ត៌មាន Nikkei Asia បានចុះផ្សាយកាលពីពេលថ្មីៗថា ស្ថិតក្នុងបរិបទដែលតំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិសន្តិសុខថាមពល គម្រោងអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែស៊ីវិល បានក្លាយជាប្រធានបទដ៏ក្តៅគគុក។ ក្នុងចំណោមប្រទេសទាំង១១ក្នុងតំបន់ វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីនបានឈានជើងធ្វើសកម្មភាពជាក់ស្តែងរួចទៅហើយ ខណៈដែលប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី កំពុងស្ថិតក្នុងដំណាក់កាលសិក្សាស្រាវជ្រាវលើទិដ្ឋភាពបច្ចេកទេស និងបទដ្ឋានសុវត្ថិភាព៕