វិស័យអចលនទ្រព្យ

តើរដ្ឋាភិបាលគួរដាក់ចេញយន្តការសង្គ្រោះអ្វីបន្ថែម ដើម្បីស្រោចស្រង់វិស័យអចលនទ្រព្យ?


វិស័យអចលនទ្រព្យ ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដ៏សំខាន់មួយតាមរយៈការបង្កើតការងារ រកចំណូលជូនរដ្ឋ និងតភ្ជាប់ខ្សែច្រវាក់ផលិតកម្មទៅកាន់ឧស្សាហកម្មជាច្រើននោះ នៅតែបន្តដើរអូសជើង ដោយសាររងសម្ពាធយ៉ាងធ្ងន់ធ្ងរពីវិបត្តិជាសកលជាបន្តបន្ទាប់។ទោះជាយ៉ាងណា ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យ បានគូសបញ្ជាក់ថា វិស័យនេះនៅតែមានឱកាសងើបឈរឡើងវិញ ប្រសិនបើរាជរដ្ឋាភិបាលដាក់ចេញនូវយន្តការអន្តរាគមន៍ថ្មីៗបន្ថែម និងស្រួចស្រាល់ជាងមុន។
6តើរដ្ឋាភិបាលគួរដាក់ចេញយន្តការអ្វីបន្ថែម_ដើsdasdasdasda
ដោយ

ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា និងបុរី ឡុងនី កត់សម្គាល់ឃើញថា វិបត្តិដែលកើតមានជាបន្តបន្ទាប់នៅតែដាក់សម្ពាធលើវិស័យអចលនទ្រព្យ​ពិភពលោក។ បើតាមអ្នកជំនួញរូបនេះ​​ មកទល់ពេលនេះ វិស័យអចលនទ្រព្យកម្ពុជា ​ក៏ពុំទាន់មានសញ្ញាប្រសើរឡើងវិញនៅឡើយទេ បើធៀបនឹងប៉ុន្មានឆ្នាំកន្លងទៅ។ ការណ៍នេះត្រូវបានឧកញ៉ា កែវ បូណ៌ភិរក្ស យល់ឃើញថា ភាគីពាក់ព័ន្ធគួរតែជំរុញការ​វិនិយោគសាធារណៈឱ្យបានច្រើន ផ្ដល់ប្រាក់កម្ចីដោយមិនមានទ្រព្យបញ្ចាំឱ្យបានទូលំទូលាយ បង្កើតគម្រោងលំនៅឋានតម្លៃសមរម្យ ជំរុញការដោះស្រាយលំនៅឋាន និងអគារជាប់គាំង និងការទាញយកទុនពីវិនិយោគិន​ក្រៅប្រទេសជាដើម។ បើតាមអ្នកជំនាញរូបនេះ ការបែងចែកតំបន់សម្រាប់អភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ និងការលើកទឹកចិត្តតាមរយៈពន្ធដារ ក៏អាចរួមចំណែកក្នុងការស្ដារវិស័យអចលនទ្រព្យកម្ពុជា​ផងដែរ។

ជាមួយគ្នានេះ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានវាយតម្លៃថា ទីផ្សារអចលនទ្រព្យកម្ពុជាត្រូវការពេលវេលាយូរបន្ថែមទៀត ដើម្បីស្តារទំនុកចិត្ត និងតម្រូវការឡើងវិញ ព្រោះសម្ពាធពីវិបត្តិនានានៅតែបន្តរាំងស្ទះដល់លំហូរទុន។ ស្ថិតក្នុងស្ថានភាពនេះ លោកស្នើឱ្យរដ្ឋាភិបាលពិចារណាដាក់ចេញនូវកញ្ចប់លើកទឹកចិត្តបន្ថែមជូនវិស័យឯកជន ដើម្បីដាស់សកម្មភាពទិញ-លក់ និងអភិវឌ្ឍន៍ឱ្យរស់រវើកឡើងវិញ។

ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា សង្កេតឃើញថា ភាពជាប់គាំងក្នុងវិស័យអលចនទ្រព្យមិនមែនកើតមានតែលើកម្ពុជានោះទេ បណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ ក៏ជួបបញ្ហាដូចគ្នាដែរ។ សម្រាប់អ្នកជំនាញរូបនេះ វិបត្តិដែលកើតឡើងជាបន្តបន្ទាប់បានជះឥទ្ធិពលដល់ប្រាក់ចំណូលរបស់ពលរដ្ឋមួយចំនួន ខណៈវិនិយោគិ​នបរទេស ក៏មានភាពស្ទាក់ស្ទើក្នុងការបណ្ដាក់ទុនវិនិយោគ ជាហេតុធ្វើឱ្យតម្រូវការនៅក្នុងវិស័យដ៏សំខាន់នេះពុំសូវមានសកម្មភាពខ្លាំងដូចមុន​។ សម្រាប់លោកបណ្ឌិត ហុង វណ្ណៈ វិស័យអលចនទ្រព្យកម្ពុជានៅតែមានលទ្ធភាពរីកចម្រើនឡើងវិញនាពេលខាងមុខ តាមរយៈ​គោលនយោបាយ​ទាក់ទាញវិនិយោគិ​នបរទេស និងអ្នកទេសចរ ព្រមទាំងការរៀបចំកម្លាំងពលកម្មដើម្បីបង្កើនប្រាក់ចំណូលជំរុញសកម្មភាពសេដ្ឋកិច្ចជាដើម។

សូមរំលឹកថា កាលពីពេលកន្លងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករថា​ វិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៦ ​នឹងមាននិន្នាការថមថយដោយរំពឹងមានកំណើនក្នុងអត្រា០,៦%ប៉ុណ្ណោះ ពោលគឺទាបជាងឆ្នាំ២០២៥ ដែលមានអត្រាកំណើន១,១% ដោយសារកម្មវិបាកជាអវិជ្ជមាន នៃភាពមិនប្រាកដប្រជានៃកត្តាសេដ្ឋកិច្ច និងផលរំខាននៃការបង្ក្រាប និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងរយៈពេលខ្លីមកលើសកម្មភាពទិញ-លក់ជារួម ពិសេសអគារការិយាល័យ និងអគារប្រើប្រាស់ចម្រុះ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើមានចំណុចសំខាន់អ្វីខ្លះដែលកម្ពុជា គួរសិក្សាពីវៀតណាម ដើម្បីពង្រឹងភាពធន់ និងជំរុញកំណើនសេដ្ឋកិច្ច?

អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា សន្ទុះកំណើនសេដ្ឋកិច្ចដ៏លេចធ្លោរបស់វៀតណាម នៅក្នុងតំបន់អាស៊ាន គឺជាផ្លែផ្កានៃការកែទម្រង់រដ្ឋបាលស៊ីជម្រៅ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ