យោងតាមទិន្នន័យពី Bloomberg Billionaires Index ទ្រព្យសម្បត្តិ និងផលប្រយោជន៍ហិរញ្ញវត្ថុរបស់មហាសេដ្ឋីចិន កំពូលៗទាំង៨រូប ព្រមទាំងអ្នកទទួលផលពីគ្រួសាររបស់ពួកគេ ដែលកាន់កាប់ភាគហ៊ុនតាមរយៈមូលនិធិរក្សាទ្រព្យសម្បត្តិនៅក្រៅប្រទេស នឹងត្រូវដាក់បញ្ចូលក្នុងយន្តការកំណត់ពន្ធ២០% របស់រដ្ឋាភិបាលចិន។ ឯកសារដែលដាក់ជូនផ្សារភាគហ៊ុនបានបង្ហាញថា មហាសេដ្ឋីទាំងនេះបានក្តោបក្តាប់ភាគហ៊ុនធំៗក្នុងក្រុមហ៊ុន ដែលមានប្រតិបត្តិការអាជីវកម្មធំៗនៅប្រទេសចិន ដោយប្រើប្រាស់រចនាសម្ព័ន្ធផ្លូវច្បាប់ នៃមូលនិធិក្រៅប្រទេសនេះ។
ការដាក់ចេញវិធានការពន្ធរបស់រដ្ឋាភិបាលចិននេះ គឺការបិទច្រកចន្លោះប្រហោងពន្ធ ដែលមានរាប់សិបឆ្នាំ ព្រោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សហគ្រិន និងមហាសេដ្ឋីចិន ជាច្រើនបានប្រើប្រាស់រូបមន្តដូចៗគ្នា ដើម្បីគេចវេះ ឬការពារទ្រព្យសម្បត្តិពីការបង់ពន្ធ ពោលគឺបង្កើតអាជីវកម្មឱ្យជោគជ័យ និងរកប្រាក់ចំណេញសន្ធឹកសន្ធាប់ក្នុងប្រទេសចិន រួចយកក្រុមហ៊ុនទៅចុះបញ្ជីលើផ្សារភាគហ៊ុនអន្តរជាតិ ហើយបង្វែរទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារទៅរក្សាទុកក្នុងមូលនិធិនៅក្រៅប្រទេស។
ច្រក និងជម្រកការពារទ្រព្យសម្បត្តិបែបនេះត្រូវបានបិទបញ្ចប់ទាំងស្រុង បន្ទាប់ពីអាជ្ញាធរចិន បានប្រកាសកាលពីខែកក្កដា ថា ពួកគេនឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធ២០% លើប្រាក់ចំណេញដែលកើតចេញពីមូលនិធិក្រៅប្រទេសចំពោះបុគ្គលទាំងឡាយណា ដែលមានលំនៅឋាន ឬកាតព្វកិច្ចពន្ធនៅក្នុងប្រទេសចិន។ បុគ្គលដែលទទួលបានប្រាក់ចំណូលពីប្រភពនេះត្រូវបានដាក់កំហិតពេលវេលារហូតដល់ថ្ងៃទី២២ ខែតុលា ដើម្បីគណនា រាយការណ៍ និងបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋដោយស្ម័គ្រចិត្ត ដោយមិនត្រូវរងការផាកពិន័យឡើយ។
ទោះជាយ៉ាងណាមកទល់ពេលនេះ រដ្ឋាភិបាលចិន មិនទាន់បានប្រកាសឈ្មោះមហាសេដ្ឋីរូបណាជាសាធារណៈនៅឡើយទេ ហើយក៏មិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា តើមហាសេដ្ឋីទាំងនោះបានទទួលដីកាស្នើសុំឱ្យបង់ពន្ធលើប្រាក់ចំណេញនេះរួចរាល់ហើយ ឬយ៉ាងណានោះដែរ។ ប៉ុន្តែតាមការគណនារបស់ Bloomberg ដែលផ្អែកលើឯកសារផ្លូវការ ទ្រព្យសម្បត្តិមហាសាល ដែលពួកគេកាន់កាប់តាមរយៈមូលនិធិ រក្សាទ្រព្យសម្បត្តិក្រៅប្រទេសមានតម្លៃសរុបប្រមាណ១៤០ពាន់លានដុល្លារអាម៉េរិក៕