សង្គមសេដ្ឋកិច្ច

តើការសម្ញែងទ្រព្យសម្បត្តិនៅលើបណ្ដាញសង្គមអាចប៉ះពាល់សង្គមសេដ្ឋកិច្ច និងផ្លូវចិត្តរបស់ពលរដ្ឋយ៉ាងណាដែរ?


អ្នកជំនាញផ្នែកសង្គម និងវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា ការសម្ញែងទ្រព្យសម្បត្តិ និងភាពហ៊ឺហានៅលើបណ្តាញសង្គម អាចជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្ត និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។ វប្បធម៌សម្ភារនិយមនេះ កំពុងជំរុញឱ្យមនុស្សមួយចំនួនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ បង្កើតសម្ពាធផ្លូវចិត្ត រស់នៅហួសពីលទ្ធភាព និងហ៊ានប្រថុយប្រថានផ្នែកហិរញ្ញវត្ថុ ដើម្បីទាញយកភាពមានបានក្នុងរយៈពេលខ្លី។
សង្គមសេដ្ឋកិច្ច
ដោយ

បន្ថែមលើនេះ រូបភាពនៃភាពស្រស់ស្អាតខាងក្រៅ ដែលមិនឆ្លុះបញ្ចាំងពីការពិត ក៏កំពុងក្លាយជាឧបករណ៍បោកប្រាស់ឱ្យពលរដ្ឋរងគ្រោះ ខាតបង់ប្រាក់កាស និងធ្លាក់ក្នុងបំណុលវ័ណ្ឌកផងដែរ ខណៈការឱ្យតម្លៃលើសម្បកក្រៅជាងចំណេះដឹង និងសមត្ថភាព ក៏កំពុងធ្វើឱ្យយុវជនមួយចំនួនបោះបង់ការសិក្សា និងអនាគតរយៈពេលវែងផងដែរ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ការឱ្យតម្លៃខ្ពស់លើសម្ភារនិយមបានរុញច្រានឱ្យពលរដ្ឋមួយចំនួនដេញតាមតែភាពហ៊ឺហាខាងក្រៅ ខណៈបណ្តាញសង្គមបានក្លាយជាវេទិកាបង្កើតរូបភាព នៃភាពមានបាន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ប៉ុន្តែធាតុពិតនៅពីក្រោយខ្នង អាចគ្រាន់តែជាល្បែងសម្តែង ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ លោកបណ្ឌិត បានផ្តល់ជាយោបល់ថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់លើការលើកកម្ពស់គុណតម្លៃ នៃចំណេះដឹង និងការអប់រំជាចម្បង ដើម្បីបង្វែរផ្នត់គំនិតពលរដ្ឋ និងយុវជនឱ្យផ្តោតលើការអភិវឌ្ឍសមត្ថភាពពិតប្រាកដ ជាជាងការដេញតាមស្រមោលសម្ភារៈនិយម។ ដើម្បីកែប្រែផ្នត់គំនិតសង្គមនេះបាន លោកបណ្ឌិតយល់ថា ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងអ្នកបង្កើតគោលនយោបាយត្រូវតែធ្វើជាគំរូជាក់ស្តែងដោយបង្ហាញសកម្មភាព ដែលផ្តល់តម្លៃដល់ចំណេះដឹង សីលធម៌ និងការទទួលខុសត្រូវក្នុងសង្គម។

ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ការបង្ហាញទ្រព្យសម្បត្តិ និងភាពហ៊ឺហានៅលើបណ្ដាញសង្គមអាចត្រូវបានប្រើជាមធ្យោបាយបោកបញ្ឆោតអ្នកដែលខ្វះការពិចារណា ដោយបង្កើតការចាប់អារម្មណ៍ និងជំនឿលើភាពមានបានរបស់បុគ្គលណាម្នាក់។ លោកបានចាត់ទុកបញ្ហានេះថា ជាសញ្ញាអវិជ្ជមានមួយក្នុងសង្គម ដែលអាចធ្វើឱ្យមនុស្សងាយរងឥទ្ធិពល និងធ្លាក់ក្នុងអន្ទាក់នៃការបោកប្រាស់។ ដើម្បីជៀសវាងហានិភ័យនេះ អ្នកជំនាញរូបនេះបានអំពាវនាវឱ្យពលរដ្ឋកុំជឿជាក់លើរូបភាព នៃទ្រព្យសម្បត្តិ ដែលបង្ហាញនៅលើបណ្ដាញសង្គមតែមួយមុខ ប៉ុន្តែត្រូវចេះពិចារណា និងស្វែងយល់ពីគោលបំណងនៅពីក្រោយការបង្ហាញទាំងនោះ មុននឹងសម្រេចចិត្តជឿ ឬចូលរួមក្នុងសកម្មភាពណាមួយជាមួយបុគ្គលទាំងនោះ។

ដោយឡែកលោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ក៏ធ្លាប់បានក្រើនរំលឹកដែរថា សង្គមមួយដែលប្រឈមគ្រោះថ្នាក់បំផុតមិនមែនត្រឹមតែពេលជួបភាពក្រីក្រ អវិជ្ជា ឬអំពើពុករលួយនោះទេ ប៉ុន្តែគឺនៅពេលដែលភាពក្លែងក្លាយក្លាយជារឿងធម្មតា។ ភាពក្លែងក្លាយ គឺជាជំងឺសង្គមដ៏កាចសាហាវដែលធ្វើឱ្យសម្បកធំជាងខ្លឹមសារ រូបភាពសិប្បនិម្មិតធំជាងសេចក្តីពិត ការសម្តែងធំជាងមនសិការ និងការបោកប្រាស់ធំជាងសុចរិតភាព។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ប្រសិនបើអំពើក្លែងក្លាយទាំងនោះបង្កើតជាព្យសនកម្មដល់សង្គម ប៉ះពាល់ដល់អាយុជីវិត សុខភាព ទ្រព្យសម្បត្តិ សីលធម៌សាធារណៈ ឬអនាគតជាតិ ច្បាប់ត្រូវតែអនុវត្តទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់បំផុតរួមមានការផ្តន្ទាទោសដាក់ពន្ធនាគារ និងការរឹបអូសទ្រព្យសម្បត្តិដែលបានមកពីអំពើទុច្ចរិត ដោយគ្មានការយោគយល់ ឬលើកលែងឡើយ ដើម្បីការពារសេចក្តីពិត និងកាត់ផ្តាច់ឫសគល់នៃភាពក្លែងក្លាយក្នុងសង្គម៕

អត្ថបទ ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ហេតុអ្វីកសិករចិញ្ចឹមជ្រូកមួយចំនួនត្អូញត្អែររឿងប្រាក់ចំណេញ ទាំងដែលទីផ្សារជ្រូករស់ និងសាច់ជ្រូកនៅតែមានតម្លៃខ្ពស់?

កសិករចិញ្ចឹមជ្រូកមួយចំនួនបានត្អូញត្អែរអំពីការមិនទទួលបានផលចំណេញពីមុខរបរនេះ ទាំងដែលក្រុមអ្នកជំនាញ និងតំណាងសមាគមចិញ្ចឹមសត្វ បានអះអាងថា …

បាតុកម្មប្រឆាំងកិច្ចប្រជុំ IMF និងធនាគារពិភពលោកនៅទីក្រុងបាងកក ធ្វើឱ្យថៃ បាក់មុខយ៉ាងខ្លាំងលើឆាកអន្តរជាតិ

ខណៈមន្ត្រីហិរញ្ញវត្ថុមកពីជុំវិញពិភពលោកកំពុងជួបប្រជុំគ្នានៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចពិភពលោក ស្រាប់តែក្រុមសកម្មជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ