ការតវ៉ានេះបានផ្ទុះឡើងនៅថ្ងៃទី១៥ ខែតុលា នៅជិតមជ្ឈមណ្ឌលសន្និបាតជាតិ ម្ចាស់ក្សត្រីសិរិគីត ក្នុងទីក្រុងបាងកក ដែលជាទីតាំងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិ IMF និងធនាគារពិភពលោកចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា។ សមាជិកនៃបណ្តាញប្រជាជនប្រឆាំងនឹងធនាគារពិភពលោក និង IMF បានប្រមូលផ្តុំគ្នានៅចំណុចប្រសព្វ “ខ្លង ថូអេ” រួចដើរក្បួនឆ្ពោះទៅកាន់ទីតាំងប្រជុំ។ នៅពេលក្រុមបាតុករព្យាយាមព្យួរបដានៅលើស្ពានអាកាសសម្រាប់អ្នកថ្មើរជើង ប៉ូលិសថៃ បានចូលរារាំងបណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាមួយប្រាវ។ ទោះជាយ៉ាងណា ក្រុមបាតុករនៅតែអាចព្យួរបដាបានសម្រេច។
ក្រុមសកម្មជនអះអាងថា ការតវ៉ានេះមានគោលបំណងបង្ហាញពីផលប៉ះពាល់នៃគោលនយោបាយសេដ្ឋកិច្ច និងគម្រោងអភិវឌ្ឍន៍ ដែលពាក់ព័ន្ធស្ថាប័នអន្តរជាតិទាំងពីរនេះ។ ពួកគេបានទាមទារឱ្យសាធារណជនមានសិទ្ធិចូលរួមកាន់តែច្រើនក្នុងការសម្រេចចិត្ត ដែលប៉ះពាល់ដល់សហគមន៍ និង ជីវភាពរស់នៅរបស់ពលរដ្ឋ។
បាតុកម្មនេះគ្រោងបន្តរហូតដល់ថ្ងៃទី១៦ ខែតុលា ដោយមានការថ្លែងសុន្ទរកថា ការពិភាក្សា និងសកម្មភាពតវ៉ាជានិមិត្តរូប។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរថៃ បានបង្កើនវិធានការរឹតបន្តឹងសន្តិសុខ និងដាក់កំហិតចរាចរណ៍នៅជុំវិញទីតាំងប្រជុំរបស់មូលនិធិ IMF និងធនាគារពិភពលោកយ៉ាងខ្លាំងថែមទៀត។ ការតវ៉ានេះកើតឡើង ខណៈក្រុមមន្ត្រីហិរញ្ញវត្ថុអន្តរជាតិ កំពុងពិភាក្សាអំពីបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក រួមទាំងបន្ទុកបំណុល និងការលំបាក ដែលបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមមុខ៕
ដោយ: តែម សុខុម