សារព័ត៌មាន ខាវសុត របស់ថៃ បានរាយការណ៍នៅថ្ងៃទី២៤ ខែមិថុនា ថា កម្លាំងប៉ូលិសថៃ នៃនាយកដ្ឋានបង្ក្រាបបទល្មើសការពារអ្នកប្រើប្រាស់សហការជាមួយមន្ត្រី នៃរដ្ឋបាលចំណីអាហារ និងឱសថបានបើកប្រតិបត្តិការក្តៅគគុកឆ្មក់ចូលឆែកឆេរទីតាំងសង្ស័យចំនួន៤កន្លែងនៅក្នុងខេត្តប៉ាធុមថានី ដែលជាខេត្តរណបជាប់ទីក្រុងបាងកក ដែលមានជាប់ពាក់ព័ន្ធនឹងការផលិត និងចែកចាយទឹកសេរ៉ូថ្នាំក្អកក្លែងក្លាយ។
នៅក្នុងប្រតិបត្តិការបោសសម្អាតសម្បុកឧក្រិដ្ឋកម្មឱសថទាំង៤ទីតាំងនេះ អាជ្ញាធរថៃ បានរឹបអូសវត្ថុតាងបានយ៉ាងច្រើនរួមមាន ទឹកសេរ៉ូថ្នាំក្អក ដែលផលិតរួចរាល់ជាង១៤ម៉ឺនដប, សម្បកដបប្លាស្ទិកជាង១២ម៉ឺនដប, ស្លាកសញ្ញាម៉ាកថ្នាំល្បីៗសម្រាប់បិទបន្លំភ្នែកជាង៤០ម៉ឺនសន្លឹក, ទឹកលាយគីមី២៤០ធុង រួមទាំងគ្រឿងចក្រកែច្នៃចំនួន២៨មុខ និងសារធាតុគីមីផ្សំខុសច្បាប់រហូតដល់ទៅ៨០២មុខ ដែលមានតម្លៃសរុបជាទឹកប្រាក់ជាង១លានដុល្លារ។
ចំណុចចាក់ដោត និងគួរឱ្យព្រួយបារម្ភបំផុតដែលពលរដ្ឋគ្រប់រូបត្រូវតែដឹង គឺអាជ្ញាធរបានរកឃើញថា បណ្តាញជនល្មើសទុច្ចរិតទាំងនេះបានលបលួចយកស្លឹករុក្ខជាតិហាមឃាត់ ដែលមានសារធាតុញៀនម្យ៉ាងមកធ្វើជាវត្ថុធាតុដើមលាយបញ្ចូលគ្នា ដើម្បីបង្កើតជាភេសជ្ជៈប៉ូវកម្លាំង និងសេរ៉ូថ្នាំក្អកខុសច្បាប់ ដែលបង្កឱ្យអ្នកទទួលទានមានអាការៈវង្វេងស្មារតី ស្រវឹង និងធ្លាក់ខ្លួនញៀនដកខ្លួនមិនរួច ជាពិសេសគឺយុវជន។
ប៉ូលិសថៃ បានលាតត្រដាងពីល្បិចកលថា ក្រុមជនល្មើសបានទិញសារធាតុគីមី និងសម្បកវេចខ្ចប់ដោយឡែកៗពីគ្នាពីប្រភពងងឹត ដើម្បីមកផលិតទឹកសេរ៉ូនៅក្នុងឃ្លាំងអាថ៌កំបាំងមួយ មុននឹងបោះដុំចែកចាយទៅទីផ្សារទូទាំងប្រទេស។ ជាងនេះទៅទៀតពួកគេមានល្បិចខ្ពស់ដោយតែងតែផ្លាស់ប្តូរទីតាំងផលិតកម្មជាញឹកញាប់ ដើម្បីគេចពីភ្នែកសមត្ថកិច្ច ហើយបណ្តាញនេះធ្លាប់រងការបង្ក្រាបម្តងរួចមកហើយ ប៉ុន្តែនៅតែមិនរាងចាល គឺបន្តធ្វើសកម្មភាពបំពុលសង្គមដោយមិនខ្វល់ពីអាយុជីវិតរបស់អ្នកប្រើប្រាស់។
លោកស្រី ស៊ុផាត្រា ប៊ុនស៊ើម អគ្គលេខាធិការរង នៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ថៃ បានចេញសេចក្តីព្រមានដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងជំរុញឱ្យបញ្ឈប់ការទិញថ្នាំសេរ៉ូអាលែកហ្ស៊ី ឬសេរ៉ូថ្នាំក្អក ដែលមានម៉ាកសញ្ញាមិនច្បាស់លាស់ និងគ្មានស្លាកសញ្ញាធានាគុណភាពត្រឹមត្រូវពីរដ្ឋ ព្រោះវាអាចជាថ្នាំពិសសម្លាប់ជីវិត៕
អត្ថបទៈ សួន ឡង់ទី