វិបត្តិ​​ផ្សែងពុល

សិង្ហបុរី ចេញលិខិតព្រមានក្រុមហ៊ុនឥណ្ឌូនេស៊ី ចំនួន១០ ជុំវិញវិបត្តិបំពុលផ្សែងអ័ព្ទឆ្លងដែន


ស្របពេលភ្លើងឆេះព្រៃនៅទូទាំងប្រទេសឥណ្ឌូនេស៊ី នៅតែបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបានសាយភាយផ្សែងអ័ព្ទពុលកម្រិតធ្ងន់ធ្ងរមកលើដែនអាកាសសិង្ហបុរី អាជ្ញាធរសិង្ហបុរី បានសម្រេចប្រើច្បាប់ដាក់សម្ពាធលើក្រុមហ៊ុនដាំដើមឈើនានារបស់ឥណ្ឌូនេស៊ី ឱ្យប្រញាប់ចាត់វិធានការទប់ស្កាត់ និងពន្លត់ភ្លើងឆេះព្រៃទាំងនោះជាបន្ទាន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times នៅថ្ងៃទី២០ ខែតុលា នេះ។
សិង្ហបុរីចេញលិខិតព្រមានក្រុមហ៊ុនឥណ្ឌូនេស៊ី
ដោយ

ទីភ្នាក់ងារបរិស្ថានជាតិ សិង្ហបុរី បានដាក់លិខិតផ្លូវការទៅកាន់ក្រុមហ៊ុនចំនួន១០ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោមច្បាប់ ស្តីពីការបំពុលដោយផ្សែងអ័ព្ទឆ្លងដែន ដោយទាមទារឱ្យក្រុមហ៊ុនទាំងនោះ បញ្ឈប់សកម្មភាពដុតបំផ្លាញព្រៃលើដីសម្បទានរបស់ខ្លួនជាបន្ទាន់ ព្រមទាំងតម្រូវឱ្យអនុវត្តវិធានការបង្ការយ៉ាងម៉ឺងម៉ាត់ ដើម្បីកុំឱ្យមហន្តរាយនេះកើតឡើងសាជាថ្មី។ ក្រុមហ៊ុនទាំង១០នោះ ភាគច្រើនជាក្រុមហ៊ុនអាជីវកម្មដាំដើមឈើផលិតក្រដាស ដែលមានទីតាំងស្ថិតក្នុងតំបន់ស៊ូម៉ាត្រាខាងត្បូង និងតំបន់កាលីម៉ាន់តាន់ ប្រទេសឥណ្ឌូនេស៊ី ដែលជាតំបន់បង្កើតផ្សែងអ័ព្ទពុលច្រើនជាងគេបង្អស់។

លោកស្រី ហ្គ្រេក ហ្វ៊ូ (Grace Fu) រដ្ឋមន្ត្រីក្រសួងចីរភាព និងបរិស្ថានសិង្ហបុរី បានថ្លែងកាលពីថ្ងៃទី១៦ ខែតុលា ថា ទីភ្នាក់ងារបរិស្ថានជាតិ សិង្ហបុរី បានស្រាវជ្រាវយ៉ាងល្អិតល្អន់ ដោយរួមបញ្ចូលគ្នារវាងផែនទីដីសម្បទាន, រូបភាពពីផ្កាយរណប និងទិន្នន័យផ្ទៀងផ្ទាត់ពីប្រភពសាធារណៈ ដើម្បីស្វែងរកឫសគល់នៃប្រភពផ្សែងអ័ព្ទរហូតរកឃើញតម្រុយយ៉ាងច្បាស់ថា វាផ្តើមចេញពីសកម្មភាពរបស់ក្រុមហ៊ុនទាំង១០ នេះ។

ក្រុមហ៊ុនប្រព្រឹត្តកំហុស អាចរងការពិន័យជាប្រាក់រហូតដល់១០ម៉ឺនដុល្លារសិង្ហបុរី ឬជិត៨ម៉ឺនដុល្លារអាម៉េរិកក្នុង១ថ្ងៃ ដោយកំណត់ប្រាក់ពិន័យអតិបរមាសរុបត្រឹម២លានដុល្លារសិង្ហបុរី ឬប្រមាណ១,៦លានដុល្លារអាម៉េរិក។ នេះជាលើកទី២ហើយ ដែលសិង្ហបុរី បានដកច្បាប់បំពុលផ្សែងអ័ព្ទឆ្លងដែននេះមកប្រកាសប្រើ។ កាលពីវិបត្តិធ្ងន់ធ្ងរឆ្នាំ២០១៥ ទីភ្នាក់ងារ NEA ធ្លាប់បានចេញលិខិតជូនដំណឹងទៅក្រុមហ៊ុនចំនួន៦ ក្នុងនោះ២ករណីត្រូវបិទបញ្ចប់ និង៤ករណីទៀតកំពុងបន្តស៊ើបអង្កេតមកទល់បច្ចុប្បន្ន។ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងចំណោមក្រុមហ៊ុនទាំង១០ខាងលើ មាន៣ក្រុមហ៊ុន ជាក្រុមហ៊ុន ដែលធ្លាប់ប្រព្រឹត្តល្មើស និងធ្លាប់ទទួលបានលិខិតព្រមានកាលពីឆ្នាំ២០១៥ ម្ដងរួចមកហើយ។

កាលពីថ្ងៃទី១៩ ខែតុលា លោក ខេ សេនមូហ្គេម (K. Shanmugam) ទេសរដ្ឋមន្ត្រីសិង្ហបុរី បានចេញមុខព្រមានចំៗទៅកាន់ក្រុមហ៊ុនទាំង១០រកស៊ីនៅឥណ្ឌូនេស៊ីថា ពួកគេមិនអាចសម្ងំលាក់ខ្លួននៅពីក្រោយរចនាសម្ព័ន្ធសាជីវកម្មដ៏ស្មុគស្មាញ ឬព្យាយាមគេចវេះពីការទទួលខុសត្រូវដោយគ្រាន់តែយកលេសថា ចម្ការដែលឆេះនោះស្ថិតក្នុងទឹកដីឥណ្ឌូនេស៊ី មិនមែនសិង្ហបុរីនោះបានឡើយ៕




អត្ថបទបន្ទាប់


ក្រុមមហាសេដ្ឋីចិន កំពុងប្រឈមនឹងការបង់ពន្ធលើទ្រព្យសម្បត្តិ​ដែលមានតម្លៃរហូតដល់១៤០ពាន់លានដុល្លារ

ក្រោមវិធានការពន្ធថ្មីរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្រុមមហាសេដ្ឋីកំពូលៗរបស់ចិន យ៉ាងហោចណាស់៨រូប ដែលមានឈ្មោះក្នុងបញ្ជីមហាសេដ្ឋីពិភពលោកកំពុងប្…

អ្នកជំនាញសេដ្ឋកិច្ចថៃ ព្រមានឱ្យរដ្ឋាភិបាលថៃ ដកបទពិសោធជាមេរៀន ជុំវិញភាពចលាចលនៅបារាំង

នៅពេលសេវាសាធារណៈធ្លាក់ចុះ ខណៈថ្លៃចំណាយលើការរស់នៅកើនឡើង កំហឹងរបស់ប្រជាពលរដ្ឋអាចផ្ទុះឡើងឈានទៅដល់ការធ្វើបាតុកម្មតាមដងផ្លូវ។ ភាពចលាចលថ្មី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ