ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍នៅថ្ងៃទី១ ខែកញ្ញា ថា លោកស្រី អ៊ីហ្ស៊ូមិ ណាកាមីតស៊ុ (Izumi Nakamitsu) ប្រធានផ្នែករំសាយអាវុធរបស់អង្គការសហប្រជាជាតិ បានថ្លែងទៅកាន់មហាសន្និបាត UN ក្នុងឱកាសទិវាអន្តរជាតិ ប្រឆាំងនឹងការសាកល្បងនុយក្លេអ៊ែថា ពិភពលោកកំពុងស្ថិតក្នុងប្រឡោះដ៏ស្មុគស្មាញបំផុត ដោយសារកម្ដៅភូមិសាស្ត្រនយោបាយកើនឡើង ទំនុកចិត្តអន្តរជាតិបាក់បែក និងការបារម្ភកាន់តែខ្លាំងជុំវិញលទ្ធភាព នៃការចាប់ផ្ដើមធ្វើតេស្តនុយក្លេអ៊ែឡើងវិញ។
កាលពីចុងឆ្នាំមុនសហរដ្ឋអាម៉េរិក និងរុស្ស៊ី ដែលជាម្ចាស់ឃ្លាំងអាវុធនុយក្លេអ៊ែធំបំផុតលើលោក បានគំរាមចាប់ផ្ដើមការធ្វើតេស្តសាកល្បងឡើងវិញ ដោយកាលណោះប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់រុស្ស៊ី និងចិនថា បានលួចធ្វើតេស្ត ប៉ុន្តែភាគីទាំងពីរបានបដិសេធ។
លោកស្រី ណាកាមីតស៊ុ បានព្រមានថា ត្រឹមតែគំនិតចង់ធ្វើ ក៏ជាគ្រោះថ្នាក់ដ៏ធំធេងទៅហើយ។ ការចាប់ផ្ដើមសាកល្បងឡើងវិញ នឹងបំពានលើការអត់ធ្មត់ ដែលខិតខំកសាងរាប់ទសវត្សរ៍ ធ្វើឱ្យមានការមិនទុកចិត្តគ្នាកាន់តែកើនឡើង និងបង្កជាប្រតិកម្មតបតគ្នាទៅវិញទៅមកក្នុងការប្រកួតប្រជែងសព្វាវុធ។ លោកស្រីបានសង្កត់ធ្ងន់ថា រឿងនេះដាច់ខាតមិនត្រូវបណ្តោយឱ្យកើតឡើងជាដាច់ខាត។
សូមបញ្ជាក់ថា សន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែគ្រប់ជ្រុងជ្រោយ ដែលត្រូវបានអនុម័តកាលពីឆ្នាំ១៩៩៦ បានកំណត់លក្ខខណ្ឌច្បាប់ថា លុះត្រាតែមានការផ្តល់សច្ចាប័នពីប្រទេសចំនួន៤៤ ទើបវាមានប្រសិទ្ធភាពផ្លូវការ។ ប៉ុន្តែរហូតមកទល់ពេលនេះមាន៩ ប្រទេសមិនទាន់បានផ្តល់សច្ចាប័ននៅឡើយទេ។ ក្នុងនោះសហរដ្ឋអាម៉េរិក ចិន អ៊ីរ៉ង់ អេហ្ស៊ីប និងអ៊ីស្រាអែល បានត្រឹមចុះហត្ថលេខា តែមិនទាន់ផ្តល់សច្ចាប័ន។ ចំណែកឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង មិនបានចុះហត្ថលេខា និងមិនផ្តល់សច្ចាប័នឡើយ ខណៈដែលរុស្ស៊ី ធ្លាប់ផ្តល់សច្ចាប័ន តែបានដកសច្ចាប័នវិញកាលពីឆ្នាំ២០២៣។
ជាមួយគ្នានេះ លោក រ៉ូបឺត ផ្លយ (Robert Floyd) ប្រធានអង្គការត្រួតពិនិត្យសន្ធិសញ្ញា CTBT បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៤៥ មក ភពផែនដីបានស្គាល់ការផ្ទុះសាកល្បងនុយក្លេអ៊ែជាង២,០០០លើករួចមកហើយ ប៉ុន្តែក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះមានត្រឹមតែ១២លើកប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោក បានព្រមានថា ស្ថានការណ៍សកលលោកបច្ចុប្បន្នកំពុងតានតឹង និងពោរពេញដោយការសង្ស័យគ្នា។ លោកបានគូសបញ្ជាក់ថា ប្រសិនបើការសាកល្បងនុយក្លេអ៊ែផ្ទុះឡើងវិញ វានឹងរុញច្រានឱ្យមានការផលិតឃ្លាំងអាវុធនុយក្លេអ៊ែបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ព្រមទាំងបង្កហានិភ័យខ្ពស់នៃការគណនាខុសផ្នែកយោធា ដែលអាចឈានទៅរកគ្រោះមហន្តរាយបំផ្លិចបំផ្លាញពិភពលោកដោយអចេតនា៕
អត្ថបទៈ សួន ឡង់ទី