ការលើកឡើងនេះធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញយ៉ាងក្តៅគគុក ព្រមទាំងរឹតបន្តឹងបទប្បញ្ញត្តិផ្លូវច្បាប់ ដើម្បីផ្តន្ទាទោសអ្នកប្រព្រឹត្ត និងអ្នកសមគំនិតដោយគ្មានការលើកលែង។
ឧកញ៉ា ចេង ខេង ប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា បានកត់សម្គាល់ថា ប្រតិបត្តិការកម្ទេចបណ្តាញឆបោកតាមអនឡាញ បានបង្កផលប៉ះពាល់ដល់ទីផ្សារ និងការអភិវឌ្ឍអចលនទ្រព្យនៅតំបន់មួយចំនួនពិតប្រាកដមែន។ ទោះជាយ៉ាងណា លោកឧកញ៉ាគាំទ្រចំពោះវិធានការនេះ ព្រោះវាគឺជាការលាងជម្រះបញ្ជីខ្មៅ ដើម្បីស្រោចស្រង់កិត្តិយស និងភាពស្អាតស្អំរបស់ជាតិឡើងវិញ។ អ្នកជំនាញរូបនេះ មានទំនុកចិត្តយ៉ាងមុតមាំថា នៅពេលដែលកម្ពុជា អាចលុបបំបាត់រូបភាពអវិជ្ជមានទាំងនេះបានទាំងស្រុង នោះអ្នកវិនិយោគស្អាតស្អំ និងមានគុណភាពនឹងហូរចូលមកបោះទុនកាន់តែច្រើន ខណៈសក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគរបស់កម្ពុជា នៅតែជាទីទាក់ទាញខ្ពស់ក្នុងតំបន់។
ជាមួយគ្នានេះ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានកត់សម្គាល់ថា ការចាកចេញរបស់ជនបរទេសពាក់ព័ន្ធនឹងបទល្មើសអនឡាញ បានបន្សល់ទុកនូវអគារទំនេរចោលជាច្រើននៅតាមតំបន់ព្រំដែនដូចជាក្រុងបាវិតខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាហេតុធ្វើឱ្យម្ចាស់អគារមួយចំនួនកំពុងប្រឈមមុខនឹងវិបត្តិផ្នែកហិរញ្ញវត្ថុ។ ទោះបីជាយ៉ាងណា អ្នកជំនាញរូបនេះមើលឃើញថា នេះគ្រាន់តែជាផលប៉ះពាល់បណ្តោះអាសន្នតែប៉ុណ្ណោះ ហើយនៅពេលដែលសម្បុកឧក្រិដ្ឋកម្មត្រូវបានបោសសម្អាតអស់ពីកម្ពុជា នោះវិនិយោគិនល្អៗនឹងមកសម្លឹងឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ឡើងវិញ។
សូមបញ្ជាក់ថា យុទ្ធនាការទ្រង់ទ្រាយធំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសបានឈានទៅដល់ការបង្រ្កាបទីតាំងអគារសង្ស័យជាច្រើនកន្លែង ការឃាត់ខ្លួនមេខ្យល់ធំៗ និងការបណ្តេញជនបរទេសដែលមានការពាក់ព័ន្ធរាប់ម៉ឺននាក់ចេញពីទឹកដីកម្ពុជា ជាបន្តបន្ទាប់។ សកម្មភាពនេះ គឺជាការបញ្ជាក់ពីឆន្ទៈនយោបាយយ៉ាងម៉ឺងម៉ាត់ក្នុងការរៀបចំផ្ទះសម្បែងឱ្យមានសុវត្ថិភាព និងភាពស្អាតស្អំ ដើម្បីទទួលស្វាគមន៍រលកវិនិយោគស្របច្បាប់សាជាថ្មី៕
អត្ថបទ៖ បូ ដូឡា