រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានលើកឡើងថា ពិភពលោកមិនអាចបន្តទទួលយកអតិរេកពាណិជ្ជកម្មដ៏ធំសម្បើមរបស់ចិន ដែលមានប្រមាណ១,២ទ្រីលានដុល្លារបានទៀតឡើយ។ ទន្ទឹមនឹងនេះ លោកជំរុញឱ្យចិន កាត់បន្ថយការពឹងផ្អែកលើការនាំចេញ និងបង្កើនការប្រើប្រាស់ក្នុងស្រុក។
រដ្ឋមន្ត្រីរូបនេះ បានកត់សម្គាល់ថា បន្ទាប់ពីអាម៉េរិក ដាក់ពន្ធគយខ្ពស់លើទំនិញចិន ការនាំចូលរបស់ចិន ទៅកាន់អាម៉េរិក បានថយចុះ ប៉ុន្តែទំនិញចិន មួយចំនួន កំពុងបង្វែរទិសដៅទៅកាន់ទីផ្សារប្រទេសផ្សេងៗ ជាពិសេសអឺរ៉ុប និងអាម៉េរិកឡាទីន។ យោងតាមទិន្នន័យពីគយអាម៉េរិក ឱនភាពពាណិជ្ជកម្មរបស់អាម៉េរិក ជាមួយចិន បានធ្លាក់ចុះប្រមាណ១ភាគ៣ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ មកនៅត្រឹមជិត៧៤ពាន់លានដុល្លារ។
ឆ្លើយតបនឹងការលើកឡើងខាងលើ លោក លី យ៉ុង (Li Yong) អ្នកជំនាញពាណិជ្ជកម្មចិន បានចោទថា ការនាំយកបញ្ហាពាណិជ្ជកម្មចូលទៅក្នុង G20 គឺជាការប៉ុនប៉ងរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីប្រែក្លាយបញ្ហាសេដ្ឋកិច្ចទៅជាបញ្ហានយោបាយ និងជាការប្រមូលប្រទេសផ្សេងៗឱ្យចូលរួមក្នុងអ្វីដែលលោកហៅថា ពាណិជ្ជកម្មតាមប្លុក ដើម្បីដាក់សម្ពាធលើចិន។ លោកបានអះអាងថា ការនាំចេញរបស់ចិន កើនឡើងមិនមែនមានន័យថា ចិន កំពុងបោះបង់បញ្ហាសេដ្ឋកិច្ចរបស់ខ្លួនទៅឱ្យប្រទេសដទៃនោះឡើយ ប៉ុន្តែជាលទ្ធផលនៃតម្លៃប្រកួតប្រជែង គុណភាព និងសមត្ថភាពផលិតឆ្លើយតបនឹងតម្រូវការពិភពលោក។
ក្រសួងពាណិជ្ជកម្មចិន ក៏បានបញ្ជាក់ដែរថា ចិន មិនបានស្វែងរកអតិរេកពាណិជ្ជកម្មសម្រាប់ប្រយោជន៍ខ្លួនឯងនោះឡើយ ខណៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានលើកឡើងថា ពាណិជ្ជកម្មអន្តរជាតិ គឺជាការផ្លាស់ប្តូរ ដែលភាគីទាំងពីរទទួលបានផលប្រយោជន៍។ លោក បានសង្កត់ធ្ងន់ថា ចិន មិនត្រឹមតែចង់ក្លាយជារោងចក្ររបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ចង់ក្លាយជា ទីផ្សាររបស់ពិភពលោកផងដែរ៕
ដោយ: តែម សុខុម