ក្រុមឧក្រិដ្ឋជន

អាជ្ញាធរកម្ពុជា កំពុងប្រឈមមុខនឹងល្បិចបំប្លែងខ្លួនរបស់ក្រុមឧក្រិដ្ឋជនពីសម្បុកធំៗទៅជាសម្បុកតូចៗ


ការអូសបន្លាយពេល នៃការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ កំពុងក្លាយជាវិញ្ញាសាដ៏លំបាកមួយសម្រាប់កម្ពុជា ក្នុងការស្តារកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ និងការស្ដារទំនុកចិត្តឡើងវិញក្នុងចំណោមវិនិយោគិន។
ក្រុមឧក្រិដ្ឋជន
ដោយ

ទោះបីជាអាជ្ញាធរសម្រេចបាននូវប្រតិបត្តិការបង្រ្កាបសម្បុកឧក្រិដ្ឋកម្មធំៗជាបន្តបន្ទាប់យ៉ាងណាក្តី ក៏ក្រុមអ្នកជំនាញមើលឃើញថា មេខ្យល់ និងបណ្តាញឆបោកទាំងនោះកំពុងបំបែកខ្លួនទៅជាក្រុមតូចៗ និងលាក់ខ្លួនកាន់តែជ្រៅ ដែលកត្តានេះទាមទារឱ្យរាជរដ្ឋាភិបាលបង្កើនការប្រើប្រាស់បច្ចេកវិទ្យាស៊ើបអង្កេតកម្រិតខ្ពស់ លាតត្រដាងដល់ឫសគល់ ជាពិសេសត្រូវកាត់ផ្តាច់ការគប់គិតពីសំណាក់មន្ត្រីខិលខូចមួយចំនួន។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីការឆបោកតាមប្រព័ន្ធអនឡាញ គួបផ្សំជាមួយនឹងការជួយបន្ទរទម្លាក់កំហុសពីភាគីថៃ ដែលធ្វើឱ្យការបោសសម្អាតនេះប្រែក្លាយជាលំហាត់យុទ្ធសាស្ត្រកម្រិតសកលដ៏សែនលំបាក។ លោកបណ្ឌិត បានបន្ថែមថា ទោះបីជាកម្ពុជា បានវាយកម្ទេចជម្រកធំៗបានជាច្រើនក៏ដោយ ប៉ុន្តែការបំប្លែងខ្លួនទៅជាក្រុមតូចៗរៀបរយតាមមូលដ្ឋាន គឺជាការប្រឈមមុខទម្រង់ថ្មី ដែលតម្រូវឱ្យសមត្ថកិច្ចពង្រឹងប្រព័ន្ធបច្ចេកវិទ្យាស៊ើបអង្កេតទំនើប ដើម្បីតាមប្រមាញ់ក្រុមជនល្មើសដែលកំពុងបន្លំខ្លួនក្នុងចំណោមសាធារណជន។

ស្រដៀងគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ឧក្រិដ្ឋកម្មឆបោលតាមប្រព័ន្ធអនឡាញមានឬសគល់តភ្ជាប់ជាបណ្តាញអន្តរជាតិ ដែលមិនអាចលុបបំបាត់ត្រឹមមួយយប់ ឬពីរយប់បាននោះឡើយ ខណៈបច្ចុប្បន្នក្រុមជនល្មើសបានបង្កើតវិធីសាស្ត្រឆបោកដោយបំបែកខ្លួនជាក្រុមតូចៗយ៉ាងសម្បូរបែប។

អ្នកជំនាញរូបនេះយល់ឃើញថា អាជ្ញាធរគ្មានជម្រើសអ្វីក្រៅពីធ្វើប្រតិបត្តិការឆ្មក់តាមចាប់ដូចភ្លៀងរលឹម និងត្រូវជីកឬសគល់ស្វែងរកអ្នកគប់គិត និងត្រូវអនុវត្តច្បាប់ដោយគ្មានការលើកលែងចំពោះមន្ត្រីថ្នាក់ក្រោមទាំងឡាយណា ដែលហ៊ានបើកដៃ ឬទទួលផលប្រយោជន៍ពីក្រុមឧក្រិដ្ឋជននោះទេ។

ដោយឡែក លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ក្រុមវិនិយោគិនបរទេសកំពុងរង់ចាំមើលភាពច្បាស់លាស់ នៃប្រព័ន្ធយុត្តិធម៌ និងអភិបាលកិច្ចល្អមុននឹងបោះទុនវិនិយោគ។ លោកបានចង្អុលបង្ហាញថា ចំណុចស្លាប់រស់ក្នុងការបោសសម្អាត Scam Online គឺកម្ពុជា ត្រូវក្លាហានក្នុងការវះកាត់មន្ត្រីថ្នាក់ជាតិ ឬមន្ត្រីអនុវត្តច្បាប់ណា ដែលមានការជាប់ពាក់ព័ន្ធ តួយ៉ាងដូចជាករណីលួចលក់ទិដ្ឋាការខុសច្បាប់ជាដើម។ ទោះជាយ៉ាងណាលោក រស់ សុដ្ឋា មានជំនឿចិត្តថា កម្ពុជា នៅតែមានឱកាសស្តារស្ថានការណ៍ឡើងវិញ ហើយការបង្ហាញឆន្ទៈបង្រ្កាបរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ គឺជាសញ្ញាវិជ្ជមានឆ្លុះបញ្ចាំងទៅកាន់ពិភពលោកថា កម្ពុជា កំពុងប្រឹងប្រែងរៀបចំផ្ទះសម្បែងឱ្យមានសុវត្ថិភាពឡើងវិញ។

យោងតាមទិន្នន័យផ្លូវការពីលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានបើកប្រតិបត្តិការឆ្មក់ចូលទីតាំងសង្ស័យសរុប៧៨៣ទីតាំង ដោយបានឃាត់ខ្លួនជនសង្ស័យជិត៣ម៉ឺននាក់មាន៣៩សញ្ជាតិ។ ក្នុងនោះមនុស្សជាង៣ពាន់នាក់ត្រូវបានបញ្ជូនទៅចាត់ការតាមនីតិវិធីតុលាការ ខណៈមនុស្សជាង៨០០នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការតាមប្រមាញ់ពីបទគេចខ្លួនពីសំណាញ់ច្បាប់៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជានឹងចាប់ជជែកលើការដំឡើងប្រាក់ឈ្នួលអប្បរមានៅដើមខែកញ្ញា ខណៈអ្នកជំនាញមិនរំពឹងទទួលបានការដំឡើងច្រើននោះទេ

ទោះបីជាសេដ្ឋកិច្ចសកល និងក្នុងតំបន់ជួបប្រទះវិបត្តិ និងភាពមិនប្រាកដប្រជាដល់ថ្នាក់ធ្វើឱ្យប្រទេសមួយចំនួនក្នុងតំបន់ខកខានក្នុងការដំឡើងប្រាក់ឈ្នួល…

​អ្នកជំនាញជឿជាក់ថា អចលនទ្រព្យកម្ពុជានឹងអាចស្រូបទាញអ្នកវិនិយោគស្អាតស្អំឡើងវិញ ក្រោយបោសសម្អាត Scam Online

ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជា បានអះអាងថា ប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញអាចជះឥទ្ធិពល និងបង្កការឈឺចាប់ក្នុងរយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ