ប្រទេសចិនកំពុងបង្កើនសម្ពាធលើកោះតៃវ៉ាន់កាន់តែខ្លាំងឡើង តាមរយៈការចល័តកម្លាំងយោធាបន្ថែមនៅជុំវិញកោះនេះ។ ជាមួយគ្នានេះ ក្រុងតៃប៉ិ ក៏កំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់បំផុតចំពោះរាល់សកម្មភាពយោធារបស់ចិន ក្រោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានពិភាក្សាអំពីបញ្ហាកោះតៃវ៉ាន់ ជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះ។
ឆ្មាំសមុទ្រតៃវ៉ាន់បានគូសបញ្ជាក់កាលពីថ្ងៃទី២៣ ខែឧសភា ថា ពួកគេបានប្រទះឃើញនាវាឆ្មាំសមុទ្រចិនមួយគ្រឿងកំពុងបើកបរតម្រង់ឆ្ពោះទៅកាន់កោះ ប្រាថាស។ ភ្លាមៗនោះ កងឆ្មាំសមុទ្ររបស់កោះតៃវ៉ាន់បានបញ្ជូននាវាល្បាតល្បឿនលឿនរបស់ខ្លួន ដើម្បីចេញទៅស្ទាក់ចាប់ និងប្រកាសព្រមាន ដែលជាហេតុធ្វើឱ្យភាគីទាំងពីរប្រឈមមុខដាក់គ្នា និងតវ៉ាគ្នាយ៉ាងក្ដៅគគុកតាមរយៈវិទ្យុទាក់ទងជុំវិញបញ្ហាអធិបតេយ្យភាព។
ពាក់ព័ន្ធបញ្ហានេះភាគីចិនបានអះអាងថា កងនាវារបស់ខ្លួនកំពុងបំពេញបេសកកម្មជាធម្មតា ហើយចិនមានអធិបតេយ្យភាព និងយុត្តាធិការទាំងស្រុងលើកោះ ប្រាថាស នេះ។ ចំណែកភាគីកោះតៃវ៉ាន់ឯណោះវិញបានវាយបកតាមវិទ្យុទាក់ទងវិញថា សូមកុំបំផ្លាញសន្តិភាព អ្នកគួរតែដកថយត្រឡប់ទៅវិញ ហើយប្ដេជ្ញាចិត្តរក្សាលទ្ធិប្រជាធិបតេយ្យ ដែលជាវិធីសាស្ត្រដ៏ត្រឹមត្រូវបំផុតក្នុងការបម្រើជាតិរបស់អ្នក។ ពាក់ព័ន្ធនឹងករណីនេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន មិនទាន់បានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់សារ0ព័ត៌មាន CNBC នៅឡើយទេ។
គួរបញ្ជាក់ថា កោះ ប្រាថាស គឺជាកោះឧទ្យានជាតិដ៏តូចមួយរបស់តៃវ៉ាន់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឆ្មាំសមុទ្រ ហើយពុំមានការដាក់ពង្រាយកងទ័ពការពាររឹងមាំនោះឡើយ។ អ្នកជំនាញខាងសន្តិសុខភូមិសាស្ត្រនយោបាយបានមើលឃើញថា បណ្ដុំកោះ ប្រាថាស ដែលស្ថិតនៅភាគខាងត្បូងចន្លោះកោះតៃវ៉ាន់ និងកោះហុងកុងនេះមានហានិភ័យខ្ពស់បំផុតក្នុងការរងការវាយប្រហារពីចិន ដោយសារវាមានចម្ងាយឆ្ងាយពីកោះធំរបស់តៃវ៉ាន់ប្រហែលជាង៤០០គីឡូម៉ែត្រ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស