ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ដែលជាសេនាធិការ និងជាទីភ្នាក់ងារផែនការជាតិកំពូលរបស់ប្រទេសថៃ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនាគតក្រុមប្រជាសាស្ត្រវ័យក្មេងបំផុតរបស់ប្រទេស។ ស្ថាប័ននេះបានចុចស៊ីរ៉ែនព្រមានថា អតិថិជននៅក្នុងក្រុមមនុស្សជំនាន់ Gen Z ដែលមានអាយុក្រោម២៥ឆ្នាំ កំពុងវក់វីប្រមូលផ្តុំបំណុលផ្ទាល់ខ្លួន និងធ្លាក់ចូលទៅក្នុងការខកខានសងប្រាក់ត្រឡប់មកវិញក្នុងអត្រាដ៏ខ្ពស់មួយ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ថៃ។
ទីភ្នាក់ងារដដែលនេះ បានសង្កត់ធ្ងន់ថា ក្រុមយុវជនដែលទើបតែឈានជើងចូលទីផ្សារការងារលើកដំបូងកំពុងលិចលង់ក្នុងបំណុលកាន់តែធ្ងន់ធ្ងរទៅៗ។ មូលហេតុចម្បង គឺដោយសារការទាក់ទាញ និងការអូសទាញពីសំណាក់ក្រុម Influencers នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានរុញច្រានពួកគេឱ្យដើររំលងហួសពីព្រំដែននៃការអត់ធ្មត់ផ្នែកហិរញ្ញវត្ថុ។
«វាជាការចំណាយតាមអារម្មណ៍ មិនមែនតាមតម្រូវការ» ស្ថាប័នផែនការជាតិថៃ បានព្រមានថា ការកើនឡើងនៃបំណុលនេះត្រូវបានរុញច្រានដោយទម្លាប់ទិញទំនិញតាមអារម្មណ៍ឆេវឆាវ ដោយគ្មានការគិតពិចារណាទុកជាមុន ក្រោមយុទ្ធសាស្ត្រដាក់អន្ទាក់ចិត្តយ៉ាងប៉ិនប្រសប់របស់អ្នកល្បីៗលើអ៊ីនធឺណិត។ យុវជនជំនាន់ Gen Z ទាំងនោះ បានសម្រុកទិញទំនិញ និងប្រើប្រាស់សេវាកម្មយ៉ាងខ្ជះខ្ជាយ ដោយងងឹតមុខ គ្មានផែនការហិរញ្ញវត្ថុ និងគ្មានការគ្រប់គ្រងចំណូលចំណាយច្បាស់លាស់រហូតដឹងខ្លួនម្ដងទៀត គឺលង់ខ្លួនក្នុងសមុទ្របំណុលបាត់ទៅហើយ។
លោកស្រី ដានុចា ភីចាយ៉ាណាន់ (Danucha Pichayanan) អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ បានអះអាងដោយក្តីបារម្ភថា ស្ថានភាពបំណុលគ្រួសារ ដែលកំពុងស្ថិតក្នុងរង្វង់ហានិភ័យស្រាប់ទៅហើយនោះ បានបន្តធ្លាក់ចុះដុនដាបកាន់តែអាក្រក់បន្ថែមទៀតគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៦ នេះ។ លោកស្រីបានព្រមានយ៉ាងធ្ងន់ៗថា «កាលណាស្ថានភាពបំណុលក្នុងចំណោមក្រុមយុវជន Gen Z បន្តហក់ឡើងឥតឈប់ឈរបែបនេះ វានឹងស៊ីរំលាយសុខភាពសេដ្ឋកិច្ចម៉ាក្រូរបស់ថៃ ទាំងមូល ពីព្រោះរូបភាពល្អមើលពីខាងក្រៅ វាគ្រាន់តែជាការបិទបាំងភាពទន់ជ្រាយ នៃសេដ្ឋកិច្ចខ្នាតតូចខាងក្នុងតែប៉ុណ្ណោះ»។
ទិន្នន័យបានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា ៥៨% នៃយុវជនអាយុក្រោម២៥ឆ្នាំ បានចំណាយលុយយ៉ាងច្រើនតាមរយៈបណ្ណឥណទាន ដោយគ្មានការស្តាយស្រណោះ ក្រោមមន្តអាគមអូសទាញរបស់បណ្តាញសង្គមយក្សៗដូចជា YouTube, TikTok និង Facebook ជាដើម។ យោងតាមទិន្នន័យពីការិយាល័យឥណទានជាតិថៃ គិតត្រឹមត្រីមាសទី៤ឆ្នាំ២០២៥ បំណុលកាតឥណទានដែលមិនទាន់សងសម្រាប់ក្រុមពលរដ្ឋអាយុក្រោម២៥ឆ្នាំ បានហក់ឡើងជាង១៣% ខណៈអត្រាប្រាក់កម្ចីផ្ទាល់ខ្លួនបានហក់ឡើងដល់ជាង១១% ដែលនេះជាអត្រាកំណើនខ្ពស់បំផុត និងគួរឱ្យភ័យខ្លាចបំផុតក្នុងកំណត់ត្រា។
បើក្រឡេកទៅមើលរូបភាពធំកម្រិតម៉ាក្រូវិញ មកទល់ពេលនេះ បំណុលគ្រួសារសរុបរបស់ប្រទេសថៃ បានហក់ឡើងលើសពិដានឈានដល់ជិត៥០៥ពាន់លានដុល្លារទៅហើយ ពោលគឺស្មើនឹងជិត៨៧% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាតិទាំងមូល ដែលនេះជាសញ្ញាគ្រោះថ្នាក់ឈានដល់ចំណុចក្រហមសម្រាប់ស្ថិរភាពសេដ្ឋកិច្ចថៃ នាពេលអនាគត៕
ដោយៈ សរ សុជាតិ