ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា សហភាពអឺរ៉ុប ព្រមានចាត់វិធានការពាណិជ្ជកម្មកាន់តែតឹងរ៉ឹងលើប្រទេសចិន ដើម្បីការពារឧស្សាហកម្មអឺរ៉ុប តែត្រូវបានចិន ព្រមានសងសឹកវិញ។ មុនកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុប នៅខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមមន្ត្រីអឺរ៉ុប កំពុងពិភាក្សាអំពីគោលនយោបាយថ្មីៗរួមទាំងការទាមទារឱ្យបណ្ដាក្រុមហ៊ុនអឺរ៉ុប ធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ផងដែរ។
សហភាពអឺរ៉ុប ក៏កំពុងពិចារណាដាក់ចេញយន្តការពាណិជ្ជកម្មថ្មីៗ ដើម្បីរឹតបន្តឹង និងទប់ស្កាត់ធ្វើឱ្យយ៉ាងណាកុំឱ្យសារធាតុគីមី លោហធាតុ និងបច្ចេកវិទ្យាថាមពលស្អាតរបស់ប្រទេសចិន ចូលទៅដល់ទីផ្សារសហភាពអឺរ៉ុប ដោយងាយស្រួលពេក។ គណៈកម្មការអឺរ៉ុបបានសង្កត់ធ្ងន់ថា កង្វល់ផ្នែកសេដ្ឋកិច្ច និងកង្វល់ផ្នែកសន្តិសុខពេលនេះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ហើយតម្រូវឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងដែលមានការសម្របសម្រួលជាងមុន។
ជាការឆ្លើយតបក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី៣០ ខែឧសភា បានប្រតិបត្តិថា អឺរ៉ុប គួរតែគោរពច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក គាំទ្រពាណិជ្ជកម្មសេរី និងចៀសវាងវិធានគាំពារនិយម។ ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំង ព្រមានថា ខ្លួននឹងចាត់វិធានការសងសឹកវិញ ប្រសិនបើសហភាពអឺរ៉ុប ដាក់ចេញវិធានការដែលខ្លួនចាត់ទុកថា ជាការរឹតបន្តឹងបែបរើសអើង។
អតុល្យភាពពាណិជ្ជកម្ម និងផលិតកម្មច្រើនលើសលប់របស់ប្រទេសចិន ក៏អាចក្លាយជាប្រធានបទសំខាន់ៗនៅក្នុងកិច្ចប្រជុំកំពូល G7 នាពេលខាងមុខផងដែរ។ បណ្តាប្រទេសលោកខាងលិច បង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការត្រួតត្រារបស់ប្រទេសចិន លើវត្ថុធាតុដើមសំខាន់ៗដូចជា រ៉ែកម្រ ដែលមានសារៈសំខាន់សម្រាប់ឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យា ថាមពល និងរថយន្ត។
សហភាពអឺរ៉ុប បានដាក់ពន្ធរួចហើយលើរថយន្តអគ្គិសនីចិន ដែលទទួលបានឧបត្ថម្ភធន ប៉ុន្តែបណ្ដាក្រុមហ៊ុនផលិតរថយន្តចិន នៅតែបន្តទទួលបានចំណែកទីផ្សារនៅអឺរ៉ុប ជាពិសេសតាមរយៈរថយន្តកូនកាត់។ ទោះជាយ៉ាងណា ការអនុម័តគោលនយោបាយកាន់តែតឹងរ៉ឹងប្រឆាំងប្រទេសចិន អាចជួបការលំបាក ពីព្រោះបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប នៅតែមានការបែកបាក់ផ្ទៃក្នុង។ តួយ៉ាង ប្រទេសបារាំង គាំទ្រការការពារឧស្សាហកម្មអឺរ៉ុប ឱ្យកាន់តែរឹងមាំ ខណៈដែលប្រទេសអាល្លឺម៉ង់ មិនសូវហ៊ានប៉ះចិន ដោយសារតែខ្លួនមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន បានចាក់ឫសយ៉ាងជ្រៅ និងពឹងផ្អែកលើទីផ្សារចិន កាន់តែខ្លាំង៕
ដោយ: តែម សុខុម