សារព័ត៌មាន Theedgemalaysia បានរាយការណ៍នៅថ្ងៃទី៨ ខែកញ្ញា ថា រដ្ឋមន្ត្រីក្រសួងការងារថៃលោក ជុឡាផាន់ អាម៉នវិវ៉ាត់ (Julapun Amornvivat) បានគូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តកិច្ចព្រមព្រៀងកម្លាំងពលកម្មជាមួយស្រីលង្កាកាលពីថ្ងៃទី៧ ខែកញ្ញា ដើម្បីបង្កើតប្រព័ន្ធជ្រើសរើសពលករពីប្រទេសស្រីលង្កា។ ប្រទេសស្រីលង្កា នឹងក្លាយជាគម្រោងសាកល្បងដំបូងគេ ខណៈដែលថៃកំពុងស្វែងរកប្រភពពលកម្មថ្មីៗ ដើម្បីមកបំពេញចន្លោះប្រហោងក្នុងខែ្សច្រវាក់ផលិតកម្មរបស់ខ្លួន ដែលកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារខ្វះកម្លាំងពលកម្មបរទេស។
រដ្ឋមន្ត្រីការងាររូបនេះបានបន្ថែមថា កិច្ចសន្យាដំបូងសម្រាប់ពលករស្រីលង្កាមានរយៈពេល២ឆ្នាំ ហើយអាចបន្តបាន២ឆ្នាំទៀត ជាមួយនឹងការធានាកិច្ចការពារផ្លូវច្បាប់ក្រោមច្បាប់ការងាររបស់ថៃ។ ផែនការនេះ គឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏ចាស់គំរិលរបស់ថៃ ដែលធ្លាប់តែពឹងផ្អែកស្ទើរទាំងស្រុងលើកម្លាំងពលកម្មពីប្រទេសជិតខាងដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវក្នុងវិស័យរោងចក្រ កសិកម្ម និងសំណង់។ ទិន្នន័យពីសភាពាណិជ្ជកម្មថៃបានបង្ហាញថា ពលករចំណាកស្រុកមានទំហំរហូតដល់១ភាគ១០ នៃកម្លាំងពលកម្មសរុបរបស់ថៃ។
ទិន្នន័យពីសមាគមអាជីវកម្មថៃបានឱ្យដឹងថា មុនពេលផ្ទុះជម្លោះព្រំដែន និងការប៉ះទង្គិចគ្នាកាលពីឆ្នាំមុន ប្រទេសថៃមានពលករកម្ពុជាស្នាក់នៅធ្វើការជាង៥០ម៉ឺននាក់។ ទោះជាយ៉ាងណារលកកំហឹងជាតិនិយម និងការរើសអើងបានរុញច្រានឱ្យពលករខ្មែរជាង៦០% សម្រេចចិត្តវេចបង្វេចចាកចេញពីថៃភ្លាមៗ។ បើតាមតួលេខដែលកត់ត្រាដោយក្រសួងមហាផ្ទៃ ពលករខ្មែរដែលបានចាកចេញពីប្រទេសថៃមានរហូតដល់ជិត១លាននាក់ឯណោះ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចថៃបានព្រមានថា ការបាត់បង់ពលករកម្ពុជាជាង៦០%នេះ បានវាយប្រហារយ៉ាងខ្លាំងលើរចនាសម្ព័ន្ធសេដ្ឋកិច្ចថៃ ជាពិសេសវិស័យដែលប្រើប្រាស់កម្លាំងបាយដូចជាការដ្ឋានសំណង់ធំៗត្រូវគាំងដំណើរការ សមត្ថភាពផលិតក្នុងវិស័យឧស្សាហកម្ម និងការកែច្នៃអាហារសមុទ្រធ្លាក់ចុះ ព្រមទាំងធ្វើឱ្យតម្លៃពលកម្ម និងថ្លៃដើមផលិតកម្មកើនឡើងខ្ពស់ហួសប្រមាណ ដែលកំពុងញាំញីសេដ្ឋកិច្ចថៃយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស