ដើម្បីដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះ គណៈរដ្ឋមន្ត្រីថៃ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយ ដើម្បីផ្តល់ជាឧបករណ៍គតិយុត្តិដ៏រឹងមាំក្នុងការគាំទ្រដល់កម្លាំងប៉ូលិសថៃ សម្រាប់អនុវត្តវិធានការបង្ក្រាប និងបណ្តេញជនល្មើសទាំងនោះចេញពីប្រទេសឱ្យបានលឿនបំផុត។
កាសែត ខាវសុត របស់ថៃ បានរាយការណ៍ថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តសេចក្តីព្រាងច្បាប់មួយស្តីពី ការចាប់បណ្តេញចេញជនបរទេសទាំងឡាយណាដែលចូលមករស់នៅ ធ្វើការ ឬប្រកបអាជីវកម្មខុសច្បាប់នៅក្នុងប្រទេសថៃ រួមទាំងជនបរទេសដែលត្រូវបានតុលាការកាត់ទោសពីបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី រ៉ាតឆាដា ថាណាឌីរេក (Ratchada Thanadirek) បានថ្លែងថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ ខែកក្កដា រដ្ឋាភិបាលថៃ បានសម្រេចឯកភាពលើសេចក្តីព្រាងច្បាប់ស្តីពី ការបណ្តេញជនអន្តោប្រវេសន៍ចេញពីប្រទេស ដែលស្នើឡើងដោយការិយាល័យនាយករដ្ឋមន្ត្រី។
នៅក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះបានកំណត់ពីប្រភេទបទល្មើសចំនួន៦ប្រភេទ ដែលអាជ្ញាធរថៃ ត្រូវប្រើប្រាស់ជាមូលដ្ឋានគ្រឹះក្នុងការចាប់បណ្តេញជនបរទេសចេញពីប្រទេស ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គម។ បទល្មើសទាំងនោះ រួមមាន ជនបរទេសដែលលួចចូលមក ឬស្នាក់នៅក្នុងប្រទេសថៃ ដោយខុសច្បាប់, ធ្វើការងារដោយខុសច្បាប់ ឬល្មើសនឹងច្បាប់គ្រប់គ្រងពលករលបរទេស, ប្រកបអាជីវកម្មរំលោភលើច្បាប់គ្រប់គ្រងការធ្វើអាជីវកម្មរបស់ប្រទេសថៃ, ក្លែងបន្លំឯកសាររដ្ឋ ឬប្រើប្រាស់ឯកសាររដ្ឋក្លែងក្លាយ, ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានទោសជាប់ពន្ធនាគារចាប់ពី៣ឆ្នាំឡើងទៅ និងធ្វើសកម្មភាពជាមេខ្លោង ញុះញង់ គាំទ្រ ឬសមគំនិតក្នុងការប្រព្រឹត្តបទល្មើសណាមួយខាងលើ។
ក្រុមអ្នកតាមដានបញ្ហាសង្គម និងសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ បានលើកឡើងថា ច្បាប់ថ្មីនេះត្រូវបានបង្កើតឡើង ស្របពេលដែលប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរ និងសមត្ថកិច្ចប៉ូលិសថៃ បានបើកយុទ្ធនាការយ៉ាងក្តៅគគុកតាមបង្ក្រាប និងចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនសញ្ជាតិ ជាពិសេសជនជាតិចិន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលបានលួចចូលមកប្រទេសថៃ។
ក្រុមអ្នកតាមដានយល់ឃើញថា ដើម្បីការពារខ្លួន និងចៀសវាងពីការចោទប្រកាន់ថា ជាការរើសអើងពូជសាសន៍ ឬការបង្ក្រាបដោយក្តីស្អប់ខ្ពើមលើជាតិសាសន៍ណាមួយនោះ ទើបគណៈរដ្ឋមន្ត្រីថៃសម្រេចអនុម័តច្បាប់ស្តីពីការបណ្តេញចេញនេះឡើង ដើម្បីធានាឱ្យបាននូវការអនុវត្តច្បាប់របស់ប៉ូលិសថៃប្រកបដោយតម្លាភាព ភាពត្រឹមត្រូវតាមផ្លូវច្បាប់ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការដោះស្រាយបញ្ហាជនបរទេសគេចវេសខុសច្បាប់ ដែលកំពុងមានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសថៃ៕
អត្ថបទៈ សួន ឡង់ទី